អ្នកអប់រំ ៖ ឪពុកម្តាយគួរបញ្ឈប់ការប្រៀបធៀបលទ្ធផល​សិក្សារបស់កូនខ្លួនឯង​ជាមួយអ្នកដទៃ

លទ្ធផល​មិន​ល្អ​នៅ​ក្នុង​ការ​សិក្សា បាន​ក្លាយ​ជា​ប្រធាន​បទ​សម្រាប់​ឪពុកម្តាយ​មួយ​ចំនួន​​​យក​មកធ្វើ​ការ​ស្តី​បន្ទោស​កូនៗ រហូត​ប្រៀបធៀប​លទ្ធផលសិក្សា​របស់​កូន​ខ្លួន​ឯង ជាមួយ​នឹង​កូនអ្នកដទៃ ដូចជា​មិត្តភក្តិ ឬបងប្អូន​ជាដើម។ ទង្វើនេះ បានធ្វើ​ឱ្យ​កុមារ ឬ​យុវជន​មួយ​ចំនួន​មាន​បញ្ហា​ផ្លូវចិត្ត ហើយខ្លះ​រហូត​មានអារម្មណ៍​បាត់បង់​ខ្លួនឯង។

កញ្ញា បុប្ផា (ឈ្មោះដាក់ឱ្យ) បច្ចុប្បន្ន​ជា​និស្សិត​សាកលវិទ្យាល័យមួយ​នៅ​រាជធានីភ្នំពេញបាននិយាយថា រូបនាងធ្លាប់ទទួលអារម្មណ៍ថាមានសម្ពាធ បាត់ក្ដីសង្ឃឹម គិតអ្វីមិនចេញ នៅពេលម្ដាយប្រៀបធៀបលទ្ធផលសិក្សារបស់ខ្លួនរៀនមិនពូកែដូចមិត្តភក្ដិ។ បុប្ផា បន្តថា នៅពេលនោះរូបនាងខិតខំសិក្សាយ៉ាងខ្លាំងដើម្បីទទួលបាននិទ្ទេស A ឬនិទ្ទេស B ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៣ ប៉ុន្តែលទ្ធផលដែលនាងទទួលបានគឺនិទ្ទេស C ដែល​មិន​មែនជា​ក្តីរំពឹង​របស់ម្តាយ​នាងឡើយ។ បុប្ផា បន្ត​ថា នាងដឹងថាម្ដាយនិយាយចង់ឱ្យកូនល្អ ប៉ុន្តែនាងបានខិតខំអស់ពីសមត្ថភាពទៅហើយ តែ​ម្ដាយរបស់នាង​បែរជាប្រៀបធៀបរូបនាង​ជាមួយកូនអ្នកដទៃ​ដែលទទួលបានលទ្ធផលល្អជាងនាង។

ចំពោះបញ្ហានេះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគ​បញ្ហា​សង្គម និង​ជាអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានស្នើដល់​ឪពុកម្ដាយទាំងអស់គួរបញ្ឈប់ការប្រៀបធៀបលទ្ធផលសិក្សារបស់កូនខ្លួនជាមួយអ្នកដទៃ ហើយ​ត្រូវគិតអំពីការផ្ដល់ឱកាសឱ្យកូនរបស់ខ្លួនបានសិក្សារៀនសូត្រឱ្យបានពេញលេញទាំងនៅក្នុងកម្រិតបឋមសិក្សា កម្រិតមធ្យមសិក្សា ក៏​ដូចជា​ឧត្តមសិក្សា​។

អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់បន្ថែមថា ការប្រឡងបាក់ឌុប គឺជាការបញ្ជាក់ថា បានប្រឡងបញ្ចប់ភូមិសិក្សានៃមធ្យមសិក្សា ដោយ​មិនបានបញ្ជាក់ថា ជាការបញ្ចប់ការរៀនសូត្រទាំងស្រុងនោះទេ ដូច្នេះឱកាសរីកចម្រើននៃចំណេះនៅមានបន្តទៀត។ លោកបណ្ឌិត យង់ ពៅ បន្តថា និទ្ទេសប្រឡងបាក់ឌុប មិនបានកំណត់ជោគវាសនារបស់មនុស្សទេ ព្រោះមនុស្សត្រូវរៀនពេញមួយជីវិត ដើម្បីអភិវឌ្ឍខ្លួន រីកចម្រើន និងរស់រាន (រស់ រៀន រីកចម្រើន)។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត យង់ ពៅ បន្តថា បើទោះជាសិស្សនិទ្ទេស E ឬសិស្សនិទ្ទេស F ពួកគេក៏អាចមានសមត្ថភាពខ្លាំង នៅពេលបំពេញការងារអាជីពរបស់ខ្លួន។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ក៏បានផ្ដល់ឱកាសដល់យុវជនទាំងអស់មានឱកាសចូលរៀនជំនាញបណ្ដុះបណ្ដាលបច្ចេកទេស​ និងវិជ្ជាជីវៈ ដើម្បីមានអាជីពមួយច្បាស់លាស់បង្កើតជាមុខរបរសម្រាប់ចិញ្ចឹមជិវិត។

