មុននឹងសម្រេចចិត្តចូលរៀននៅសាកលវិទ្យាល័យណាមួយ ត្រូវបំផុសសំណួរមួយចំនួនដូចជា តើមានកម្មវិធីសិក្សាអ្វីខ្លះ ដែលសាកលវិទ្យាល័យអាចផ្តល់ជូនទៅកាន់សិស្ស? តើមានសិស្សចំនួនប៉ុន្មានកំពុងរៀនមុខជំនាញដែលអ្នកកំពុងតែដាក់គោលដៅរៀន? ហើយកន្លងមកមានសិស្សបញ្ចប់ការសិក្សាផ្នែកនោះចំនួនប៉ុន្មាននាក់ដែរ? តើមានថ្នាក់បង្រៀនគ្រប់គ្រាន់ដែរទេ ឬថា តើមានចំនួនគ្រូនិងបុគ្គលិកប្រហែលប៉ុន្មានកំពុងតែប្រតិបត្តិក្នុងសាលានាពេលបច្ចុប្បន្ន?
យោងតាមគេហទំព័រ healthychildren បានបង្ហាញវិធីបីជំហានដែលសិស្សត្រូវដឹង មុនពេលសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យ ឬវិទ្យាស្ថានណាមួយដើម្បីបន្តអភិវឌ្ឍសមត្ថភាព ដោយឆ្លើយតបនឹងគោលបំណងនៃការសិក្សារបស់ខ្លួន។
ជំហានទី១ ស្រាវជ្រាវ និងអាន ៖ ហាងសៀវភៅ និងបណ្ណាល័យ បានដាក់តាំងឯកសារជាច្រើន ក្នុងនោះក៏មានការនិយាយអំពីសាកលវិទ្យាល័យផងដែរ ដើម្បីជាការបង្ហាញផ្លូវ ឬជាមគ្គុទ្ទេសក៍សម្រាប់អ្នកសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យ ។ អានសេចក្ដីព័ណ៌នាទាក់ទងនឹងព័ត៌មានសាលា ជាវិធីសាស្រ្តមួយជួយឱ្យការសម្រេចចិត្តមានគុណភាព។

ជំហានទី២ សួរសំណួរ ៖ ការទៅសាកសួរព័ត៌មាន នៅសាលាផ្ទាល់គឺជាជម្រើសល្អហើយ ប៉ុន្តែយ៉ាងណា ការផ្តល់សេចក្ដីអធិប្បាយអាចនឹងមានភាពខ្វះចន្លោះ ដូច្នេះមានតែការសួរលម្អិតបន្ថែមនោះទេ ទើបអាចទទួលបានព័ត៌មានដែលឆ្លើយតបនឹងតម្រូវការរបស់អ្នក ។ ការសួរលោកអ្នកគ្រាន់តែចាប់ផ្តើមដោយការសុំបទពិសោធន៍អ្នកដែលរៀនពីមុនៗ តើត្រូវត្រៀមខ្លួនបែបណា? ឬមួយវិញទៀតចូលទៅអានព័ត៌មានដែលនិស្សិតផ្សេងៗទៀតបានសួរនៅក្នុងគេហទំព័រដែលបានចងក្រងទុកកាលពីឆ្នាំមុនៗ ពីព្រោះបច្ចុប្បន្ននេះ សាលាមួយចំនួនមានគេហទំព័រផ្ទាល់ខ្លួនរួចជាស្រេចតែម្តង ដើម្បីផ្សព្វផ្សាយព័ត៌មានសាលា។

ជំហានទី៣ ទៅទស្សនៈកិច្ចទីតាំងសាលាដោយផ្ទាល់ ៖ វិធីសាស្រ្តដែលល្អ គឺការទៅទស្សនៈកិច្ចសិក្សានៅសាលាផ្ទាល់តែម្តង អាចថា កំឡុងពេលរៀនមធ្យមសិក្សាទុតិយភូមិ ឬឆ្នាំទី១ និងឆ្នាំទី២។ សិស្សគួរតែទៅមើលទីតាំងសាកលវិទ្យាល័យបន្ថែម ទោះតិចក្ដី ច្រើនក្ដី តែយ៉ាងហោចណាស់ ត្រូវតែសាកល្បង ដើម្បីធ្វើឱ្យរស់ជាតិជីវិតនៅសាកលវិទ្យាល័យមានន័យ។ សិស្សអាចស្នើសុំទៅទស្សនាជាក្រុមតាមរយៈរដ្ឋបាលសាលា ឬនៅពេលដែលសាលាបើកវគ្គទទួលសិស្សឱ្យទៅទស្សនៈកិច្ច។ ចំណុចនេះមានប្រសិទ្ធភាពដោយសារតែ រដ្ឋបាលនៅសាលា ឬអ្នកណែនាំបានបង្ហាញផែនទី ឬក៏របៀបនៃការសិក្សាដើម្បីបញ្ជាក់ព័ត៌មានបន្ថែម។ ជាទូទៅសាលាក៏បានធ្វើបែបនេះដែរ គឺអនុញ្ញាតឱ្យសិស្សមានឱកាសក្នុងការស្គាល់អំពីសាលាបន្ថែម ហើយសាលាត្រូវតែមានអ្នកមកបង្ហាញរាល់បរិវេណសាលា និងសេវាកម្មទាំងអស់ទៅកាន់សិស្ស ដើម្បីកុំប៉ះពាល់ផលបែបអវិជ្ជមាន ដល់ការសម្រេចចិត្តរបស់សិស្សទាំងឡាយ៕































