បច្ចេកវិទ្យា ៖ កន្លងទៅយើងបានដឹងខ្លះៗហើយអំពីព័ត៌មាននៃបច្ចេកវិទ្យា AI (Artificial Intelligence) ឬ “ប្រាជ្ញាសិប្បនិម្មិត” ។ វាត្រូវបានទទួលស្គាល់យ៉ាងខ្លាំងរួចមកហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងស្ថានភាពដែលពិភពលោកជួបការរាតត្បាតវីរុសកូវីដ-19។ ស្របនឹងអត្ថប្រយោជន៍ទទួលបានពីបច្ចេកវិទ្យាទំនើបនេះ វាក៏បានបង្កើតទិដ្ឋភាពចម្រូងចម្រាសជាច្រើនផងដែរនៅឧស្សាហកម្មបច្ចេកវិទ្យា ពាក់ព័ន្ធនឹងការងាររបស់មនុស្ស ព្រមទាំងការអភិវឌ្ឍន៍មុខងារផ្សេងៗរបស់វា។
ខាងក្រោមនេះជាការពិតមួយចំនួនអំពី AI ដែលអ្នកមិនទាន់បានដឹង ឬបានដឹងខ្លះហើយអំពីបច្ចេកវិទ្យា AI ឬប្រាជ្ញាសិប្បនិម្មិត។ តើវាគួរឱ្យខ្លាច ឬជារឿងល្អនៅពេលដែលវាចាប់ផ្តើមដំណើរការកាន់តែខ្លាំងនោះនៅពេលអនាគត?
1. AI ក្លាយជាសត្វចញ្ចឹមនៅផ្ទះ ៖ រូបជាសត្វចិញ្ចឹមបំពាក់ដោយ AI ជាបច្ចេកវិទ្យាថ្មីដែលអ្នកវិទ្យាសាស្ត្រស្រាវជ្រាវមានវត្តមានរួចទៅហើយនាពេលបច្ចុប្បន្ន។ នៅបណ្តាប្រទេសជឿនលឿនមួយចំនួនបានប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ គ្រប់គ្រងស្ថានភាពស្ទើរគ្រប់យ៉ាងនៅក្នុងផ្ទះ។ វាមានអារម្មណ៍រូបរាងដូចជាសត្វមែនទែន ដែលម្ចាស់មិនពិបាកថែទាំនិងផ្តល់ចំណីឱ្យនោះទេ។ គេរំពឹងថាវានឹងមានកាន់តែច្រើននៅលើទីផ្សារបច្ចេកវិទ្យាក្នុងឆ្នាំ 2025 ខាងមុខ។
2. AI ភាគច្រើនបំពាក់លើមនុស្សយន្ត រ៉ូបូត មានភេទជាស្ត្រី ៖ ទោះបីជាមិនអាចមានអវៈយាវៈដើម្បីសម្គាល់ដូចមនុស្ស តែមនុស្សយន្តភាគច្រើនមានសំឡេងជាមនុស្សស្រី ។ ជាក់ស្តែងដូចជាបច្ចេកវិទ្យា Alexa របស់ Amazon និង Siri របស់ Google ត្រូវបានបង្កើតឡើងដើម្បីជាជំនួយរបស់មនុស្ស។ សំឡេងមនុស្សស្រី បង្កើនឱ្យមានភាពស្និទ្ធស្នាល រមទម្យ និងសុភាពរាបសារជាសំឡេងបុរស។
3. AI អាចដឹងពីអារម្មណ៍របស់អ្នក ៖ កាលពីឆ្នាំ 1990 រ៉ូបូតមួយដែលមានឈ្មោះថា Kismet បានក្លាយទៅជារ៉ូបូតដំបូងដែលត្រូវបានគេទទួលស្គាល់ថាមានបច្ចេកវិទ្យាអាចកំណត់ដឹងពីអារម្មណ៍របស់មនុស្សតាមរយៈកាយវិកា ព្រមទាំងចាប់បានពីការលើកដាក់សំឡេងរបស់មនុស្ស។ សំណួរពេលនេះ ចុះទម្រាំមកដល់ឆ្នាំ2021 ហើយបន្តនៅថ្ងៃអនាគតទៀតនោះ? នេះបង្ហាញពីភាពអស្ចារ្យមួយដែលបច្ចេកវិទ្យាកាន់តែជិតជីវិតនិងដង្ហើមរបស់មនុស្ស។
