មណ្ឌលសុខភាពចំនួន៨ក្នុងខេត្តសៀមរាប ត្រូវចាត់ទុកជាមណ្ឌលសុខភាពគំរូ​ក្នុងការ​អនុវត្តវិធីសាស្រ្តបង្កើនអត្រាបំបៅកូនដោយទឹកដោះម្តាយ

មណ្ឌលសុខភាពគំរូចំនួន៨ ក្នុងខេត្តសៀមរាប ត្រូវ​វាយតម្លៃថា បានអនុវត្តវិធីសាស្រ្តបង្កើនអត្រាបំបៅកូនដោយទឹកដោះម្តាយ តាមរយៈការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយក្នុងចំណោមស្ត្រីដែលមកសម្រាលកូននៅក្នុងមណ្ឌលសុខភាព។

មណ្ឌលសុខភាពទាំង​៨នោះ រួមមាន មណ្ឌលសុខាភាព វ៉ារិន, មណ្ឌលសុខភាព ល្វាក្រាំង, មណ្ឌលសុខភាពស្វាយស, មណ្ឌលសុខភាពដំណាក់ស្លាញ់, មណ្ឌលសុខភាយាង, មណ្ឌលសុខភាពសសរស្តម្ភ, មណ្ឌលសុខភាពព្រៃជ្រូក និងមណ្ឌលសុខភាពចាឈូក។

ការអនុវត្តវិធីសាស្រ្តដើម្បីបង្កើនអត្រាបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជានេះ រៀបចំឡើងដោយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា និងកម្មវិធី Alive & Thrive ផ្តោតសំខាន់លើផលជះចាប់ផ្តើមដំបូង នៃការបំបៅកូនដោយទឹកដោះម្តាយក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីការសម្រាល និងការពង្រឹងការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយបន្ថែមទៀត ដើម្បីបង្កើនសុខុមាលភាពរបស់ទារកទើបនឹងកើត និងស្រ្តីក្រោយសម្រាល។

ការទទួលសេវាប្រឹក្សាការបំបៅកូនដោយទឹកដោះម្តាយ និងអាហារូបត្ថម្ភ អំឡុងពេលពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពសសរស្តម្ភ ខេត្តសៀមរាប។

ការសិក្សានេះត្រូវបានអនុវត្តដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិសុខភាពមាតា និងទារក និងមន្ទីរសុខាភិបាលខេត្តសៀមរាប។ ក្រោយការអនុវត្តគម្រោងនេះអស់រយៈពេលជាងមួយឆ្នាំ សមត្ថភាពឆ្មបនៅក្នុងមណ្ឌលសុខភាពទាំងនេះមានភាពប្រសើរឡើងជាងមុន តាមរយៈការបណ្តុះបណ្តាល និងការត្រួតពិនិត្យដែលផ្តោតលើការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ការតាមដាន ការចុះជួបណែនាំដោយមន្ទីរសុខាភិបាលខេត្ត និងមជ្ឈមណ្ឌលជាតិសុខភាពមាតា និងទារក។ បទពិសោធន៍នៃការបំបៅកូនដោយទឹកដោះម្តាយក្នុងចំណោមម្តាយដែលសម្រាលនៅមណ្ឌលសុខភាពទាំងនេះមុន និងក្រោយអន្តរាគមន៍ត្រូវបានកត់ត្រាទុក ហើយតាមរយៈការសិក្សា បានរកឃើញថា ម្តាយមានបទពិសោធន៍បំបៅកូនដោយទឹកដោះម្តាយជាវិជ្ជមាន ទទួលបានការគាំទ្រកាន់តែប្រសើរពីបុគ្គលិកមណ្ឌលសុខភាពសម្រាប់ការបំបៅកូនដោយទឹកដោះម្តាយ និងដឹងច្បាស់អំពីការបំបៅកូនដោយទឹកដោះម្តាយ។

