របាយការណ៍ស្ដីពីអនាគតនៃការងារ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៥ បានបង្ហាញថា អ្នកដឹកនាំអាជីវកម្ម និងនិយោជិត កំពុងស្វែងរកកម្លាំងម៉ាក្រូសេដ្ឋកិច្ច ដែលមិនធា្លប់មានពីមុនមក ហើយវឌ្ឍនភាពបច្ចេកវិទ្យា ដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI) និង Gen AI នឹងកំណត់ពីការផ្លាស់ប្ដូរទីផ្សារការងារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
អ្នកដឹកនាំធុរកិច្ច និងអ្នកជំនាញកំពុងទទួលនូវឥទ្ធិពល នៃការផ្លាស់ប្ដូរកន្លែងការងារយ៉ាងឆាប់រហ័ស។ ខណៈរបាយការណ៍អំពីផ្លាស់ប្ដូរការងាររបស់ LinkedIn បានរកឃើញថា នៅទូទាំងពិភពលោក នាយកប្រតិបត្តិក្រុមហ៊ុន ៧នាក់ ក្នុងចំណោម ១០នាក់ និយាយថា ល្បឿននៃការផ្លាស់ប្ដូរនៅកន្លែងធ្វើការ កំពុងតែកើនឡើងលឿនកាន់តែខ្លាំងឡើង។ ស្ទើរតែ ២ ភាគ៣ នៃអ្នកជំនាញរាយការណ៍ថា ពួកគេមានអារម្មណ៍ពិបាកសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរ នៃបរិយាកាសការងាររបស់ពួកគេយ៉ាងឆាប់រហ័ស។

អ្វីដែលរឹតតែគួរឱ្យភ្ញាក់ផ្អើលនោះ គឺ ទិន្នន័យ LinkedIn បានបង្ហាញថា ការងារ និងជំនាញដែលបុគ្គលិកទូទៅមាន ដើម្បីធ្វើការទាំងនោះ កំពុងតែត្រូវបានផ្លាស់ប្ដូរ។ ផ្អែកតាមទិន្នន័យដដែល គេរកឃើញថា ជារៀងរាល់ឆ្នាំក្នុងចំណោមអ្នកជំនាញ ១០នាក់ យ៉ាងហោចណាស់ មានម្នាក់ ធ្វើការងារ ដែលមិនធ្លាប់មានសោះ ក្នុងឆ្នាំ២០០០។ ជំនាញទាំងនោះអាចជា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រទិន្នន័យ ឬវិស្វករ AI ជាដើម ដែលជំនាញទាំងនេះ កាលពី ២៥ឆ្នាំមុន មិនមាននោះទេ។
ជំនាញដែលមនុស្សត្រូវការ ដើម្បីបំពេញការងារ ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្ដូររហូតដល់ ៧០ភាគរយ នៅឆ្នាំ២០៣០។ ការផ្លាស់ប្ដូរដ៏ធំនេះ កំពុងត្រូវបានពន្លឿនដោយ AI។ របាយការណ៍អនាគតនៃការងារបានរកឃើញថា អ្នកដឹកនាំអាជីវកម្ម ៦នាក់ ក្នុងចំណោម ១០នាក់ រំពឹងថា AI និង Gen AI នឹងផ្លាស់ប្ដូរស្ថាប័នរបស់ពួកគេ។ បច្ចេកវិទ្យានេះមានសក្តានុពលយ៉ាងច្រើន ហើយអាជីវកម្ម ដែលមិនទទួលយកការផ្លាស់ប្ដូរ នឹងក្លាយជាអាជីវកម្ម ដែលដើរក្រោយគេ។
Gen AI នឹងមានឥទ្ធិពលលើជំនាញជាច្រើននៅកន្លែងធ្វើការ