4. AI អាចជួសជុលបញ្ហារបស់ប្រព័ន្ធដំណើរការខ្លួន ៖ អាចរឿងដែលអ្នកគិតថាមិនទៅរួច ប៉ុន្តែការពិត AI បំពាក់លើរ៉ូបូតមួយចំនួនអាចធ្វើបាន។ ប្រសិនបើមនុស្សយន្តដែលប្រើប្រាស់បច្ចេកវិទ្យា AI អាចជួសជុលជើងដៃ ឬផ្នែកណាមួយនៃតួខ្លួនបាន មានន័យថា អាចគ្រប់គ្រងឬបញ្ជាសកម្មភាពណាមួយបានដោយងាយ ប្រសិនបើអ្នកប្រើប្រាស់ពុំបានគិតស៊ីជម្រៅលើការងារគ្រប់គ្រងវា។
5. AI ជំនួសការងាររបស់មនុស្ស៖ មកដល់ពេលនេះការងាររបស់ពលរដ្ឋកាណាដាប្រមាណជាង 1 លានកន្លែង ត្រូវបានជំនួសដោយសកម្មភាព AI ដើម្បីកាត់បន្ថយការចំណាយរបស់ថ្លៃដើម។ តាមការស្រាវជ្រាវរបស់ Guardian បានបញ្ជាក់ថា ការងារបែបបដិសណ្ឋារកិច្ចចំនួន 85 ភាគរយលើលោកនឹងប្រឈមមុខទៅនឹងការបាត់បង់នៅពេលអនាគត។ នៅប្រទេសថៃឡដ៍ បានប្រើប្រាស់រ៉ូប៉ូតអ្នកផ្តល់ព័ត៌មាននៅក្នុងមន្ទីរពេទ្យធំៗមួយចំនួន។
6. AI មានភាពវ៉ៃឆ្លាតជាមនុស្ស ៖ បច្ចេកវិទ្យានេះអាចរៀនសូត្របានលឿន ហើយផ្ទុកការចងចាំបានច្រើនជាងមនុស្ស។ គេជឿជាក់ថា AI កាលពីឆ្នាំ 2013 មានភាពវ៉ៃឆ្លាតស្មើទៅនឹងក្មេង 4 ឆ្នាំ ហើយនៅឆ្នាំ 2029 វានឹងមានកម្រិតចេះដឹងស្មើនឹងមនុស្សពេញវ័យម្នាក់។
7. មនុស្សនឹងអាចមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សយន្ត (AI) ៖ តាមការស្រាវជ្រារបស់អ្នកវិទ្យាសាស្ត្រមួយចំនួនជឿជាក់ថា ត្រឹមឆ្នាំ 2050 មនុស្សនឹងអាចមានសិទ្ធិរៀបការស្របច្បាប់ជាមួយនឹងមនុស្សយន្ត ខណៈដែលបច្ចុប្បន្ន AI កំពុងអភិវឌ្ឍខ្លួននៅឡើយ។
8. AI មានសញ្ជាតិនិងលិខិតឆ្លងដែន ៖ អ្នកបានស្គាល់ហើយមនុស្សយន្ត Sophia ដែលមានរូបរាងដូចមនុស្ស។ តាមរយៈអង្គការ UNDP មនុស្សយន្ត Sophia នាងបានធ្វើដំណើរមកដល់កម្ពុជា។ នាងបានក្លាយជាមនុស្សយន្តដំបូងដែលមានកាន់លិខិតឆ្លងដែនជាជនជាតិអារ៉ាប៊ីសាអូឌីត ហើយវាបានក្លាយទៅជាចម្រូងចម្រាសមតិទាំងសាទរ ទាំងព្រួយបារម្ភសម្រាប់មនុស្សនៅជុំវិញពិភពលោកផងដែរ។
9. AI អាចសរសេរអក្សរបានយ៉ាងល្អ ៖ គ្រាមួយដែលមានហេតុការណ៍រញ្ជួយដីនៅកាលីហ្វ័រញ៉ា មនុស្សយន្តមួយត្រូវបានគេដាក់ឱ្យធ្វើការងារក្នុងសរសេរអត្ថបទស្តីអំពីបញ្ហានេះ តាមរយៈការប្រមូលទិន្នន័យពីក្រុមភូមិសាស្ត្រ។
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។