ក្រុមហ៊ុនបច្ចេកវិទ្យាដ៏លេចធ្លោរបស់សហរដ្ឋអាមេរិក OpenAI បានបង្ហាញជាលើកដំបូងនូវបច្ចេកវិទ្យា ChatGPT ថ្មីមួយទៀត ដែលមានឈ្មោះថា ChatGPT Edu ដោយផ្ដោតសំខាន់ទៅលើការពង្រឹងបទពិសោធន៍សិក្សានៅកម្រិតឧត្តមសិក្សា ។ ដោយផ្អែកលើមូលដ្ឋានបច្ចេកវិទ្យាដ៏អស្ចារ្យនៃ GPT-4.0 បច្ចេកវិទ្យា ChatGPT Edu ត្រូវបានកំណត់ ដើម្បីផ្លាស់របៀបដែល សិស្ស និស្សិត អ្នកស្រាវជ្រាវ និងអ្នកធ្វើការក្នុងមហាវិទ្យាល័យ ធ្វើអន្តរកម្មជាមួយបញ្ញាសិប្បនិម្មិត (AI)។
យុគសម័យថ្មីនៃបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសិក្សាស្រាវជ្រាវ
បច្ចេកវិទ្យា ChatGPT Edu បានបង្កើតនូវភាពជោគជ័យ ដែលគេបានមើលឃើញនៅតាមបណ្ដាស្ថាប័នអប់រំល្បីៗជាច្រើនដូចជា សាកលវិទ្យាល័យ Oxford, សាលា Wharton នៃសាកលវិទ្យាល័យ Pennsylvania, សាកលវិទ្យាល័យ Texas នៃរដ្ឋ Austin, សាកលវិទ្យាល័យ Arizona State និងសាកលវិទ្យាល័យ Columbia ។ សាកលវិទ្យាល័យទាំងនេះ បានបង្ហាញឱ្យឃើញនូវឥទ្ធិពលវិជ្ជមាននៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យអប់រំ។ បច្ចេកវិទ្យានេះ បានជំរុញលទ្ធផលនៃការសិក្សាបានកាន់តែប្រសើរ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ តាមរយៈ ChatGPT Enterprise ។

លក្ខណៈពិសេសនៃបច្ចេកវិទ្យានេះ
សមត្ថភាពដ៏អស្ចារ្យរបស់ ChatGPT Edu អាចក្លាយជាជំនួយការនៃការធ្វើការកិច្ចការស្រាវជ្រាវជាច្រើន។ ជាក់ស្ដែង វាផ្ដល់នូវការបង្រៀនផ្ទាល់ខ្លួន, ជួយពិនិត្យឡើងវិញនូវប្រវត្តិរូបសង្ខេប និងជួយអ្នកស្រាវជ្រាវធ្វើពង្រាងពាក្យសុំជំនួយ ជាដើម។ ការអនុវត្តប្រកបដោយភាពច្នៃប្រឌិត នៅអំឡុងពេលសាកល្បងរួមមាន៖
- សាកលវិទ្យាល័យ Columbia ៖ ក្រុមការងាររបស់សាស្ត្រាចារ្យ Nabila El-Bassel បានប្រើ GPT ដើម្បីវិភាគសំណុំទិន្នន័យធំ ដោយបង្កើនល្បឿននៃការស្រាវជ្រាវរបស់ខ្លួន។
- សាលា Wharton ៖ សិស្សរបស់សាស្ត្រចារ្យ Ethan Mollick បានធ្វើការសន្ទនា ដែលមានលក្ខណៈស៊ីជម្រៅជាមួយ ChatGPT ដើម្បីបង្កើនបទពិសោធន៍សិក្សារបស់ពួកគេ។
- សាកលវិទ្យាល័យរដ្ឋអារីហ្សូណា ៖ ជំនួយការសាស្រ្តចារ្យ Christiane Reves បង្កើតភាសា Buddies GPT ដើម្បីជួយសម្រួលដល់ការសន្ទនាភាសាអាឡឺម៉ង់ ដែលតម្រូវតាមជំនាញរបស់សិស្ស ដើម្បីបង្កើនប្រសិទ្ធភាពរៀនភាសា និងការសន្សំពេលវេលាសិក្សានៅមហាវិទ្យាល័យ។
ការប្រើប្រាស់ ChatGPT Edu

ដើម្បីបង្កើនអត្ថប្រយោជន៍បន្ថែមទៀត ChatGPT Edu ផ្ដល់ឱ្យសាកលវិទ្យាល័យនូវមធ្យោបាយ ដែលមានតម្លៃសមរម្យ និងសុវត្ថិភាពក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ។ លក្ខណៈពិសេសរបស់វារួមមាន៖
- សមត្ថភាពកម្រិតខ្ពស់ ៖ សមត្ថភាពនៃបច្ចេកវិទ្យា GPT-4.0 គឺពូកែក្នុងការបកស្រាយអត្ថបទ សរសេរកូដ ដោះស្រាយលំហាត់គណិតវិទ្យា រួមជាមួយនឹង ឧបករណ៍សម្រាប់វិភាគទិន្នន័យ រុករកព័ត៌មាន និងសង្ខេបឯកសារ។
- ការប្ដូរតាមបំណង និងការចែករំលែក ៖ សាកលវិទ្យាល័យអាចបង្កើត និងចែករំលែកកំណែ GPT ផ្ទាល់ខ្លួននៅក្នុងកន្លែងធ្វើការរបស់ខ្លួន។
- ធ្វើឱ្យការទំនាក់ទំនងប្រសើរឡើង ៖ ជាមួយនឹងការប្រើប្រាស់បានជាង ៥០ភាសា អ្នកប្រើប្រាស់កាន់តែងាយស្រួលប្រើ ចំណែកល្បឿននៃការប្រើប្រាស់កាន់តែរហ័ស និងប្រសើរឡើង។
- សុវត្ថិភាពខ្ពស់ ៖ ការប្រើប្រាស់បច្ចេកវិទ្យានេះ ធានាបាននូវឯកជនភាពទិន្នន័យ ជាមួយនឹងការគ្រប់គ្រងរដ្ឋបាលដូចជា ការអនុញ្ញាតឱ្យគ្រប់គ្រងជាក្រុម និងការគ្រប់គ្រងតាមរបៀប SSO, SCIM និង GPT ជាដើម។
- ងាយស្រួលប្រើ ៖ លទ្ធផលនៃការសន្ទនា គឺមានលក្ខណៈស៊ីជម្រៅ និងទូលំទូលាយជាង ជំនាន់ ChatGPT ដែលមិនគិតថ្លៃសេវា។
លោក Kyle Bowen អនុប្រធាន CIO នៃសាកលវិទ្យាល័យ Arizona State បានលើកឡើងថា «ការួមបញ្ចូលបច្ចេកវិទ្យារបស់ OpenAI ទៅក្នុងក្របខ័ណ្ឌអប់រំ និងប្រតិបត្តិការការងារក្នុងស្ថាប័នអប់រំ អាចបង្កើនល្បឿននៃការផ្លាស់ប្ដូរនៅក្នុងសាលា។»
ChatGPT Edu តំណាងឱ្យជំហានថ្មីដ៏សំខាន់មួយ ក្នុងការធ្វើឱ្យបញ្ញាសិប្បនិម្មិត (AI) កាន់តែងាយស្រួលប្រើប្រាស់ និងមានប្រយោជន៍សម្រាប់ស្ថាប័នអប់រំទូទាំងពិភពលោក៕































