ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោកបណ្ឌិត ហ៊ាន សុខុម បានលើកឡើងថា ការធ្វើឌីជីថលូបនីយកម្មភាសាខ្មែរ ដើម្បីឱ្យអាចប្រើប្រាស់បានពេញលេញក្នុងយុគសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវការធាតុសំខាន់ចំនួន ១០ចំណុច ចាប់ពីប្រព័ន្ធសំណេរស្តង់ដា រហូតដល់ការគាំទ្រពីសហគមន៍ និងស្ថាប័នពាក់ព័ន្ធ។
ការលើកឡើងនេះ ធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាស្តីពី «ការសិក្សាភាសាខ្មែរនៅសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)៖ ផ្ដើមពីសូរវិទ្យាទៅដល់ប្រព័ន្ធសម្គាល់សម្តី» ដែលរៀបចំដោយក្រុមប្រឹក្សាជាតិភាសាខ្មែររាជបណ្ឌិតសភាកម្ពុជា។
លោកបណ្ឌិត ហ៊ាន សុខុម បានបញ្ជាក់ថា ការអភិរក្ស និងអភិវឌ្ឍភាសាជាតិ គឺជាកត្តាសំខាន់សម្រាប់ការថែរក្សាអត្តសញ្ញាណជាតិ ខណៈការធ្វើឌីជីថលូបនីយកម្មភាសា និងប្រព្រឹត្តកម្មភាសាធម្មជាតិ មានតួនាទីសំខាន់ក្នុងការជំរុញឱ្យភាសាខ្មែរអាចប្រើប្រាស់បានយ៉ាងទូលំទូលាយលើប្រព័ន្ធឌីជីថល។
លោកបណ្ឌិតបានពន្យល់ថា ភាសាមួយអាចចាត់ទុកថាបានធ្វើឌីជីថលូបនីយកម្មពេញលេញ នៅពេលដែលអ្នកប្រើប្រាស់អាចអាន សរសេរ ស្វែងរកព័ត៌មាន ប្រាស្រ័យទាក់ទង រៀនសូត្រ បកប្រែ និងអន្តរកម្មជាមួយបច្ចេកវិទ្យាជាភាសានោះបាននៅលើថ្នាលឌីជីថលផ្សេងៗ។

បើតាមលោកបណ្ឌិត ធាតុសំខាន់ទាំង ១០ សម្រាប់ការធ្វើឌីជីថលូបនីយកម្មភាសាខ្មែរ រួមមាន៖ ប្រព័ន្ធសំណេរស្តង់ដា, ការធ្វើអ៊ីនកូដតាមស្តង់ដា, ក្ដារចុច និងវិធីបញ្ចូលអក្សរ, ពុម្ពអក្សរឌីជីថល, វចនានុក្រមអេឡិចត្រូនិក, កម្រងទិន្នន័យភាសា (Corpus), ឧបករណ៍កែច្នៃភាសាធម្មជាតិ, បច្ចេកវិទ្យាសំឡេង និងសម្គាល់អក្សរ, ការបកប្រែ និងការសម្របសម្រួលកម្មវិធីឱ្យស្របនឹងភាសា ព្រមទាំងការគាំទ្រពីសហគមន៍ និងស្ថាប័នពាក់ព័ន្ធ។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍបច្ចេកវិទ្យាភាសាខ្មែរ ត្រូវផ្អែកលើការយល់ដឹងស៊ីជម្រៅអំពីភាសាខ្មែរ ចាប់ពីប្រព័ន្ធសូរ តួអក្សរ វេយ្យាករណ៍ រចនាសម្ព័ន្ធពាក្យ រចនាសម្ព័ន្ធល្បះ របៀបប្រើប្រាស់ភាសា និងប្រវត្តិភាសា។
លោកបណ្ឌិតបន្ថែមថា ដើម្បីបំពេញតម្រូវការទាំងនេះ យើងត្រូវស្គាល់ភាសារបស់យើងឱ្យបានច្បាស់លាស់ រាប់ចាប់តាំងពីការស្គាល់ប្រព័ន្ធសូរ តួអក្សរ វេយ្យាករណ៍ រចនាសម្ព័ន្ធពាក្យ រចនាសម្ព័ន្ធល្បះ របៀបប្រើភាសាដើម្បីប្រាស្រ័យទាក់ទង និងប្រវត្តិភាសា។
លោកបណ្ឌិតថា « សិក្ខាសាលានេះជាវេទិកាសម្រាប់អ្នកជំនាញផ្នែកភាសាវិទ្យាចែករំលែកលទ្ធផលស្រាវជ្រាវ និងពិភាក្សាអំពីបញ្ហាប្រឈម ព្រមទាំងដំណោះស្រាយសម្រាប់ការធ្វើឌីជីថលូបនីយកម្មភាសាខ្មែរនាពេលបច្ចុប្បន្ន និងអនាគត។ ទន្ទឹមនឹងនេះ វាក៏រួមចំណែកលើកកម្ពស់អក្ខរកម្មឌីជីថលក្នុងសង្គមកម្ពុជា ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតផងដែរ»។
លោកបណ្ឌិត បានសម្តែងក្តីសង្ឃឹមថា សិក្ខាសាលានេះនឹងជួយផ្សព្វផ្សាយចំណេះដឹងអំពីភាសាខ្មែរ ដល់សិស្ស និស្សិត និងសាធារណជន ព្រមទាំងជំរុញការពិភាក្សារួមគ្នាដើម្បីស្វែងរកដំណោះស្រាយសម្រាប់ការអភិវឌ្ឍភាសាខ្មែរឱ្យកាន់តែរឹងមាំក្នុងយុគសម័យឌីជីថល៕










































































