គោលដៅ និង​ការ​តាំងចិត្ត ជួយឱ្យ លឹម ប៉លី ជាប់ជ័យលាភីលេខ១ សិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា ថ្នាក់ទី១២ ឆ្នាំ២០២៤

យុវសិស្ស លឹម ប៉លី គឺជាម្ចាស់ជ័យលាភីលេខ១ ផ្នែកគណិតវិទ្យា ក្នុងប្រឡងសិស្សពូកែទូទាំងប្រទេស ថ្នាក់ទី១២ ប្រចាំឆ្នាំ២០២៣-២០២៤។ លទ្ធផលដ៏ល្អមួយនេះ ប៉លី និយាយថា រូបគេស្រឡាញ់មុខវិជ្ជាគណិតវិទ្យាតាំងពីក្មេង ហើយមានបំណងប្រាថ្នា និង​គោលដៅជាយូរមកហើយ ដោយ​បានតាំងចិត្ត និង​បានខិតខំរៀនតាំងពីថ្នាក់ក្រោមឱ្យមានមូលដ្ឋានគ្រឹះផ្នែកគណិតវិទ្យា ដើម្បីយកចំណេះដឹងទាំងនោះសម្រាប់ចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេសនៅឆ្នាំនេះ។

យុវសិស្សថ្នាក់ទី១២ មក​ពីវិទ្យាល័យពោធ៍សាត់ រូបនេះ​បាន​ឱ្យដឹងថា កាលពីរៀនថ្នាក់ទី៧ រូបគេក៏ធ្លាប់ត្រៀមខ្លួនចូលប្រឡងសិស្សពូកែថ្នាក់ទី៩ ប៉ុន្តែដោយសារដល់ឆ្នាំនោះមានការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបខកខានមិនបានប្រឡង, ចាប់តាំងពីពេលនោះមក ប៉លី ក៏ដាក់ចិត្តខិតខំរៀនសូត្រមុខវិជ្ជាគណិតវិទ្យាបន្តទៀត ដើម្បីសន្សំចំណេះយកជ័យជំនះក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេសថ្នាក់ទី១២ ផ្នែកគណិតវិទ្យា នៅឆ្នាំ២០២៤។

យុវសិស្ស លឹម ប៉លី ជាម្ចាស់ជ័យលាភីលេខ១ ផ្នែកគណិតវិទ្យា ក្នុងប្រឡងសិស្សពូកែទូទាំងប្រទេស ថ្នាក់ទី១២ ប្រចាំឆ្នាំ២០២៣-២០២៤

សិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យារូបនេះ បន្ថែមថា កត្តាជំរុញចិត្តឱ្យរូបគេចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេសនេះ គឺទី១. កត្តាខ្លួនឯងដែលស្រឡាញ់មុខវិជ្ជាគណិតវិទ្យាតាំងពីក្មេង ទី២. ចង់តេស្តសមត្ថភាពតាមរយៈការប្រឡងសិស្សពូកែប្រចាំសាលា, ការប្រឡងសិស្សពូកែប្រចាំខេត្ត និងការប្រឡងសិស្សពូកែទូទាំងប្រទេស។

នៅមានកត្តាចម្បងជំរុញផ្សេង​ទៀត ដែលធ្វើឱ្យ ប៉លី ចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេស នោះគឺកត្តាជំរុញគាំទ្រពីមនុស្សជុំវិញខ្លួន រួមមាន ឪពុកម្ដាយដែលតែងតែជំរុញឱ្យខិតខំរៀន តាមរយៈការផ្ដល់ថវិកាផ្គត់ផ្គង់សម្ភារៈសិក្សា,  ការគាំទ្រលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូឱ្យដាក់ពាក្យចូលប្រឡង ទោះបីជាលទ្ធផលបែបណាក៏ដោយ ក៏អាចដឹងអំពីកម្រិតវិញ្ញាសា សមត្ថភាពពិតប្រាកដរបស់ខ្លួន ហើយអាចពង្រឹងសមត្ថភាពទៅមុខទៀត។ ក្នុងនោះ ក៏​មានការលើកទឹកចិត្តពីមិត្តភក្ដិផងដែរ។

