ហ្សាការតា ៖ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានដាក់ចេញ «វិធានការ ៤ ម៉ោង» ដោយតម្រូវឱ្យសិស្សទទួលទានអាហារដែលផ្តល់តាមកម្មវិធីអាហារឥតគិតថ្លៃរបស់រដ្ឋាភិបាល ក្នុងរយៈពេលមិនលើសពី ៤ ម៉ោង បន្ទាប់ពីអាហារត្រូវបានចម្អិន ដើម្បីកាត់បន្ថយហានិភ័យនៃការពុលអាហារ។
យោងតាមសារព័ត៌មាន Jakarta Globe វិធានការនេះត្រូវបានដាក់ចេញ ខណៈកម្មវិធីអាហារឥតគិតថ្លៃសម្រាប់សិស្សរបស់ប្រធានាធិបតី Prabowo Subianto កំពុងប្រឈមនឹងការរិះគន់ជាបន្តបន្ទាប់ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីករណីសិស្សជាច្រើននាក់មានអាការៈសង្ស័យពុលអាហារនៅតាមតំបន់ផ្សេងៗក្នុងប្រទេស។
លោក Sudaryono ប្រធានទីភ្នាក់ងារជាតិអាហារូបត្ថម្ភ (National Nutrition Agency) បានឱ្យដឹងតាមរយៈសារវីដេអូមួយថា ទីភ្នាក់ងារនេះបានចាប់ផ្តើមប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ពេលវេលាដែលអាហារត្រូវទទួលទាន។
លោកបានជំរុញឱ្យសិស្ស និងគ្រូបង្រៀនពិនិត្យមើលពេលវេលាដែលបង្ហាញនៅលើស្លាក មុនពេលទទួលទាន ហើយមិនត្រូវបរិភោគអាហារឡើយ ប្រសិនបើហួសរយៈពេលកំណត់ ៤ ម៉ោង។
លោក Sudaryono ក៏បានណែនាំឱ្យសិស្សកុំយកអាហារពីកម្មវិធីនេះទៅផ្ទះ ដោយសាររដ្ឋាភិបាលមិនអាចធានាបានពីគុណភាព និងសុវត្ថិភាពរបស់អាហារ ប្រសិនបើវាត្រូវបានទុកក្នុងរយៈពេលយូរ។ លោកព្រមានថា ការទទួលទានអាហារដែលមានគុណភាពធ្លាក់ចុះ អាចបង្កឱ្យមានការពុលទាំងសិស្ស និងសមាជិកគ្រួសារ។

ក្នុងសប្តាហ៍ដំបូងនៃការកាន់តំណែង លោក Sudaryono ក៏បានលើកឡើងពីករណីសង្ស័យពុលអាហារថ្មីមួយនៅតំបន់ប៉ាពួ ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី។ លោកបានអះអាងថា បញ្ហាមួយដែលអាចបង្កហានិភ័យ គឺចន្លោះពេលយូររវាងការចម្អិន និងការចែកចាយអាហារ។
ក្នុងករណីមួយ អាហារត្រូវបានចម្អិនប្រហែលម៉ោង ៧យប់ ប៉ុន្តែទើបត្រូវបានបញ្ជូនទៅសាលារៀននៅម៉ោង ១១ព្រឹកថ្ងៃបន្ទាប់។
សូមជម្រាបថា កម្មវិធីអាហារឥតគិតថ្លៃរបស់ប្រធានាធិបតី Prabowo ត្រូវបានរៀបចំឡើងក្នុងគោលបំណងកែលម្អអាហារូបត្ថម្ភរបស់កុមារ និងប្រយុទ្ធប្រឆាំងនឹងបញ្ហាកង្វះអាហារូបត្ថម្ភ។ ប៉ុន្តែការកើតមានករណីសង្ស័យពុលអាហារជាបន្តបន្ទាប់ បានធ្វើឱ្យសុវត្ថិភាពអាហារ និងប្រព័ន្ធចែកចាយ ក្លាយជាបញ្ហាសំខាន់សម្រាប់រដ្ឋាភិបាលឥណ្ឌូនេស៊ី៕














































