ភាគរយនៃម្តាយដែលបានរាយការណ៍ថា បានទទួលព័ត៌មានពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយបានកើនឡើងពី ៨៣,៧ % មុនពេលអន្តរាគមន៍ រហូតដល់ ១០០%នៅចុងបញ្ចប់នៃអន្តរាគមន៍ ដូចគ្នាដែរ ភាគរយនៃម្តាយដែលសម្រាលកូនដោយទទួលបានការប្រឹក្សាពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយក៏បានកើនឡើងពី ៧៧,៦% មុនការសិក្សា ដល់ ១០០% នៅចុងបញ្ចប់នៃការសិក្សានេះ។ ការចាប់ផ្ដើមនៃការបំបៅកូនដោយទឹកដោះម្តាយក្នុងរយៈពេលមួយម៉ោងនៃកំណើតបានកើនឡើងពី ៨១,៧% មុនពេលសិក្សាដល់ ៩៨% នៅតំណាក់កាលបញ្ចប់។ ១០០% នៃទារកទើបនឹងកើត ត្រូវបានផ្តល់តែទឹកដោះម្តាយសុទ្ធក្នុងអំឡុងពេលស្នាក់នៅក្នុងមណ្ឌលសុខភាពនៅចុងបញ្ចប់នៃការសិក្សា។ ការចាប់ផ្តើមដំបូងនៃការបំបៅកូនដោយទឹកដោះម្តាយ ក្នុងរយៈពេលមួយម៉ោងក្រោយកំណើតអាចការពារទារកទើបនឹងកើតពីការឆ្លង និងកាត់បន្ថយមរណៈភាពក្នុងចំណោមទារកទើបនឹងកើត មិនត្រឹមតែប៉ុណ្ណោះ ការបំបៅដោះកូន ក៏ជួយបង្កើតទំនាក់ទំនងផ្លូវចិត្តរវាងម្តាយ និងទារកផងដែរ។

ការទទួលសេវាប្រឹក្សាការបំបៅកូនដោយទឹកដោះម្តាយ និងអាហារូបត្ថម្ភ អំឡុងពេលពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពសសរស្តម្ភ ខេត្តសៀមរាប។

លោកស្រី ជិន សេដ្ឋា ប្រធានជាន់ខ្ពស់កម្មវិធី Alive & Thrive មានប្រសាសន៍ថា មានសារៈសំខាន់ណាស់ក្នុងការបំបៅទារកទើបនឹងកើតដោយទឹកដោះម្តាយដោយផ្អែកតាមតម្រូវការ ដូច្នេះទារកត្រូវបានបំបៅតាមតម្រូវការ ហើយវាអាចជួយទារកទើបនឹងកើតឡើងទម្ងន់បានសមស្រប។ លោកស្រី បន្តថា​ នៅពេលចាប់ផ្តើមនៃការសិក្សា មានតែម្តាយចំនួន ៦៨,៨ % ប៉ុណ្ណោះដែលបានលើកឡើងពីការទទួលបានព័ត៌មានស្តីពីសញ្ញានៃការបំបៅ ខណៈដែលនៅដំណាក់កាលបញ្ចប់ ១00% នៃម្តាយបានលើកឡើងថា ទទួលបានព័ត៌មានស្តីពីការណែនាំការបំបៅដោះទារកទើបនឹងកើតទាន់ពេលវេលា។

ប្រធានជាន់ខ្ពស់កម្មវិធី Alive & Thrive បន្ថែមថា នៅពេលម្តាយ និងទារកទើបនឹងកើត ចាកចេញពីមណ្ឌលសុខភាព ចាំបាច់ត្រូវជូនដំណឹងឱ្យត្រឡប់មកមណ្ឌលសុខភាពវិញ នៅពេលមានបញ្ហាប្រឈមនានាក្នុងការបំបៅកូនដោយទឹកដោះ។ នៅពេលចាប់ផ្តើមនៃការសិក្សាមានតែ ៤៥,៨ % នៃម្តាយដែលបានលើកឡើងអំពីការតាមដានក្រោយចេញពីមណ្ឌលសុខភាព ប៉ុន្តែនៅចុងបញ្ចប់នៃការសិក្សា ១០០% នៃម្តាយបានរៀបរាប់ថា ពួកគេត្រូវបានណែនាំឱ្យតាមដានឱ្យបន្តការបំបៅកូនដោយទឹកដោះ បន្ទាប់ពីចេញមណ្ឌលសុខភាព។