សម្រាប់កម្រិតវិញ្ញាសាប្រឡងសិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យា ឆ្នាំនេះ ប៉លី យល់ថា សមល្មមនឹងសមត្ថភាពរបស់ខ្លួន គឺមិនពិបាកពេក ហើយក៏មិនងាយស្រួលពេកដែរ។ ប៉លី បន្តថា ដំបូងឡើយ​រូបគេរំពឹងតិចតួចចំពោះការប្រឡងនេះ ព្រោះយល់ថា អាចមានបេក្ខជនផ្សេងទៀតធ្វើបានល្អជាង ព្រោះក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេសមិនមែនប្រឡងដើម្បីជាប់នោះទេ គឺប្រឡងដើម្បីដណ្ដើមកៅអី។ ដោយសារឆ្នាំនេះ ការប្រឡងជ្រើសរើសយកជ័យលាភីត្រឹម ៥នាក់ ទើបបេក្ខជនដែលបានពិន្ទុខ្ពស់ជាងគេ៥នាក់ អាចជាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេសបាន។

«នៅពេលដែលគណៈកម្មការប្រកាសចំឈ្មោះខ្ញុំថាជាប់ជ័យលាភីលេខ១ សិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យា ពេលនោះខ្ញុំមានអារម្មណ៍ថារំភើបខ្លាំង សប្បាយចិត្តខ្លាំងរហូតស្រក់ទឹកភ្នែកចំពោះលទ្ធមួយនេះ…»

យុវសិស្ស លឹម ប៉លី

យ៉ាងណាក៏ដោយ យុវសិស្ស លឹម ប៉លី ក៏បានចែករំលែកវិធីសាស្រ្តរៀនគណិតវិទ្យារហូតទទួលបានលទ្ធផលល្អ។ ប៉លី និយាយថា ចំពោះការរៀនគណិតវិទ្យាដំបូងៗ រូបគេក៏ជួបបញ្ហាខ្វះខាតឯកសារស្រាវជ្រាវ មិនមានគន្លឹះ ឬវិធីសាស្រ្តដោះស្រាយលំហាត់ និងមិនមានមូលដ្ឋានគ្រឹះពីថ្នាក់ក្រោមដែលជាមូលហេតុពិបាករៀនគណិតវិទ្យា។ ដើម្បីឆ្លើយតបបញ្ហាដែលជួបប្រទះ ប៉លី បានបង្កើតវិធីសាស្រ្តរៀនគណិតវិទ្យា ដោយសិក្សាស្វែងយល់ពីមូលដ្ឋានគ្រឹះគណិតវិទ្យា និងរៀនមេរៀនពីថ្នាក់ក្រោមឱ្យបានច្បាស់លាស់។ បន្ទាប់មក រូបគេរៀនធ្វើលំហាត់ក្នុងសៀវភៅមេរៀន ក៏ដូចជាលំហាត់ក្នុងសៀវភៅដែលដាក់លក់នៅលើទីផ្សារ ឬស្រាវជ្រាវតាមអ៊ីនធឺណិត។ ទន្ទឹមគ្នានេះ ព្យាយាមរកដំណោះស្រាយលំហាត់នីមួយៗឱ្យអស់ពីលទ្ធភាពមិនថាលំហាត់នោះងាយស្រួល ឬលំបាក ។ លើសពីនេះ ដើម្បីធ្វើលំហាត់គណិតវិទ្យាបានល្អ ទាមទារឱ្យមានការអនុវត្តច្រើនជាប្រចាំ ហើយនៅពេលមានកំហុសធ្វើលំហាត់គណិតវិទ្យា ត្រូវចេះកែប្រែកំហុសនោះភ្លាមៗ។ ម៉្យាងវិញទៀត នៅពេលមានចម្ងល់ពេលធ្វើលំហាត់គណិតវិទ្យា ត្រូវសួរគ្រូ ឬមិត្តភក្ដិ ដោយកត់ត្រាចម្លើយទាំងនោះទុក ដើម្បីប្រើប្រាស់ថ្ងៃក្រោយ។