«សូមបង្កបរិយាកាសដែលជាបរិស្ថានអប់រំ ប្រកបដោយភាពកក់ក្ដៅទៅដល់យុវជនទើបល្អ ជៀសជាងការស្ដីបន្ទោស»

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community មានប្រសាសន៍ថា ការប្រៀបធៀបលទ្ធផលសិក្សាកូនរបស់ខ្លួនជាមួយកូនអ្នកដទៃ គឺដោយសារឪពុកម្ដាយមិនយល់ពីភាពខុសគ្នារបស់កូនម្នាក់ៗ។  លោក គីម ដារ៉ា បន្តថា ដើម្បីដោះស្រាយបញ្ហានេះ ទាល់តែឪពុកម្ដាយព្រមទទួលស្គាល់ភាពខុសៗគ្នារបស់មនុស្សម្នាក់ៗ ជាពិសេសកូនរបស់ខ្លួន ពីព្រោះមនុស្សម្នាក់ៗកើតមកនៅលើផែនដីសុទ្ធតែមានទេពកោសល្យខ្លាំងពូកែខុសៗគ្នា។

ស្ថាបនិកសាលាបង្វឹក Startup Community បញ្ជាក់បន្ថែមថា ការសិក្សាអប់រំតែមួយមុខ ក៏មិនអាចបញ្ជាក់បានថា កូនមួយណាពូកែជាងកូនមួយណាបានដែរ ព្រោះនៅពេលប្រកបអាជីពប្រចាំថ្ងៃ មិនមែនប្រើតែការសិក្សាអប់រំនោះទេ។ លោក គីម ដារ៉ា បន្តថា មានរឿងល្អជាច្រើនទៀតដែលឪពុកម្ដាយគួរផ្ដល់តម្លៃឱ្យកូន ដូចជា ភាពឧស្សាហ៍ព្យាយាម ភាពតស៊ូ ភាពដឹងគុណ និងភាពជាពលរដ្ឋល្អ។ កាលណាខ្វះចំណុចទាំងនេះ បើទោះបីជាមានកូនរៀនពូកែយ៉ាងក៏ដោយ ក៏មិនអាចក្លាយជាមនុស្សជោគជ័យទៅថ្ងៃអនាគតដែរ។

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community

លោក គីម ដារ៉ា ស្នើដល់ឪពុកម្ដាយត្រូវទទួលស្គាល់ភាពខុសៗគ្នារបស់កូនម្នាក់ៗ បន្តជំរុញទឹកចិត្តកូនឱ្យខិតខំប្រឹងបន្ថែម យល់ពីចិត្តកូន ជំរុញកូនឱ្យមានភាពក្លាហាន ទទួលស្គាល់ភាពជាខ្លួនឯង និងធ្វើតាមអ្វីដែលជាទេពកោសល្យរបស់ពួកគេ។ «នៅពេលកូនខិតខំប្រឹងប្រែង អនាគតពួកគេនឹងក្លាយជាមនុស្សជោគជ័យ ហើយឪពុកម្ដាយក៏មានមោទនភាពដោយសារមានកូនជាមនុស្សជោគជ័យ ជាមនុស្សពូកែ និងមានប្រយោជន៍សម្រាប់សង្គមជាតិ»។

យោង​តាម​ការស្រាវជ្រាវគេ​​បាន​រកឃើញថា ការប្រៀបធៀបរបស់ឪពុកម្ដាយ អាចនាំឱ្យសិស្សមានភាពតានតឹងក្នុងការសិក្សាកម្រិតខ្ពស់ ការថប់បារម្ភ និងការគោរពខ្លួនឯងទាប ជាពិសេស ពួកគេមានអារម្មណ៍ថា មិនអាចរស់នៅតាមការរំពឹងទុករបស់ឪពុកម្តាយ។ ការសិក្សាខ្លះ បង្ហាញថា សិស្សដែលប្រឈមមុខនឹងការប្រៀបធៀបញឹកញាប់អាចបង្កើតផ្នត់គំនិតទាបអំពីសមត្ថភាពរបស់ពួកគេ ដោយផ្តោតលើការធ្វើយ៉ាងណាឱ្យបានល្អជាងអ្នកដទៃ ជៀសជាងការអភិវឌ្ឍសមត្ថភាព និងការរៀនសូត្រផ្ទាល់ខ្លួន។

ជាមួយគ្នានេះ បើតាម​ក្រសួងកិច្ចការនារី ការអប់រំកូនដោយប្រៀបធៀបជាមួយអ្នកដទៃ មិនមែនជាឥរិយាបថអប់រំកូនតាមបែបវិជ្ជមាននោះទេ។ នៅក្នុងសតវត្សទី២១ ម្តាយឪពុកមានតួនាទីជាអ្នកផ្តល់ប្រឹក្សាផ្លូវចិត្ត ផ្តល់វិធីសាស្ត្រអប់រំឥរិយាបថគំរូ និងបង្កើតភាពកក់ក្តៅដល់កូន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *