បេក្ខជនប្រឡងបំពេញវិជ្ជាមួយចំនួនដែលត្រឡប់មកប្រឡងបាក់ឌុបឡើងវិញ បានលើកឡើងថា សញ្ញាបត្រថ្នាក់ទី១២ មានសារៈសំខាន់សម្រាប់បើកផ្លូវទៅរកការសិក្សាបន្ត និងបង្កើនឱកាសការងារ ទើបពួកគេសម្រេចចិត្តចាប់យកឱកាសប្រឡងឡើងវិញ។
បេក្ខនារី ព្រីង ពេជ្ររ៉ានី ដែលប្រឡងបំពេញវិជ្ជានៅវិទ្យាល័យឥន្ទ្រទេវី បានឱ្យដឹងថា នាងត្រឡប់មកប្រឡងម្តងទៀត ព្រោះចង់ទទួលបានសញ្ញាបត្រថ្នាក់ទី១២ ដើម្បីបន្តការសិក្សា និងបង្កើនឱកាសក្នុងការស្វែងរកការងារ។
បេក្ខនារីរូបនេះរំពឹងថា ការប្រឡងលើកទី២ នឹងអាចទទួលបានលទ្ធផលប្រហែល ៨០% ដោយសារវិញ្ញាសាមួយចំនួនអាចធ្វើបាន ប៉ុន្តែវិញ្ញាសាខ្លះទៀតនៅមានចំណុចដែលនាងមិនទាន់ប្រាកដ។
ពេជ្ររ៉ានី ក៏បានលើកឡើងថា ដំណើរការប្រឡងមានវិន័យតឹងរឹង ដោយបេក្ខជនត្រូវគោរពតាមបទបញ្ជា និងការណែនាំរបស់គណៈមេប្រយោគ។ នាងយល់ថា ការរក្សាវិន័យបែបនេះជារឿងល្អ ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុត្តិធម៌។
បេក្ខនារីរូបនេះនិយាយថា «សញ្ញាបត្រថ្នាក់ទី១២ មានសារៈសំខាន់ណាស់ ព្រោះវាជាសញ្ញាបត្រដែលអាចជួយឱ្យយើងបន្តការសិក្សានៅសាកលវិទ្យាល័យបាន។ ម្យ៉ាងទៀត នៅពេលស្វែងរកការងារ បើមានសញ្ញាបត្រនេះ ក៏អាចបង្កើនឱកាសក្នុងការដាក់ពាក្យ និងទទួលបានការងារផងដែរ»។
បេក្ខនារីរូបនេះក៏បានផ្ញើសារដល់បេក្ខជន និងយុវជនថា ទោះបីធ្លាប់បរាជ័យម្តងក៏ដោយ មិនគួរបោះបង់ការសិក្សា ឬការខិតខំប្រឹងប្រែងឡើយ។ ផ្ទុយទៅវិញ គួរយកបទពិសោធន៍ពីការបរាជ័យមកកែលម្អខ្លួន និងព្យាយាមម្តងទៀត រហូតទទួលបានជោគជ័យ។

ចំណែក ព្រះសង្ឃ ហឿន សុភ័ក្តី ដែលចូលរួមប្រឡងបំពេញវិជ្ជានៅវិទ្យាល័យឥន្ទ្រទេវី មានសង្ឃដីកាថា កត្តាដែលជំរុញឱ្យព្រះអង្គមកប្រឡង គឺចង់មានទាំងចំណេះដឹងខាងពុទ្ធចក្រ និងចំណេះដឹងអាណាចក្រ ដោយមិនបោះបង់ផ្លូវណាមួយចោលឡើយ។
ព្រះអង្គមានសង្ឃដីកាបន្ថែមថា នៅថ្ងៃអនាគត សញ្ញាបត្រនេះអាចជួយឱ្យព្រះអង្គបន្តការសិក្សាលើមុខជំនាញដែលព្រះអង្គស្រលាញ់ ដូចជា ផ្នែកអក្សរសាស្ត្រខ្មែរ ឬមុខជំនាញផ្សេងទៀតដែលព្រះអង្គមានចំណាប់អារម្មណ៍។
ដោយឡែក ព្រះសង្ឃ ពាច ឃុប ដែលចូលរួមប្រឡងបំពេញវិជ្ជានៅវិទ្យាល័យ ជា ស៊ីម សាមគ្គី មានសង្ឃដីកាថា សញ្ញាបត្រថ្នាក់ទី១២ ប្រៀបដូចជា «ស្ពាន» មួយដែលអាចជួយឱ្យព្រះអង្គបន្តការសិក្សានៅសាកលវិទ្យាល័យបាន។
ព្រះអង្គមានសង្ឃដីកាថា ប្រសិនបើប្រឡងជាប់ ព្រះអង្គមានគម្រោងបន្តការសិក្សានៅសាកលវិទ្យាល័យ និងជ្រើសរើសមុខជំនាញដែលព្រះអង្គចាប់អារម្មណ៍។
ព្រះសង្ឃ ពាច ឃុប ក៏បានអំពាវនាវដល់យុវជនឱ្យចេះចាប់យកឱកាសដែលខ្លួនមាន និងខិតខំរៀនសូត្រ ដោយមិនគួរបោះបង់ការសិក្សា ឬការអភិវឌ្ឍខ្លួន ទោះបីមានផ្លូវជីវិត ឬស្ថានភាពខុសៗគ្នាក៏ដោយ។ «បើមានឱកាសរៀន គួរតែខិតខំប្រឹងប្រែង និងចាប់យកឱកាសនោះឱ្យបានល្អ» ព្រះអង្គមានសង្ឃដីកា៕











































