ជ័យលាភីប្រឡងសិស្សពូកែទូទាំងប្រទេស

យុវសិស្ស ប៉លី បញ្ជាក់ថា ការរៀនគណិតវិទ្យា សិស្សត្រូវផ្ដោតអារម្មណ៍លើលោកគ្រូ អ្នកគ្រូពន្យល់មេរៀន ហើយត្រូវផ្ចង់និងគិតទៅលើលំហាត់ និងរបៀបដោះស្រាយលំហាត់ឱ្យបានល្អ។ ការរៀនត្រូវចេះរៀបចំកាលវិភាគរៀនដោយខ្លួនឯង ត្រូវប្រាកដថា ម៉ោងណាដែលរៀនទៅទទួលបានលទ្ធផលច្រើន។ លើសពីនេះ ការរៀនមិនអាចខ្វះបានគឺ វិន័យ ប្រសិនបើរៀនគ្មានវិន័យ គឺមិនអាចទៅមុខបានទេ។ ទន្ទឹមគ្នានេះ ជំរុញខ្លួនឯងឱ្យចូលរួមកម្មវិធីប្រឡងដទៃទៀត បើទោះជាលទ្ធផលបែបណាក៏ទទួលយក ព្រោះយើងបានដឹងពីសមត្ថភាពពិតប្រាកដ ហើយនឹងពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងតទៅមុខទៀត។

យុវសិស្សមកពីខេត្តពោធិ៍សាត់ រូបនេះ បន្ថែមថា គន្លឹះក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេស ត្រូវរកមើលវិញ្ញាសាដែលគេធ្លាប់ប្រឡងឆ្នាំកន្លងទៅ ដើម្បីដឹងថា វិញ្ញាសាចេញប្រភេទអ្វី?  លំហាត់អ្វីខ្លះ? ធ្លាប់ឃើញឬអត់? ហើយប្រសិនមិនធ្លាប់ឃើញត្រូវស្វែងយល់បន្ថែម។ ចំណុចសំខាន់បំផុត គឺត្រូវដឹងពីព័ត៌មានទាក់ទងនឹងការប្រឡងផងដែរ។ ប៉លី បន្តថា អ្វីដែលបានរៀនកន្លងមកត្រូវយកមករំលឹកម្ដងហើយម្ដងទៀត គឺរំលឹកពីរូបមន្ត និងមេរៀន ក៏ដូចជាធ្វើលំហាត់ឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន។ ជាពិសេស ពេលរៀនក៏ត្រូវគិតអំពីសុខភាព ព្រោះសុខភាពជាកត្តាមួយសំខាន់ក្នុងការសិក្សា ប្រសិនបើយើងមិនមានសុខភាពល្អ ការសិក្សារបស់យើងក៏មិនទៅមុខដែរ។

ជាមួយគ្នានេះ លឹម ប៉លី ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលមានបំណងចង់ចូលរួមប្រឡងកម្មវិធីផ្សេងៗ ឬប្រឡងសិស្សពូកែទូទាំងប្រទេសថ្នាក់ទី៩ ឬទី១២ ផ្នែកគណិតវិទ្យា ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យខ្លាំងទាំងនៅសាលា និងនៅផ្ទះ។ ក្នុងនោះ ពេលរៀននៅសាលាត្រូវយកចិត្តទុកដាក់ស្ដាប់គ្រូពន្យល់ក្នុងម៉ោងសិក្សា ហើយពេលនៅផ្ទះត្រូវរំលឹកមេរៀន ស្រាវជ្រាវឯកសារបរទេស និងធ្វើលំហាត់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ទន្ទឹមគ្នានេះ  មិត្តភក្ដិ ក៏ជាកត្តាសំខាន់ គឺត្រូវជ្រើសរើសរាប់អានមិត្តភក្ដិដែលស្រឡាញ់ការរៀនសូត្រ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)