អ្នកស្រី គីម ស៊ីដដាវីស សាស្រ្តាចារ្យជំនួយ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកបង្កើតវីដេអូអប់រំ អ្នកស្រីបានឱ្យដឹងថា ការគ្រប់គ្រងអារម្មណ៍សំខាន់ ប៉ុន្តែទម្រាំអ្នកស្រីរកឃើញថា នេះជាសញ្ញាអវិជ្ជមានប៉ះពាល់ដល់ការរស់នៅ និងមនុស្សជុំវិញខ្លួន។ គឺវាបានបង្កបញ្ហាជាច្រើន ចំពោះដំណើរជីវិតរបស់អ្នកស្រី ក្នុងរយៈពេលវែងរួចមកហើយ។
អ្នកស្រីបន្តថា ការខ្វះសមត្ថភាពនៅក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯង បានធ្វើឱ្យខូចប្រយោជន៍ក្នុងការរក្សាទំនាក់ទំនង និងការអភិវឌ្ឍខ្លួន។ ដើមឡើយ ស៊ីដដាវីស ជាមនុស្សដែលបុគ្គលិកលក្ខណៈ កាច ឆ្នាស ប៉ះមិនបាន រហូតដល់ហ៊ានប្រើប្រាស់ហិង្សាទៅកាន់ក្មេងវ័យស្របាក់ស្របាលគ្នាក្នុងគ្រាមានជម្លោះជាមួយនឹងគ្នា។ ហិង្សាកាលកុមារភាព បានឈានទៅដល់ការបង្កគ្រោះថ្នាក់របួសរាងកាយ និងបានដក់ជាប់ក្នុងអារម្មណ៍របស់អ្នកស្រីមកដល់បច្ចុប្បន្ន។ កត្តាទាំងនេះ បានប៉ះពាល់ផ្លូវចិត្ត ទៅកាន់ជីវិតរបស់អ្នកស្រីតាំងពីក្មេងរហូតដល់វ័យមួយ ដែលអ្នកស្រីមើលឃើញថា ដល់ពេលដែលត្រូវផ្លាស់ប្តូរទៅរកភាពវិជ្ជមាន គឺការបណ្តុះសមត្ថភាព ធ្វើយ៉ាងណាអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។

អ្នកស្រី ស៊ីដដាវីស បន្តថា ប្រសិនបើមិនទាន់រកឃើញថា ការគ្រប់គ្រងអារម្មណ៍ខ្លួនឯងមានសារៈសំខាន់នៅឡើយទេ ទោះមានវ័យ៤០ឆ្នាំ ក៏នៅតែមានអាកប្បកិរិយាដដែលដែរ។ ពីព្រោះការគ្រប់គ្រងអារម្មណ៍ មិនប្រាកដថា អាយុតិច ឬក៏ច្រើន ទើបអាចធ្វើវាបានទេ ហើយបើសិនអត់ដឹងពីខ្លួនឯង ក៏មិនអាចធ្វើបានដែរ។
ការដឹងថា គ្រប់គ្រងអារម្មណ៍ខ្លួនឯង មានសារៈប្រយោជន៍ គឺការផ្តើមស្វែងយល់ពីខ្លួនឯងមុនគេបង្អស់ ខ្ញុំស្វែងយល់ពីអាកប្បកិរិយាខ្លួនឯង សកម្មភាពដែលខ្លួនឯងធ្វើមានលក្ខណៈបែបណា ហើយអ្វីដែលសំខាន់គឺ ខ្ញុំស្រាវជ្រាវ រកបទពិសោធន៍អាក្រក់ៗ មួយចំនួនដែលកើតឡើង ក្នុងជីវិតរបស់ខ្ញុំ។

អ្នកផលិតវីដេអូអប់រំរូបនេះ បន្តថា ចំពោះរឿងមិនល្អ ដែលកើតឡើងកន្លងមក វាបណ្តាលមកពីអ្វី ? កើតឡើងដោយរបៀបណា? អ្នកស្រីរកឃើញថា ភាគច្រើន គឺមកពីអារម្មណ៍ទាំងអស់ មិនថាអារម្មណ៍ខឹង មិនថា អារម្មណ៍សោកសៅ អារម្មណ៍ភ័យ អារម្មណ៍ខ្លាច ភាគច្រើន គឺទាក់ទងនឹងអារម្មណ៍ទាំងអស់ ហើយវាបង្កបញ្ហាជាច្រើននាពេលកន្លងមក។ នៅពេលដែល អ្នកស្រី ស្វែងយល់ខ្លួនឯង ស្វែងរករឿងរ៉ាវទាំឡាយដែលទាក់ទងជាមួយនឹងអ្វីៗដែលបានកើតឡើង អ្នកស្រីចាប់ផ្តើមដឹងថា តើត្រូវធ្វើយ៉ាងម៉េចបន្តទៀត?
ពីមុននៅពេលដែលឮគេនិយាយថា អ្នកឯងប៉ះមិនបានទេ គឺកាន់តែខឹងខ្លាំង! គេនិយាយមក ខ្លួនឯងនេះមានអារម្មណ៍ថាឆាប់ខឹង។ ម៉េចបានគេគិតថាខ្ញុំជាមនុស្សបែបហ្នឹង ។ សូម្បីគេហៅខុសឈ្មោះក៏ខឹង។ ក្រោយមក ខ្ញុំទទួលស្គាល់ខ្លួនឯងថា ខ្ញុំជាមនុស្សដែលអារម្មណ៍ងាយរសើប អារម្មណ៍ងាយប៉ះ និងរកគន្លឹះដោះស្រាយ។
អ្នកស្រី គីម ស៊ីដដាវីស បន្តរំលេចថា បន្ទាប់ពីស្វែងរកមូលហេតុ ការយល់ពីខ្លួនឯង ទទួលស្គាល់ការពិត បន្ទាប់មកទៀត អ្នកស្រីរិះរកវិធីសាស្រ្ត ដើម្បីដោះស្រាយជាច្រើន និងជ្រើសតែវិធីសាស្រ្តណាដែលសមស្របជាមួយខ្លួនឯងប៉ុណ្ណោះ ហើយអ្វីដែលអ្នកស្រីលើកយកមកបង្ហាញជូន គឺរបៀបនៃការឆ្លើយតបមួយដ៏សមរម្យ មិនលឿនពេក ជារួមគឺឆ្លើយតបឱ្យយឺតបំផុត។ គ្រាន់តែជ្រើសយកការឆ្លើយតប បែបវិជ្ជមាន បានធ្វើឱ្យអារម្មណ៍កាន់តែប្រសើរជាងមុន។ រៀងរាល់ពេលដែលអារម្មណ៍ប៉ះអ្វីដែលអាចធ្វើបាន គឺទប់ចិត្តបន្តិច មិនបាច់ឆ្លើយតបភ្លាមៗទេ។ អ្នកស្រី បញ្ជក់ចុងក្រោយថា កុំឱ្យអារម្មណ៍ខ្លួនឯង បំផ្លាញមនុស្សល្អៗ នៅជុំវិញខ្លួនឯងឱ្យសោះ៕




























