កាលពីចុងសប្តាហ៍កន្លងទៅនេះ មន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ (AI Lab for Education) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសាកលវិទ្យាល័យខេមតិច ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យ បញ្ញាសិប្បនិម្មិត (AI) និងវិទ្យាសាស្ត្រទិន្នន័យដល់និស្សិតកម្ពុជា និងគាំទ្រការស្រាវជ្រាវនវានុវត្តថ្មីៗ។
ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា មន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិត សម្រាប់ការអប់រំនេះ ពិតជាមានភាពរស់រវើក ក្នុងទំនាក់ទំនងនៃការរៀន បង្រៀន និងស្រាវជ្រាវឱ្យនៅមួយកន្លែង ហើយក៏បង្ហាញភាពឈានមុខរបស់សាកលវិទ្យាល័យខេមតិច នៅក្នុងដំណាក់កាលថ្មីមួយទៀត នៃរបៀបរៀន របៀបបង្រៀន និងការស្រាវជ្រាវ។

ឯកឧត្តមបណ្ឌិតបន្ថែមថា តាមរយៈគំនិតផ្តួចផ្ដើមបង្កើតមន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិត (AI) សម្រាប់ការអប់រំ របស់សាកលវិទ្យាល័យខេមតិច បានបង្ហាញឱ្យឃើញពីការជំរុញដំណើរការស្រាវជ្រាវយ៉ាងសកម្ម ហើយឯកឧត្តមសូមទទួលស្គាល់ និងវាយតម្លៃខ្ពស់សម្រាប់សកម្មភាពនេះ។
សាស្រ្តាចារ្យបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមតិច លើកឡើងថា ការបង្កើតមន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិត សម្រាប់ការអប់រំ ជាការឆ្លុះបញ្ចាំងពីការគាំទ្រ និងឆន្ទៈរួមដំណើរដ៏មុតមាំរបស់ដៃគូទាំងអស់ដែលមិនអាចខ្វះបានជាមួយសាកលវិទ្យាល័យខេមតិចក្នុងទិសដៅលើកកម្ពស់ការអប់រំឧត្តមសិក្សាប្រកបដោយគុណភាព។

ទន្ទឹមនឹងការដាក់ដំណើរការមន្ទីរពិសោធន៍ បញ្ញាសិប្បនិម្មិត សម្រាប់ការអប់រំ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា បានជំរុញលើកទឹកចិត្ត ឱ្យអ្នកស្រាវជ្រាវកម្ពុជា ជំរុញការផលិតបច្ចេកវិទ្យានេះ ដើម្បីគ្រប់គ្រង និងប្រើប្រាស់ ដោយខ្លួនឯង ឱ្យស្របទៅនឹងបរិបទសង្គមកម្ពុជា។
“ខ្ញុំលើកទឹកចិត្តដល់ការជំរុញ មិនមែនតែ AI គេផលិតបាន ទើបយើងយកមកប្រើទេ យើងត្រូវតែធ្វើជាម្ចាស់ដំណើរនៃការទទួលយក បច្ចេកវិទ្យា ហើយប្រើប្រាស់បច្ចេកវិទ្យានេះ ឱ្យត្រូវនឹងបរិបទនៃការអភិវឌ្ឍរបស់យើង…”
គួរជម្រាបជូនថា មន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ (AI Lab for Education) ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យខេមតិច ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន Cogniser និងដៃគូសំខាន់ៗជាច្រើនទៀត៕































