ភ្នំពេញ – ថ្លែងក្នុងសិក្ខាសាលាស្ដីអំពី បារីអេឡិចត្រូវនិច នៅសាលារាជានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បារីអេឡិចត្រូនិកផ្ដល់ផលប៉ះពាល់ខ្លាំងដល់យុវជន និងកុមារដែលជំរុញដល់ការប្រើប្រាស់គ្រឿងញៀន ប្រសិនបើពុំមានការចាត់វិធានការទប់ស្កាត់ និងអប់រំឱ្យបានទាន់ពេលវេលា។
ឧត្តមសេនីយ៍ទោ លឹម តុងហួត បន្ថែមថា បារីអេឡិចត្រូនិក ឬវេប ពិតជាបង្កបញ្ហាដល់សង្គមពិតប្រាកដមែន ដោយមានការលួចលាក់ប្រើប្រាស់ និងធ្វើអាជីវកម្មក្រោមរូបភាពផ្សេងៗ។ ទោះយ៉ាងនេះក្ដី អាជ្ញាធរនិងគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនតាមខេត្ត នៅតែខិតខំរកគ្រប់មធ្យោបាយក្នុងការទប់ស្កាត់ ដើម្បីកុំឱ្យមានការនាំចូលផលិតផលទាំងអស់នេះ មកបន្តចែកចាយនៅក្នុងប្រទេសកម្ពុជា។
ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បន្ថែមថា ដោយសារការប្រើប្រាស់បារីអេឡិចត្រូនិច អាចឈានទៅដល់ការប្រើប្រាស់គ្រឿងញៀន ទើបបានជាសមត្ថកិច្ចត្រូវចុះបង្ក្រាប ហើយអាជ្ញាធរមានក្ដីព្រួយបារម្ភខ្លាំង នៅពេលអ្នកលក់សារធាតុញៀនចូលទៅក្នុងផលិតផលបារីអេឡិចត្រូនិចទាំងអស់នោះ ដែលធ្វើឱ្យសិស្សវង្វេង និងវិវត្តទៅរកការប្រើប្រាស់គ្រឿងញៀននៅថ្ងៃអនាគត។ ឧត្តមសេនីយ៍ទោ ក៏បានសំណូមពរដល់ឪពុកម្ដាយដែលមានកូនរៀននៅតាមគ្រឹះស្ថានសិក្សាទាំងអស់ គឺទី១. ត្រូវណែនាំដល់កូនចៅរបស់ខ្លួនកុំឱ្យសាកល្បងប្រើប្រាស់ផលិតផលបារីអេឡិចត្រូវនិច ទី២. ផ្ដល់កិច្ចសហការជាមួយសាលា ទី៣. ផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីជួយឱ្យបានទាន់ពេលវេលា។
ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
“យើងបានធ្វើការផ្សព្វផ្សាយបញ្ហានេះ គឺខំទប់ស្កាត់កុំឱ្យមានការប្រើប្រាស់ ដោយធ្វើការបង្រ្កាបទៅដល់ជនដែលឆ្លៀតឱកាសនិយមតែងតែមិនគិតគូរអំពីសុខភាពកូន ចៅរបស់ប្រជាពលរដ្ឋខ្មែរ គឺយើងនឹងបង្ក្រាប និងដាក់វិន័យផ្សេងៗ”

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់បំផុត ព្រោះវាផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះយុវជន និងកុមារ។ សារធាតុនីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញា ស្មារតី និងប្រាជ្ញារបស់កុមារ ។ ចំពោះ យុវជន នីកូទីន ធ្វើឱ្យមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្ររបស់ពួកគេ។ ចំណែក សារធាតុផ្សេងទៀត ដូចជាប្រូពីលែនគ្លីកូល (Propylene glycol) និង គ្លីសេរីន (Glycerin) ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូង។
ជាមួយគ្នានេះ ឯកឧត្តម អ៊ីមរ៉ន ហាស្សាន់អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ធីភី ពិតជាមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់សង្គមកម្ពុជាទាំងកុមារ និងយុវជន ។ ឯកឧត្តម អ៊ីមរ៉ន ក៏បានផ្ដល់អនុសាសន៍ឆ្លើយតបនឹងបញ្ហានេះ រួមមាន ទី១. រឹតបន្តឹង និងអនុវត្តតាមការហាមឃាត់ ការប្រើប្រាស់ ការចែកចាយ និងការធ្វើអាជីវកម្មបារីអេឡិចត្រូនិច និងផលិតផលអេចឈ៍ធីភី ស្របតាមលិខិតគតិយុត្តិដែលមាននៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានតឹងរឹង, ទី២.យកចិត្តទុកដាក់បន្ថែមក្នុងការចុះអន្តរាគមន៍ បង្រា្កបបទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋាន, ទី៣. បន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីកំណត់មុខសញ្ញាល្មើស និងបិទទីតាំងដែលប្រកបអាជីវកម្មបារីអេឡិចត្រូនិច។

គួរជម្រាបជូនថា ផលិតផលបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី (HTPs) ត្រូវបានហាមឃាត់ប្រើប្រាស់ ចែកចាយ ធ្វើអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា នេះបើយោងតាមសេចក្ដីណែនាំស្ដីពីការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (Sisha) និងបារីអេឡិចត្រូនិក (E-Cigarette) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះឆ្នាំ២០១៤ និងឆ្នាំ២០២១។ ប្រសិនបើប្រជាពលរដ្ឋ ឬសាធារណៈជនឃើញមានការប្រើប្រាស់ ឬឬការជួញដូរនូវផលិតផលបារីអេឡិចត្រូនិច ដោយផ្ទាល់ឬតាមប្រព័ន្ធអនឡាញ សូមរាយការណ៍ទៅមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីចាត់វិធានការតាមផ្លូវច្បាប់ តាមទូរស័ព្ទលេខ ០១១ ២៤៨ ៨៨៨, ០១៥ ២២២ ២២៦, ០៦១ ៦៦១ ៦៦១៕