ស្រី្តជា​ម្តាយម្នាក់​ក្រោយ​សម្រាល​កូន​នៅមណ្ឌលសុខភាពសសរស្តម្ភ បានលើកឡើងថា​ ៖ “ខ្ញុំគិតថា វាមានសារៈសំខាន់ណាស់ដែលមានការណែនាំដោយផ្ទាល់បែបនេះ ដូចជា ការឱប ទីតាំង ការផ្សារភ្ជាប់ ដែលទាមទារសម្រាប់ការបំបៅកូនដោយទឹកដោះដ៏ត្រឹមត្រូវ។ ខ្ញុំចាប់អារម្មណ៍ចែករំលែកបទពិសោធន៍វិជ្ជមានរបស់ខ្ញុំជាមួយម្តាយផ្សេងទៀត និងជួយពួកគេក្នុងការបំបៅកូនដោយទឹកដោះ។ ខ្ញុំ​សប្បាយ​ចិត្ត​ពេល​ឃើញភាពដ៏​គួរឱ្យស្រលាញ់របស់កូនខ្ញុំ ពេល​បំបៅ​ដោះ​កូន ហើយ​ជួយ​ខ្ញុំ​ឱ្យ​មាន​ចំណង​ដ៏​ល្អ​ជាមួយ​កូនរបស់ខ្ញុំ»។

លោក មាស ដារ៉ា ប្រធានមណ្ឌលសុខភាពចារឈូក បានលើកឡើងថា ឆ្មបដែលធ្វើការនៅមណ្ឌលសុខភាពនេះធ្លាប់ផ្តល់ម្សៅទឹកដោះគោជំនួសទឹកដោះម្តាយពីមុនមក។ ដោយសារមណ្ឌលសុខភាពនេះ ត្រូវបានដាក់បញ្ចូលនៅក្នុងការសិក្សា ពួកគេក៏បានផ្លាស់ប្តូរការអនុវត្តរបស់ពួកគេផងដែរ។ លោក មាស ដារ៉ា បន្តថា នៅពេលដែលបុគ្គលិកផ្លាស់ប្តូរឥរិយាបថ និងអាកប្បកិរិយារបស់ពួកគេវាមានប្រយោជន៍ក្នុងការផ្លាស់ប្តូរអាកប្បកិរិយារបស់ម្តាយក្រោយសម្រាល។ បុគ្គលិកមណ្ឌលសុខភាពអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ និងច្របាច់ទឹកដោះ នៅពេលធ្វើការនៅមណ្ឌលសុខភាព។

រូបភាព៖ ឪពុកកំពុងលើកទារកទើបនឹងកើត រង់ចាំងូតទឹក។

ប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការបំបៅកូនដោយទឹកដោះម្តាយក្នុងទសវត្សរ៍ទី៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០។ ប៉ុន្តែក្នុងទសវត្សរ៍ចុងក្រោយនេះ អត្រានៃការបំបៅដោះកូនដោយទឹកដោះ​ម្តាយបាន​ធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ភាគរយ​នៃ​កុមារ​ដែល​បាន​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​សុទ្ធ​សម្រាប់​រយៈពេល​ប្រាំមួយ​ខែ​ដំបូងនៃ​ជីវិត​របស់​ពួកគេ​បាន​ធ្លាក់ចុះ​ពី ៧៤% ក្នុង​ឆ្នាំ ២០១០ មក​ត្រឹម៥១% ក្នុង​ឆ្នាំ២០២១។ លើសពីនេះអត្រានៃការចាប់ផ្តើមដំបូងនៃការបំបៅកូនដោយទឹកដោះម្តាយនៅមានកម្រិតទាបនៅឡើយ ដោយមានទារកទើបនឹងកើតត្រឹមតែ៥៤%ប៉ុណ្ណោះដែលទទួលបានទឹកដោះម្តាយក្នុងរយៈពេលមួយម៉ោងដំបូងនៃកំណើត ទោះបីជាភាគរយនៃស្ត្រីសម្រាលទារកដោយឆ្មបជំនាញ មានដល់ទៅ ៩៨,៧% នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ ២០២១-២០២២ ។

