នៅក្នុងយុគសម័យឌីជីថល ការប្រើប្រាស់បណ្តាញសង្គម និងបច្ចេកវិទ្យា បានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃជីវិតប្រចាំថ្ងៃរបស់ក្មេងជំទង់ និងយុវជន។ យ៉ាងណាមិញ ភាពងាយស្រួលនៃការតភ្ជាប់នេះ ក៏បាននាំមកនូវបញ្ហាប្រឈមធំមួយ គឺ «ការធ្វើបាបតាមអ៊ីនធឺណិត» ឬហៅជាភាសាអង់គ្លេសថា Cyberbullying ដែលជាអាកប្បកិរិយាបំភ័យ ធ្វើឱ្យខឹង ឬធ្វើឱ្យអាម៉ាស់ដល់ជនរងគ្រោះដោយចេតនា និងដដែលៗ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
តើការធ្វើបាបតាមអ៊ីនធឺណិត (Cyberbullying) មានទម្រង់បែបណាខ្លះ?
បើតាមការសិក្សារបស់យូនីសេហ្វ បង្ហាញថា មិនថាលើបណ្តាញសង្គម ហ្គេម ឬកម្មវិធីផ្ញើសារ ការធ្វើបាបតាមអ៊ីនធឺណិត (Cyberbullying) តែងតែបន្សល់ទុកនូវ «ដានជើងឌីជីថល» (Digital footprint) ដែលអាចបញ្ជាក់ជាភ័ស្តុតាងបាន។ សកម្មភាពទូទៅរួមមាន៖
-ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ៖ បង្ហោះរូបថត វីដេអូ ឬរឿងរ៉ាវអាម៉ាស់របស់នរណាម្នាក់។
-ការផ្ញើសាររំលោភបំពាន ៖ ផ្ញើសារ គំរាមកំហែង ឬប្រើប្រាស់ពាក្យសម្តីអាក្រក់ៗ។
-ការបន្លំអត្តសញ្ញាណ ៖ បង្កើតគណនីក្លែងក្លាយ ឬលួចប្រើប្រាស់គណនីអ្នកដទៃ ដើម្បីធ្វើការយាយីផ្លូវភេទ ឬផ្ញើសារបង្កការខូចខាត។
-ការប្រើប្រាស់ AI បង្កើតរូបភាព/វីដេអូក្លែងក្លាយ ៖ ការយកបច្ចេកវិទ្យាបង្កើតរូបភាព ឬវីដេអូធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជនរងគ្រោះ។

យោងតាម យូនីសេហ្វ ការធ្វើបាបតាមអ៊ីនធឺណិត (Cyberbullying) អាចធ្វើឱ្យជនរងគ្រោះមានអារម្មណ៍ថា ត្រូវបានគេវាយប្រហារគ្រប់ពេលវេលាសូម្បីតែនៅក្នុងផ្ទះផ្ទាល់ខ្លួន ដោយប៉ះពាល់លើ ៣ផ្នែកធំៗ ៖ ១.ផ្លូវចិត្ត៖ មានអារម្មណ៍តូចចិត្ត ខ្មាស់អៀន ភ័យខ្លាច ឬខឹងសម្បារ។ ២.អារម្មណ៍ ៖ បាត់បង់ទំនុកចិត្តលើខ្លួនឯង និងបាត់បង់ចំណាប់អារម្មណ៍លើអ្វីដែលធ្លាប់ចូលចិត្ត។ និង ៣.ផ្លូវកាយ៖ អស់កម្លាំងដោយសារបាត់បង់ការគេង ឈឺពោះ ឬឈឺក្បាល។ ក្នុងករណីធ្ងន់ធ្ងរ ការធ្វើបាបតាមអ៊ីនធឺណិត (Cyberbullying) អាចរុញច្រានជនរងគ្រោះឱ្យឈានដល់ការសម្លាប់ខ្លួន។ ទោះជាយ៉ាងណា បញ្ហានេះអាចយកឈ្នះបាន ប្រសិនបើមានកិច្ចអន្តរាគមន៍ និងការគាំទ្រត្រឹមត្រូវ។

ដើម្បីសុវត្ថិភាពលើប្រព័ន្ធឌីជីថល ក្មេងជំទង់ និងយុវជនគួរស្វែងយល់ពីវិធីសាស្ត្រការពារខ្លួន និងទិន្នន័យផ្ទាល់ខ្លួន ដោយអនុវត្តតាមការណែនាំសំខាន់ៗរួមមាន៖
ទី១. គិតមុនបង្ហោះ (Think before sharing)៖ អ្វីៗដែលបង្ហោះលើអ៊ីនធឺណិត អាចនឹងស្ថិតនៅទីនោះជារៀងរហូត ហើយអាចត្រូវគេយកមកប្រើប្រាស់ដើម្បីធ្វើបាបអ្នកនៅពេលក្រោយ។
ទី២. រក្សាព័ត៌មានផ្ទាល់ខ្លួនជាការសម្ងាត់៖ មិនត្រូវផ្តល់អាសយដ្ឋានផ្ទះ លេខទូរស័ព្ទ ឬឈ្មោះសាលារៀនជាសាធារណៈឡើយ។
ទី៣. កំណត់ Privacy លើគណនី៖ កែសម្រួលការកំណត់ភាពឯកជន (privacy setting) ក្នុងគណនីរបស់អ្នក ដើម្បីកំណត់ថាអ្នកណាខ្លះអាចមើលប្រវត្តិរូប ផ្ញើសារ ឬបញ្ចេញមតិលើការបង្ហោះរបស់អ្នក។
ទី៤. រាយការណ៍ និងលុប (Blocking)៖ អ្នកអាចរាយការណ៍ពីមតិយោបល់ សារ និងរូបថតដែលប៉ះពាល់ដល់អារម្មណ៍ និងស្នើឱ្យលុបចោលមតិយោបល់ សារ និងរូបថតទាំងនោះ។ ក្រៅពី unfriending អ្នកអាច block អ្នកណាម្នាក់ដើម្បីកុំឱ្យពួកគេមើលឃើញសាវតា (profile) ឬទាក់ទងមកអ្នក។ ក្នុងបណ្តាញសង្គមភាគច្រើន នៅពេលដែលអ្នក block កំហិត (restrict) ឬរាយការណ៍ពីនរណាម្នាក់ ពួកគេមិនត្រូវបានជូនដំណឹងឱ្យដឹងនោះទេ។
គួរជម្រាបជូនថា សុវត្ថិភាពតាមអ៊ីនធឺណិត ចាប់ផ្តើមពីការយល់ដឹង និងការគោរពសិទ្ធិគ្នាទៅវិញទៅមក។ ប្រសិនបើអ្នក ឬមនុស្សដែលអ្នកស្គាល់កំពុងរងគ្រោះដោយសារ Cyberbullying សូមកុំស្ទាក់ស្ទើរក្នុងការនិយាយចេញ និងស្វែងរកជំនួយ៕











































































