បទពិសោធន៍ឪពុកម្ដាយ ៖ រៀបចំបណ្ណាល័យនៅផ្ទះរួមចំណែកបណ្ដុះទម្លាប់អានរបស់កូន

បណ្ណាល័យនៅផ្ទះ ពិតជាមានសារៈសំខាន់ក្នុងការបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ បង្កើតបរិយាកាសរីករាយឱ្យកូនៗចូលចិត្តអាន និងចង់រៀនតាំងពីតូច។ ទន្ទឹមគ្នានេះ អ្នកស្រី ចាន់ ភ័ត្រា ជានាយិការង នៃអនុវិទ្យាល័យតេជោហ៊ុនសែនក្រាំងអំពិល ខេត្តកំពត ក្នុងនាមជាម្តាយមួយរូប បានសម្រេចក្ដីស្រមៃរបស់ខ្លួន​រៀបចំបណ្ណាល័យនៅផ្ទះ ដែល​រួមចំណែកបណ្ដុះទម្លាប់អានរបស់កូនតាំងពីក្មេង។

អ្នកស្រី ចាន់ ភ័ត្រា មានប្រសាសន៍ថា កត្តាជំរុញចិត្តឱ្យអ្នកស្រីបង្កើតបណ្ណាល័យនៅផ្ទះ ដោយសារមានក្តីស្រមៃចង់ឱ្យកូនៗមានបណ្ណាល័យនៅផ្ទះ និងបន្ទប់សម្រាប់សិក្សា ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយកូនៗ ព្រមទាំងបង្កបរិយាកាសគរុកោសល្យឱ្យកូនៗចង់អាន ចង់រៀន ចង់បណ្តុះទម្លាប់អានឱ្យកូនៗ គាំទ្រ និងចូលរួមលើកកម្ពស់អំណានតាមផ្ទះ។

អ្នកស្រី ចាន់ ភ័ត្រា បន្ថែមថា បណ្ណាល័យនៅផ្ទះ ជួយជំរុញការអភិវឌ្ឍខួរក្បាលកុមារ ជួយពង្រឹងការអានរបស់កុមារ ជួយឱ្យកុមារមានទម្លាប់ក្នុងការអានសៀវភៅ ជួយឱ្យកុមារឧស្សាហ៍ និងធ្វើជាកូនល្អ មិត្តល្អ សិស្សល្អ។ ទន្ទឹមគ្នានេះ ជួយឱ្យកុមារចេះជួយមិត្តភ័ក្ដិ និងអ្នកជុំវិញខ្លួន ជួយឱ្យកុមារស្គាល់អ្វីថ្មីៗ តាមរយៈសៀវភៅ ព្រោះសៀវភៅនីមួយៗមានការច្នៃប្រឌិតគួបផ្សំនឹងតម្លៃអប់រំផ្សេងៗគ្នាជួយបង្កើនភាពអំណត់។

«ក្នុងនាមខ្ញុំជាម្តាយម្នាក់ និងជាគ្រូបង្រៀនម្នាក់ផងដែរ ខ្ញុំចង់ធ្វើជាគម្រូដល់អ្នកជុំវិញ និងជម្រុញឱ្យមានការបណ្តុះវប្បធម៌អាននៅក្នុងសង្គមកាន់តែច្រើនដើម្បីបណ្តុះធនធានល្អៗសម្រាប់សង្គមជាតិ»

អ្នកស្រី ចាន់ ភ័ត្រា

អ្នកស្រី ចាន់ ភ័ត្រា បន្ថែមថា តាមការស្រាវជ្រាវបង្ហាញថា កុមារដែលអានសៀវភៅច្រើន មានភាពអំណត់ខ្ពស់ជាងកុមារដែលមិនសូវអានសៀវភៅ។ ទន្ទឹមគ្នានេះ ការអានសៀវភៅ មិនសូវមានពេលមើលទូរស័ព្ទ និងទូរទស្សន៍ ជួយឱ្យការគ្រប់គ្រប់អារម្មណ៍បានល្អ ជាពិសេសពេលខឹង និងពេលមិនសប្បាយចិត្ត។ ជាពិសេស ការអានជាសកម្មភាពល្អមួយក្នុងចំណោមសកម្មភាពផ្សេងៗក្នុងការគ្រប់គ្រងអារម្មណ៍ឱ្យស្ងប់ បង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ បង្កើនការចងចាំ ជួយឱ្យការវិភាគ វាយតម្លៃបានកាន់តែល្អប្រសើរ ជួយឱ្យមានទស្សនៈវិជ្ជមាន សុទិដ្ឋិនិយម ជួយឱ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ទទួលបានចំណេះដឹងបន្ថែម និងបទពិសោធថ្មីៗ បណ្តុះគំនិត “ការអានជាការកំសាន្ត” ហើយយើងអាចអានបាននៅពេលទំនេរពីការសិក្សា ឬការងារ។

