ថ្លែងក្នុងវេទិកាផ្សព្វផ្សាយពីចលនា និងសកម្មភាពសមាគមកាយឫទ្ធិនារីកម្ពុជា នៅក្នុងអង្គការ ប៉េ អេស អឺ (PSE ) កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤កន្លងទៅ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា មានប្រសាសន៍ថា ចលនាកាយឫទ្ធិនារីកម្ពុជា ផ្តល់ឱកាសឱ្យកុមារី និងយុវតី កសាងទំនុកចិត្ត និងចូលរួមក្នុងសកម្មភាពសង្គម។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្ថែមថា ចលនាកាយឫទ្ធិនារីកម្ពុជា មិនត្រឹមតែមានគោលដៅផ្ដល់ភាពសប្បាយរីករាយសម្រាប់កុមារី និងយុវតីប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពអប់រំក្រៅប្រព័ន្ធមួយ ដែលផ្តល់ឱកាសឱ្យកុមារី និងយុវតី សាកល្បងចូលរួមសកម្មភាពសង្គមផ្សេងៗ ដើម្បីកសាងទំនុកចិត្ត និងការចាប់អារម្មណ៍របស់ពួកគេលើបញ្ហាសង្គម និងការអភិវឌ្ឍប្រទេសជាតិ។
អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បញ្ជាក់ថា ចលនាកាយឫទ្ធិនារី គឺជាសកម្មភាពក្រៅរដ្ឋាភិបាល ដែលមិនប្រកាន់បក្ខពួក វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងជាចលនាកើតឡើងដោយការស្ម័គ្រចិត្តផ្ទាល់ខ្លួនរបស់សមាជិកាម្នាក់ៗ ដោយមិនមានការបង្ខិតបង្ខំ និងមិនមានការប៉ះពាល់ដល់ការសិក្សា ឬការបំពេញការងារទ្បើយ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តថា គោលបំណងរបស់សមាគមកាយឫទ្ធិនារីពិភពលោក គឺការជួយអភិវឌ្ឍថាមពលកុមារី យុវតី ដើម្បីក្លាយខ្លួនទៅជាពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ ក៏ដូចជាស្របតាមចក្ខុវិស័យជាក់លាក់មួយ គឺការចង់ឃើញកុមារី និងយុវតីកម្ពុជា រស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទកភាពចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន ។ សមាគមកាយឫទ្ធិនារីកម្ពុជា ក៏ទទួលបានប្រកាសនីយបត្រ និងផ្លាកសញ្ញា ពីមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (FAPW) និងបានខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងសម្រេចបានសមិទ្ធផលជាច្រើន ដោយប្រកាន់ខ្ជាប់នូវបេសកកម្មរបស់សមាគម។
លោកជំទាវបណ្ឌិត ក៏បានចែករំលែកបទពិសោធន៍ជីវិត និងការងារ ដល់ប្អូនៗសិស្ស-និស្សិត ដើម្បីជាគន្លឹះយកទៅអនុវត្តក្នុងការកសាងអនាគត និងជីវិតឱ្យប្រសើរឡើង ព្រមទាំងជំរុញទឹកចិត្តឱ្យចូលរួមសកម្មភាពស្ម័គ្រចិត្ត និងចែករំលែកបទពិសោធន៍លើសកម្មភាពការងារសង្គមនានាកាន់តែខ្លាំងក្លាបន្ថែមទៀត។
គួរជម្រាបជូនថា មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (Friends of Asia Pacific WAGGGS) ហៅកាត់ថា “FAPW“ គឺជាក្រុមអ្នកគាំទ្រដ៏ខ្ពង់ខ្ពស់សម្រាប់លើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយលោកស្រីបណ្ឌិត Juseon Byun និងមានម្ចាស់ក្សត្រី Azizah_of Pahang ជាព្រះប្រធានកិត្តិយស។ គិតត្រឹមឆ្នាំ២០២៣ នេះ សម្រាប់ប្រទេសកម្ពុជា មានសមាជិក FAPW សរុបចំនួន២៣៩រូប ដោយមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាសមាជិកគាំទ្រថ្នាក់មាស (Gold Supporter) របស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក៕

































