នៅពាក់កណ្តាលខែកុម្ភៈ នេះ ពោលគឺនៅក្នុងឱកាសសន្និសីទ និងពិព័រណ៌បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសជាផ្លូវការ ក្នុងការដាក់ឱ្យប្រើប្រាស់សាលាឌីជីថល ដែលវាក៏នឹងជំរុញឱ្យសាលារៀនទាំងអស់នៅទូទាំងប្រទេសប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការរៀន និងបង្រៀន។
លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សាលាឌីជីថល គឺជាថ្នាលសិក្សាមួយដែលក្រសួងអប់រំ បានរៀបចំឡើងដើម្បីចែករំលែកនូវព័ត៌មាន ឯកសារបង្រៀនជាសៀវភៅ ឯកសារជាសំឡេង និងវីដេអូ ដែលសិស្សានុសិស្សអាចទាញយកមកមើលបាន។ ហើយកម្មវិធីនេះ លោកគ្រូ អ្នកគ្រូ ក៏ អាចទាញយកបានដើម្បីចែករំលែកទៅដល់សិស្សានុសិស្សផងដែរ។
ដើម្បីឱ្យការប្រើប្រាស់សាលាឌីជីថលកាន់តែទូលំទូលាយថែមទៀត បើតាមការបញ្ជាក់អ្នកនាំពាក្យក្រសួងអប់រំ ក្រៅពីការផ្សព្វផ្សាយទូលំទូលាយដែលសិស្សានុសិស្សអាចទាញយកនៅទីកន្លែងដែលមានអ៊ីនធើណិតបាន ក្រសួងក៏បានបញ្ជូលជា ឯកសារជាទម្រង់ឌីជីថល (Soft Copy) និងបានជំរុញឱ្យមន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជាការិយាល័យអប់រំស្រុក និងគណៈគ្រប់គ្រង រៀបចំឱ្យមានឯកសារទាំងនេះនៅក្នុងបន្ទប់កុំព្យូទ័រនៅក្នុងសាលារៀន ឬបណ្ណាល័យ ធ្វើយ៉ាងណាដើម្បីឱ្យសិស្សានុសិស្សអាចចូលទៅសិក្សា និងអានឯកសារទាំងអស់នោះបាន។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការគាំទ្រចំពោះការដាក់ឱ្យប្រើប្រាស់សាលាឌីជីថល ដើម្បីដើរឱ្យទាន់ការវិវត្តិន៍របស់សង្គមជាតិ។ តែយ៉ាងណាសម្រាប់បណ្ឌិត យង់ ពៅ ប្រសិនបើមានសាលាឌីជីថលហើយ ក៏ត្រូវតែគិតគូក្នុងការបំពាក់ឧបករណ៍ឌីជីថលឱ្យបានគ្រប់គ្រាន់នៅតាមសាលារៀនទាំងអស់ ដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀន ជាពិសេសជំរុញឱ្យមានមនុស្សឌីជីថល ដោយមានន័យថា ទាំងគ្រូបង្រៀន និងសិស្ស ចេះប្រើប្រាស់ឌីជីថល។
សូមបញ្ជាក់ថា សាលាឌីជីថល (sala.moeys.gov.kh) គឺជាសាលានិម្មិតនៅលើប្រព័ន្ធឌីជីថលសម្រាប់សិស្សានុសិស្ស គ្រូបង្រៀន អ្នកជំនាញ សាធារណជន ទូទៅ ធ្វើការចែករំលែកចំណេះដឹងទៅកាន់អ្នកសិក្សាដទៃទៀត។ ថ្នាលឌីជីថលមួយនេះ ផ្ដល់ភាពងាយស្រួលដល់គ្រឹះស្ថានសិក្សា គ្រូបង្រៀន និងសាធារណជនទូទៅក្នុងការបង្កើតសាលារៀននិម្មិត និងបង្កើតវគ្គសិក្សានានា សម្រាប់សិស្សានុសិស្សចូលធ្វើស្វ័យសិក្សាដោយសេរីមិនគិតថ្លៃ គ្រប់ពេលវេលា និងទីកន្លែង។
មកដល់បច្ចុប្បន្ន សាលាឌីជីថល មានអ្នកចូលទៅប្រើប្រាស់ប្រមាណជិត១០ម៉ឺននាក់ ដោយមានសៀវភៅជិត៥ពាន់ក្បាល និង២៣៨មេរៀន៕
