បើតាមអ្នកស្រី ភ័ត្រា អ្នកស្រីចាប់ផ្ដើមអានសៀវភៅឱ្យកូនស្តាប់តាំងពីកូននៅក្នុងផ្ទៃ គឺអំឡុងពេលពរពោះបានប្រហែល១៨សប្តាហ៍ រហូតដល់ពេលសម្រាល ហើយក្រោយសម្រាលក៏នៅបន្តអានសៀវភៅឱ្យកូនស្ដាប់រហូត។ អ្នកស្រីបន្តថា ក្រោយសម្រាលរួច កូនៗនៅតូចយើងអាចចាប់ផ្តើមបង្រៀនកូនៗឱ្យចូលចិត្តសៀវភៅដោយឱ្យកូនលេងសៀវភៅដែលមានទំហំតូចៗសាកសមនឹងដៃ, កូនងាយចាប់កាន់, ជ្រើសរើសសៀវភៅប្រភេទក្រណាត់ ដែលពេលគាត់ចាប់កាន់ទៅបញ្ចេញសំឡេង, ឱ្យគាត់កាន់លេង ឬកាន់/ច្របាច់ឱ្យគាត់ស្តាប់ឮហើយអាន និងនិយាយជាមួយកូន។ យើងអាចចាប់ផ្តើមពីសៀវភៅដែលមានរូបពណ៌សខ្មៅសិន ទើបបន្តពណ៌ផ្សេងៗតាមក្រោយ។

អ្នកស្រី ចាន់ ភ័ត្រា លើកឡើងទៀតថា ពេលងូតទឹកឱ្យកូន អ្នកស្រីក៏​តែងជ្រើសរើសសៀវភៅក្រណាត់ និងសៀវភៅប្លាស្ទិកឱ្យកូនកាន់លេងបណ្តើរងូតទឹកបណ្តើរ ព្រោះសៀវភៅប្រភេទនោះអាចសើមឬត្រាំទឹកបាន មិនខូច។ ទន្ទឹមគ្នានេះ អ្នកស្រីតែងតែចំណាយពេលអានជាមួយកូនៗ ព្រមទាំងឱ្យកូនៗជ្រើសសៀវភៅដែលគេចង់អាន បង្កើតបរិយាកាសសប្បាយៗពេលអាន ត្រាប់តាមសាច់រឿង ធ្វើសំឡេងតួអង្គក្នុងរឿងឱ្យខុសៗគ្នា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងឱ្យកូនៗងាយយល់សាច់រឿង។ ម៉្យាងវិញទៀត ធ្វើជាគម្រូដល់កូនៗជាប្រចាំ ដោយយកសៀវភៅមកអាននៅពេលទំនេរ និងនៅពេលមានអារម្មណ៍មិនសូវល្អ ដើម្បីឱ្យកូនៗឃើញថា ការអានសៀវភៅ អាចជួយឱ្យអារម្មណ៍យើងស្ងប់បាន ហើយវាក៏អាចចាត់ទុកជាការកម្សាន្តផងដែរ។

អ្នកស្រី ភ័ត្រា បន្ថែមថា ការជ្រើសរើសសៀវភៅឱ្យបានត្រឹមត្រូវទៅតាមវ័យរបស់កូន ក៏រួមចំណែក​អាចជួយឱ្យកូនចូលចិត្តអានផងដែរ ។ អ្នកស្រីបន្តថា ការអនុញ្ញាតឱ្យកូនលេង និងរស់នៅជាមួយសៀវភៅតាំងពីតូចអាចជួយបណ្តុះគំនិតឱ្យគាត់ស្រឡាញ់សៀវភៅ និងចូលចិត្តអានផង មានន័យថា ដាក់សៀវភៅនៅគ្រប់ទីកន្លែងដែលគាត់អាចមើលឃើញ និងងាយយក។ បើកូននៅតូចៗ ដាក់សៀវភៅឱ្យគាត់អាចមើលឃើញរូបភាពលើក្របសៀវភៅក៏អាចទាក់ទាញឱ្យគាត់ចាប់អារម្មណ៍ចង់អានដែរ។ បើដាក់សៀវភៅគ្រប់កន្លែង មានរូបភាពពណ៌ស្អាតៗទាក់ទាញ ចេញឃើញចូលឃើញ មិនយូរទេគាត់ប្រាកដជាចាប់អារម្មណ៍ចង់អានសៀវភៅខ្លះមិនខាន។

