ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន១៨ កាលពីពេលថ្មីៗនេះ បានដាក់ឱ្យប្រើប្រាស់ថា្នលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ។
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពសម្រាប់ផ្ទៀតផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ។ សញ្ញាបត្រដែលមានដាក់បញ្ចូល QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺអាចយកទៅប្រើប្រាស់បាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។
ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះ មានគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជាស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថលព្រមទាំងធ្វើឱ្យការរស់នៅកាន់តែមានភាពងាយស្រួល។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានគូសបញ្ជាក់អំពីការគិតគូររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការជួយគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការបញ្ជ្រាបចំណេះដឹងបច្ចេកវិទ្យាឌីជីថលដល់និស្សិតដែលជាធនធានវ័យក្មេងដ៏មានសក្តានុពល សម្រាប់កសាងពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្ថែមថា ក្រសួងបានខិតខំប្រឹងប្រែងក្នុងការរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដ៏រឹងមាំសម្រាប់កម្ពុជា តាមរយៈការបង្កើត និងដាក់ឱ្យប្រើហេដ្ឋារចនាសម្ព័ន្ធនិងថ្នាលបច្ចេកវិទ្យាឌីជីថលផ្សេងៗ ដើម្បីជួយដល់ការធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។ ឯកឧត្តម ក៏បានទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធឱ្យកែប្រែទម្លាប់ចាស់ បង្កើតទម្លាប់ថ្មី ដោយសម្របខ្លួនតាមការវិវត្តនបច្ចេកវិទ្យាឌីជីថល ដើម្បីទាញយកផលប្រយោជន៍ជាច្រើនពីបច្ចេកវិទ្យាឌីជីថល សម្រាប់បម្រើតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ និងធ្វើឱ្យការរស់នៅកាន់តែងាយស្រួល ព្រមទាំងជួយដល់ការបំពេញការងារនៅក្នុងយុគសម័យឌីជីថលកាន់តែមានប្រសិទ្ធភាពខ្ពស់។

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានសម្រេចជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅក្នុងគ្រឹះស្ថានឧត្តមសិក្សាទាំង១៨ ដែលជាហេដ្ឋារចនាសម្ព័ន្ធស្នូលសម្រាប់ផ្តល់សេវាអ៊ីនធឺណិតជូនដល់និស្សិត បុគ្គលិកសិក្សា និងសាស្ត្រាចារ្យ ក្នុងការសិក្សាស្រាវជ្រាវ និងបំពេញការងារ ដែលជាចលករដ៏សំខាន់ក្នុងការសម្រេចបាននូវការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ។
គ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន១៨ ដែលបានដាក់ឱ្យប្រើប្រាស់ថា្នលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រួមមាន ១. វិទ្យាស្ថានវ៉ាន់ដា ២. សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ៣. សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ៤. សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ៥. សាកលវិទ្យាល័យវេស្ទើន ៦. សាកលវិទ្យាល័យអន្តរជាតិ ៧. សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ៨. សាកលវិទ្យាល័យមេគង្គកម្ពុជា ៩. សាកលវិទ្យាល័យធនធានមនុស្ស ១០. វិទ្យាស្ថានអាយ ស៊ី អេស ១១. សាកលវិទ្យាល័យបៀលប្រាយ ១២. សាកលវិទ្យាល័យចេនឡា ១៣. សាកលវិទ្យាល័យអង្គរខេមរា ១៤. សាកលវិទ្យាល័យកម្ពុជា ១៥. សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ១៦. វិទ្យាស្ថានអាហ្កា ១៧. វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ និង១៨. វិទ្យាស្ថានអាយធី អេឃើដឺមី ស្ទេប។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ មានគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជនចំនួន៤២ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ ក.ប.ទ. ក្នុងការដាក់ឱ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់សញ្ញាបត្រកម្រិតឧត្តមសិក្សាចេញដោយគ្រឹះស្ថានឧត្តមសិក្សាទាំងនោះ៕
