លោកស្រី Grana Pu Selvi ប្រធានបច្ចេកទេសកម្មវិធីអាហារូបត្ថម្ភ នៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ជាមួយនឹងការថយចុះអត្រានៃការបំបៅកូនដោយទឹកដោះម្តាយក្នុងប្រទេស វាមានសារៈសំខាន់ណាស់ក្នុងការរំលឹកឡើងវិញនូវសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយនៅតាមគ្រឹះស្ថានសុខាភិបាល ដល់ស្ត្រីមានផ្ទៃពោះ ម្តាយក្រោយសម្រាលកូន និងសមាជិកគ្រួសាររបស់ពួកគេ ដើម្បីឱ្យម្តាយជ្រើសរើសអាហារូបត្ថម្ភដែលល្អបំផុតសម្រាប់កូនៗរបស់ពួកគេ។  លោកស្រី Grana Pu Selvi  បន្តថា ការរកឃើញពីការសិក្សាសាកល្បងនេះ បង្ហាញពីភស្តុតាងច្បាស់លាស់ថា វិធីសាស្រ្តមណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ បានចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវអត្រាបំបៅកូនដោយទឹកដោះម្តាយ។ ការពង្រីកវិសាលភាពនៃការអនុវត្តវិធីសាស្រ្តនេះអាចមានផលជះវិជ្ជមានយ៉ាងធំធេងដល់អាហារូបត្ថម្ភរបស់កុមារនៅក្នុងប្រទេសកម្ពុជា។

គួរជម្រាបថា មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ (BFHC)នេះ អនុវត្តតាមជំហានទាំង១០ នៃគំនិតផ្តួចផ្តើមមន្ទីរពេទ្យស្រឡាញ់ទារកជាសកល (BFHI) ដែលដឹកនាំដោយអង្គការ UNICEF និង អង្គការសុខភាពពិភពលោក ដើម្បីលើកកម្ពស់ និងគាំទ្រការអនុវត្តការបំបៅកូនដោយទឹកដោះ។ ជំហានទាំងនេះរួមមាន ការអប់រំបុគ្គលិក, លើកទឹកចិត្តឱ្យមានការប៉ះពាល់ស្បែកទៅស្បែកក្រោយពេលកើតការផ្តល់ការណែនាំអំពីការបំបៅកូនដោយទឹកដោះម្តាយដល់ម្តាយ និងក្រុមគ្រួសារ និងធានាថា ម្តាយមានលទ្ធភាពស្នាក់នៅជាមួយទារកដោយមិនមានការរំខាន នៅក្នុងបន្ទប់សម្រាក និងការបំបៅតាមតម្រូវការ។ លើសពីនេះ មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ មិនលើកទឹកចិត្តឱ្យមានការប្រើប្រាស់ម្សៅទឹកដោះគោ ឬវត្ថុរាវផ្សេងទៀត លុះត្រាតែមានភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ និងមិនលើកទឹកចិត្តឱ្យមានការប្រើប្រាស់ដបទឹកដោះ និងក្បាលដោះជញ្ជក់។ ជំហានចុងក្រោយ នៃមណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ គឺធានាថាម្តាយទទួលបានបន្តការគាំទ្រសម្រាប់ការបំបៅកូនដោយទឹកដោះម្តាយបន្ទាប់ពីចាកចេញពីមន្ទីរសម្រាល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...