រដ្ឋមន្រ្តីអប់រំ ចែករំលែកគន្លឹះពីរបៀបរៀនត្រៀមដើម្បីប្រឡងបាក់ឌុបជាប់ និងទទួលបាននិទ្ទេសល្អ

ក្នុងពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុន សែនពាមជីកង ស្ថិត​ក្នុង​ស្រុកកងមាស ខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចែករំលែកគន្លឹះរៀនត្រៀមសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីប្រឡងបាក់ឌុបជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា នៅសល់រយៈពេល ២ខែទៀតប៉ុណ្ណោះ សិស្សានុសិស្សថ្នាក់ទី១២ នឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលបានខិតខំរៀនអស់១២ឆ្នាំ ហើយបើបូកបញ្ចូលទាំងថ្នាក់មត្តេយ្យទៀត អាច១៣ ទៅ១៤ឆ្នាំ ដែលវាក៏ជាការវិនិយោគដ៏ច្រើនរបស់ឪពុកម្ដាយផងដែរ។ ដូច្នេះ សិស្សានុសិស្សថ្នាក់ទី១២ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងពង្រឹងសមត្ថភាពឱ្យខ្លាំង ដើម្បីជោគជ័យក្នុងការប្រឡងបាក់ឌុបថ្ងៃខាងមុខ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្ថែមថា ដើម្បីប្រឡងបាក់ឌុបជាប់ទទួលបាននិទ្ទេសល្អ សិស្សានុសិស្សត្រូវ ទី១. ចូលរួមរៀនថ្នាក់បំប៉នបន្ថែម ទី២. ត្រូវចេះសង្ខេបមេរៀន និងរំលឹកមេរៀន ទី៣. ធ្វើលំហាត់ឱ្យច្រើន និងទី៤. ថែរក្សាសុខភាពឱ្យល្អ។

បើតាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក្នុងដំណាក់កាលនេះ សិស្សមិនមានពេលវេលាច្រើនសម្រាប់មើលមេរៀនទាំងអស់គ្រប់មុខវិជ្ជានោះទេ ដូច្នេះ សិស្សានុសិស្សត្រូវត្រៀមសៀវភៅមួយសម្រាប់សង្ខេបមេរៀនទៅតាមមុខវិជ្ជា និងមេរៀនសំខាន់ៗដែលអាចទទួលបានពិន្ទុច្រើន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា សម្រាប់មុខវិជ្ជាអក្សរសាស្រ្តខ្មែរ ត្រូវផ្ដោតលើតែងសេចក្ដី។ ដូច្នេះ សិស្សានុសិស្សត្រូវមើលអំពីរបៀបតែងសេចក្ដី ដោយស្វែងរកវិញ្ញាសាណាមួយយកមករៀនសរសេរខ្លួនឯង។ បើប្រធានបទប្រឡងចេញមក ត្រូវសរសេររបៀបណា? ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ដើម្បីតែងសេចក្ដីបានល្អ សិស្សានុសិស្សត្រូវចេះពន្យល់ពាក្យគន្លឹះសំខាន់ៗ, ពន្យល់ប្រធានវិញ្ញាសា, ចេះប្រើឃ្លាភ្ជាប់សេចក្ដី, វែកញែកប្រធាន ដោយលើកឧទាហរណ៍មកបញ្ជាក់ (ធម្មតាត្រូវមានមតិស្រប មតិផ្ទុយ) និងសំយោគមតិ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា សិស្សានុសិស្សត្រូវអានប្រធានឱ្យយល់ ហើយត្រូវចាំថា ក្នុងប្រធានតែងសេចក្ដីមួយ អាចមានការពន្យល់ពាក្យយ៉ាងតិច មួយឬពីរ ហើយត្រូវចេះសរសេរឃ្លាភ្ជាប់ បន្ទាប់មកបកស្រាយពន្យល់មតិស្រប ហើយលើកឧទាហរណ៍អក្សរសិល្ប៍មកបញ្ជាក់ រួចទើបចូលមតិផ្ទុយ បកស្រាយពន្យល់មតិផ្ទុយ ហើយលើកឧទាហរណ៍អក្សរសិល្ប៍មកបញ្ជាក់តាមដែលយើងអាចរកនឹកឃើញ។ បន្ទាប់មក ត្រូវចេះធ្វើសំយោគ និងចុងក្រោយគឺសេចក្ដីសន្និដ្ឋាន។ បើសិស្សានុសិស្ស អាចធ្វើបែបនេះបាន នឹងទទួលបានពិន្ទុ ហើយសិស្សានុសិស្សក៏មិនមានពេលច្រើនទៀតទេ គឺត្រូវចេះសរសេរទៅតាមក្បួនសរសេរតែងសេចក្ដី។

សិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុន សែនពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងទៀតថា សម្រាប់មុខវិជ្ជាគណិតវិទ្យាវិញ សិស្សានុសិស្សត្រូវមើលប្រធានវិញ្ញាសាដែលធ្លាប់ចេញប្រឡងឆ្នាំមុនៗ និងរៀនធ្វើឱ្យចេះស្ទាត់ គឺអាចរាប់បានថាសង្ឃឹមប្រឡងជាប់បាន៤០% ។ មុខវិជ្ជាគណិតវិទ្យា មានមេរៀនច្រើន អាចចេញមេរៀននេះ ឬចេញមេរៀននោះ ប៉ុន្តែអ្នកចេញវិញ្ញាសាតែងតែរក្សាទុកមេរៀនសំខាន់ៗ ដូច្នេះ សិស្សានុសិស្សត្រូវមើលមេរៀនណាសំខាន់ៗ ព្រោះអាចចេញប្រឡងរាល់ឆ្នាំ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា បើធ្វើលំហាត់កាន់តែច្រើន កាន់តែចាំរូបមន្ត ប្រសិនមិនធ្វើលំហាត់ច្រើនទេ មិនអាចចាំរូបមន្តទេ។ កាលណាចាំរូបមន្តហើយកុំឱ្យភ្លេច ត្រូវសរសេរឱ្យបានច្រើន ព្រោះការសរសេរជួយឱ្យចងចាំជាងការទន្ទេញចាំមាត់ ហើយក៏ត្រូវមើលមេរៀនសំខាន់ៗផ្សេងទៀតផងដែរ។

បើតាម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សម្រាប់មុខវិជ្ជាវិទ្យាសាស្រ្តផ្សេងទៀត ដូចជា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ត្រូវសង្ខេបមេរៀន បើទន្ទេញមេរៀន ត្រូវយល់ព្រោះនៅពេលយល់ច្បាស់នាំឱ្យចងចាំបានយូរ។ ម៉្យាងវិញទៀត មុខវិជ្ជាទាំងនេះ សុទ្ធតែមានលំហាត់ ដែលសិស្សានុសិស្សត្រូវអនុវត្តឱ្យបានច្រើន។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ពីមួយឆ្នាំទៅមួយឆ្នាំក្រសួងតែងចេញវិញ្ញាសាខុសគ្នាៗ ដូច្នេះត្រូវរំលឹក និងត្រៀមលក្ខណៈឱ្យបានល្អ និងចេះគ្រប់គ្រងពេលវេលាក្នុងការប្រឡងផងដែរ។

សម្រាប់ការប្រឡងបាក់ឌុបខាងមុខនេះ រដ្ឋមន្រ្តីក្រសួងអប់រំ លើកទឹកចិត្តសិស្សានុសិស្សមុនប្រឡងត្រូវគេងឱ្យលក់ និងគេងបានគ្រប់គ្រាន់, រៀនសមាធិ, ទទួលទានអាហារឱ្យបានគ្រប់គ្រាន់, ហូបទឹកឱ្យបានគ្រប់គ្រាន់, គ្រប់គ្រងអារម្មណ៍កុំឱ្យភ័យ, ផ្ចង់លើការរៀនសូត្រ ចេះសង្ខេបមេរៀន និងចេះស្មានថា អាចប្រឡងចេញមេរៀនអ្វី? ហើយបើចេញមេរៀននោះ ត្រូវសរសេររបៀបម៉េច? ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា កុំរៀនខ្លាំងពេក ព្រោះមានទ្រឹស្ដីមួយលើកឡើងថា «បើយើងរៀនផ្ញុកច្រើនពេក នឹងចាំមិនអស់ទេ គឺនាំឱ្យភ្លេចច្រើន»។ យើងចាំតែក្នុងកម្រិតណាមួយទេ ដូច្នេះ ក្នុងមួយពេលត្រូវរៀនក្នុងកម្រិតមួយដែលអាចចាំបាន ចេះសម្រាកខ្លះ បន្ទាប់មកទើបរៀនថែមទៀត។ ប្រសិនបើសិស្សានុសិស្សព្យាយាម និងអនុវត្តវិធីទាំងនេះក្នុងរយៈពេល២ខែនេះ នឹងរំលឹកមេរៀនបានគ្រប់មុខវិជ្ជាទាំងអស់។ ទន្ទឹមគ្នានេះ ត្រូវមានការបង្រៀនគាំទ្រ និងសួរនាំលោកគ្រូ អ្នកគ្រូបន្ថែម។

ពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុន សែនពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានជូនពរឱ្យសិស្សានុសិស្សថ្នាក់ទី១២ ទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ប៉ុន្តែត្រូវតែខំប្រឹងប្រែងដោយខ្លួនឯងបន្ថែម។ បើទោះជាមិនជាប់ ក៏កុំសោកស្ដាយ ព្រោះយើងបានខំប្រឹងរៀនអស់១២ឆ្នាំមកហើយ ដូច្នេះត្រូវខំប្រឹងប្រែងបន្តទៀត។ សម្រាប់ សិស្សនិទ្ទេស A នឹងទទួលបានរង្វាន់ ប៉ុន្តែនិទ្ទេស B និងនិទ្ទេស C ទោះបីជាមិនបានរង្វាន់ធំ ក៏អាចចាប់យកជំនាញរៀនដែលល្អតាមរយៈការផ្ដល់អាហារូបករណ៍។ ដូច្នេះ សូមសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ និងមានសង្ឃឹមថាប្រឡងជាប់ទាំងអស់គ្នា ព្រោះយើងបានវិនិយោគទាំងពេលវេលា និងថវិកាច្រើន។

គួរជម្រាបជូនថា ឆ្នាំនេះ វិទ្យាល័យហ៊ុន សែនពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម មានសិស្សចំនួន ១៨១នាក់ត្រូវចូលរួមប្រឡងបាក់ឌុប ដោយចែកចេញជាបីផ្នែក រួមមាន ថ្នាក់វិទ្យាសាស្រ្ត, ថ្នាក់វិទ្យាសាស្រ្តសង្គម និងផ្នែកអប់រំបច្ចេកទេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...