បណ្ណាល័យនៅផ្ទះ លើកទម្លាប់អានសៀវភៅរបស់កូន។

អ្នកស្រី ចាន់ ភ័ត្រា លើកឡើងថា ជាឪពុកម្ដាយមិនត្រូវបង្ខំកូន គឺកូនអាចជ្រើសរើសពេលវេលា និងសៀវភៅដែលពួកគាត់ចង់អាន ប៉ុន្តែយើងអាចបង្កើតទម្លាប់ដដែលៗឱ្យកូន ដូចជា អានសៀវភៅមុនគេង ឬទម្លាប់អានពេលណាមួយដដែលៗជាប្រចាំ ព្រោះក្មេងរៀនតាមអ្វីដែលធ្វើដដែលៗជាប្រចាំ។ បើម្តងអានម៉ោងនេះ ម្តងអានម៉ោងនោះ ប្រែប្រួលរហូតក៏ពិបាកបណ្តុះទម្លាប់ដែរ។ ម៉្យាងទៀត ឪពុកម្ដាយក៏អាចទិញសៀវភៅជូនជាអំណោយដល់កូនៗនាឱកាសពិសេស ដូចជា ខួបកំណើត ឬជារង្វាន់នៅពេលកូនៗធ្វើអ្វីមួយបានល្អ។

អ្នកម្តាយ​ដែលគិតអំពីសារៈសំខាន់​នៃកា​រអានរូបនេះ​បន្ថែមថា នៅពេលរៀបចំបណ្ណាល័យនៅផ្ទះដូច្នេះ វាក៏ធ្វើឱ្យទាំងក្មួយ ក៏​ដូចជាក្មេងៗជិតខាង និងកូនរបស់មិត្តភក្តិអ្នកស្រី តែងតែសុំមកលេងផ្ទះអ្នកស្រី និងចូលអានសៀវភៅជាមួយកូនៗអ្នកស្រី។ អ្នកស្រីសង្កេតឃើញថា ពួកគាត់សប្បាយជាមួយគ្នា អានជាមួយគ្នា និងចូលចិត្តសៀវភៅ ហើយការអានរបស់គាត់ក៏បានស្ទាត់ជាងមុនដែរ។ លើសពីនេះទៅទៀត ពួកគាត់អាចយល់សាច់រឿង និងបានចេះ ស្គាល់ នូវអ្វីថ្មីៗជាច្រើន បន្ថែមលើអ្វីដែលគាត់បានរៀននៅសាលា។

ជាមួយគ្នានេះដែរ អ្នកស្រី ចាន់ ភ័កត្រា ក៏សូមលើកទឹកចិត្តដល់ឪពុកម្តាយគ្រប់រូប គួរ​រៀបចំបណ្ណាល័យនៅផ្ទះឱ្យកូនៗទៅតាមលទ្ធភាពដែលអាចធ្វើបាន មិនថាទ្រង់ទ្រាយបែបណានោះទេ ដើម្បីបណ្តុះវប្បធម៌អានឱ្យបានកាន់តែច្រើន ព្រោះអំណានជួយលើកកម្ពស់គុណភាពជីវិតរបស់កូនៗយើងឱ្យរស់នៅបានកាន់តែល្អប្រសើរ។ អ្នកស្រីបន្តថា សម្រាប់កុមារ ការអានមិនមែនត្រឹមតែរៀនឱ្យចេះអាននោះទេ ព្រោះមានសៀភៅរឿងនិទានជាច្រើនដែលមានគុណតម្លៃ អាចឱ្យកុមារស្វែងយល់ពីអារម្មណ៍របស់ពួកគាត់បានតាមរយៈសាច់រឿង និងតួអង្គ។ ការអានអាចជួយកុមារលូតលាស់ផ្នែកសង្គមអារម្មណ៍ បង្កើនទំនាក់ទំនងល្អ ចេះគ្រប់គ្រងអារម្មណ៍ និងចេះវិភាគ ដោះស្រាយបញ្ហាបានល្អ។ «កូនៗនឹងក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ជាតិយើង, ប្រទេសយើងនឹងកាន់តែរីកចម្រើននៅពេលមានធនធានល្អៗកាន់តែច្រើន»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។