បុគ្គល និងអាជីវកម្ម កំពុងតែពង្រឹងជំនាញក្នុងការប្រើប្រាស់ AI ខណៈពេលដែលពួកគេ កំពុងបន្តប្រកួតប្រជែងក្នុងទីផ្សារ។ នៅទូទាំងពិភពលោក ចំនួនបុគ្គលិកដែលមានជំនាញ AI បានកើនឡើងយ៉ាងតិច ១០០ភាគរយ នៅគ្រប់វិស័យទាំងអស់ តាំងពីឆ្នាំ ២០១៦ ដែលបង្ហាញថា អ្នកជំនាញជាច្រើន កំពុងរៀបចំខ្លួនសម្រាប់អនាគតថ្មី នៃការងាររបស់ពួកគេ។ ប៉ុន្តែការផ្ដោតអារម្មណ៍លើអ្នកជំនាញផ្នែក AI នៅមានកម្រិតទាបនៅឡើយ ហើយមិនទាន់មានការយកចិត្តទុកដាក់គ្រប់គ្រាន់ លើកការបណ្ដុះបណ្ដាលជំនាញប្រើប្រាស់ AI ដល់បុគ្គលិក ដើម្បីឱ្យបុគ្គលិកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្របទៅនឹងបច្ចេកវិទ្យា AI ។
អ្នកដឹកនាំធុរកិច្ចត្រូវតែគិតឱ្យបានហ្មត់ចត់អំពីការរៀបចំយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីបំពាក់ជំនាញ AI ដល់បុគ្គលិក ដើម្បីបង្កើនសក្តានុពលរបស់ខ្លួន។ ចំណុចនេះ ទាមទារការយល់ដឹងលម្អិតអំពីជំនាញ ដែលអ្នកជំនាញមាន ជំនាញដែលពួកគេចង់បាន និងជំនាញដែលពួកគេត្រូវការ។

យ៉ាងណាក៏ដោយ បើទោះជាបច្ចុប្បន្ន Gen AI មានសមត្ថភាពរៀនជំនាញពិសេសជាច្រើន ដូចជា ការសរសេរ កែសម្រួលទិន្នន័យ និងវិភាគទិន្នន័យក៏ដោយ ក៏នៅមានជំនាញជាច្រើនទៀត ដែលបច្ចេកវិទ្យានេះ មិនអាចរៀនបាន ក្នុងនោះមានដូចជា ជំនាញភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម ការចរចា និងជំនាញទំនាក់ទំនងជាដើម។
ការបង្កើតកម្មវិធីពង្រឹងជំនាញ (Up skilling) គឺជាអាទិភាពមួយ សម្រាប់រដ្ឋាភិបាល
ភាពជោគជ័យនៅក្នុង AI មិនមែនគ្រាន់តែទាក់ទងនឹងការវិនិយោគលើបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះទេ។ បច្ចេកវិទ្យា AI នេះ គ្មានអ្វីអស្ចារ្យ ឬក៏ល្អនោះទេ ប្រសិនបើគ្មាននរណាម្នាក់ ដឹងពីរបៀបប្រើវា។ នោះហើយ ជាមូលហេតុ ដែលដល់ពេលត្រូវរៀបចំគោលនយោបាយ ជំរុញការបណ្ដុះបណ្ដាលជំនាញ AI ជាជំនាញយុទ្ធសាស្ត្រអាទិភាព ដែលមនុស្សគ្រប់គ្នា ត្រូវបន្តរៀនសូត្រជាប្រចាំ។
វេទិកាសេដ្ឋកិច្ចពិភពលោក បានបញ្ជាក់ថា គោលនយោបាយជំនាញប្រកបដោយប្រសិទ្ធភាព គឺជាគន្លឹះ នៃការផ្លាស់ប្ដូរ និងទទួលយកបច្ចេកវិទ្យា AI បានលឿន និងយុត្តិធម៌។ រដ្ឋាភិបាលជុំវិញពិភពលោក ត្រូវតែធ្វើសកម្មភាពឥឡូវនេះលើការពង្រឹងជំនាញ AI និងវិនិយោគលើកម្មវិធី បង្កើនធនធានមនុស្ស ដែលមានទេពកោសល្យក្នុងវិស័យ AI ដើម្បីឱ្យបុគ្គលិក និងប្រជាជន អាចសម្រេចបាននូវសក្តានុពលពិតប្រាកដរបស់គេ។ នេះជាមធ្យោបាយតែមួយគត់ ដើម្បីធានាថា យើងកំពុងប្រើប្រាស់សក្តានុពល នៃបច្ចេកវិទ្យា AI បានពេញលេញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច៕






























