ព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឬស៊ីហ្គេម បាននិងកំពុងប្រព្រឹត្តធ្វើនៅក្នុងប្រទេសកម្ពុជាយ៉ាងផុសផុល ។ សម្រាប់យុវជនកម្ពុជា បានមើលឃើញថា ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ បានកំពុងបង្កើនកេរ្តិ៍ឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ក្នុងនោះក៏កំពុងធ្វើឱ្យប្រជាជន ក៏ដូចជាយុវជនបង្កើនសាមគ្គីភាពផងដែរ។
កញ្ញា ម៉ាត់ ស្រីនីត និស្សិតសកលវិទ្យាល័យបញ្ញាសាស្រ្ត បានប្រាប់ថា នាងចាប់អារម្មណ៍អំពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក្នុងហេតុផលថា កម្ពុជាគឺជាប្រទេសមួយដែលកំពុងអភិវឌ្ឍន៍ ហើយបើទោះបីជាកំពុងអភិវឌ្ឍមែន ប៉ុន្តែអាចក្លាយខ្លួនទៅជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះល្បីល្បាញបន្ថែម។

នៅក្នុងព្រឹត្តិការណ៍នេះ ស្រីនីតយល់ឃើញថា យុវជនអាចមានឱកាសសិក្សាបន្ថែមអំពី អរិយធម៌ និងវប្បធម៌គ្រប់ផ្នែកទាំងអស់ដែលកម្ពុជាយើងមានតាំងពីបុរាណកាលមក ព្រោះនៅក្នុងព្រឹត្តិការណ៍ក៏បានរំលេចបង្ហាញ ទៅដល់ជនជាតិ ឬអន្តរជាតិ តាមរយៈសិល្បៈ និងរូបភាពនានា។ មួយវិញទៀត យុវជនក៏អាចមើលឃើញពីផ្នែកនីមួយៗរបស់វប្បធម៌ខ្មែរ បណ្តាលឱ្យបង្កើនការឱ្យតម្លៃ និងស្គាល់ពីភាពអស្ចារ្យរបស់ខ្មែរ ថាមានសក្តានុពលបែបណា។ លើសពីនោះ ថែមទាំងបង្កើនភាពសាមគ្គី ភាពមោះមុត ភាពចម្រុះ របស់ខ្មែរតាំងពីសម័យបុរាណមក។

ស្រីនីតសង្កេតឃើញថា យុវជនគួរតែអនុវត្តន៍ វិធីសាស្រ្តបីចំណុច ដើម្បីចូលរួមលើកកម្ពស់កម្មវិធីឱ្យកាន់តែមានភាពរស់រវើក ដែលមានដូចជា ៖ ១. ចូលរួមលើកទឹកចិត្តឱ្យអស់ពីសមត្ថភាពរបស់យើងទៅកាន់កីឡាអត្តពលកម្ម ក៏ដូចជាអ្នកដែលបានបង្ហាញអំពីវប្បធម៌ របស់ខ្មែរនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម របស់កម្ពុជាយើង ដើម្បីឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការបង្ហាញដល់ប្រទេសនានាពីភាពអស្ចារ្យ របស់ប្រទេសខ្មែរយើង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ។ ២. ក្នុងនាមយើងជាប្រជាជនដែលរស់នៅក្នុងប្រទេសជាម្ចាស់ផ្ទះ ហើយទទួលភ្ញៀវពីសំណាក់ប្រទេសនានាដែលចូលរួមក្នុងកម្មវិធីរបស់យើង គឺត្រូវតែថែរក្សានូវសណ្តាប់ធ្នាប់ឱ្យប្រសើរ ហើយមិនបង្កនូវភាពរញ៉េរញៃ នៅក្នុងព្រឹត្តិការណ៍។ ៣. ត្រូវធ្វើជាយុវជនគំរូ មិនបោះចោលសំរាម ហើយនៅពេលដែលបញ្ចប់កម្មវិធីកីឡាស៊ីហ្គេមរបស់ប្រទេសកម្ពុជា អាចចូលរួមរើសសំរាម ឬក៏ចូលរួមសម្អាតទៅតាមលទ្ធភាពក្រោយបញ្ចប់កម្មវិធី។
ចំណែក កញ្ញា សុខ វីរីយ៉ា និស្សិតទំនាក់ទំនងអន្តរជាតិបាននិយាយថា ព្រឹត្តិការណ៍នេះ ជាឱកាសឱ្យប្រជាជនសមាជិកអាស៊ានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ជួយសេដ្ឋកិច្ចប្រទេសកម្ពុជា និងបង្ហាញពីអត្តសញ្ញាណខ្មែរដែលធ្វើឱ្យទាក់ទាញមួយកម្រិតទៀត។

តាមរយៈព្រឹត្តិការណ៍នេះ វីរីយ៉ា មើលឃើញថា វាបានជួយជំរុញយុវជនដែលស្រឡាញ់កីឡាឱ្យខិតខំប្រឹងប្រែង ព្រោះបានឃើញទិដ្ឋភាពអស្ចារ្យនៅព្រឹត្តិការណ៍ស៊ីហ្គេម ដោយមានការទះដៃអបអរសាទរ គាំទ្រ និងបង្កើតឱ្យប្រជាជន ឬយុវជនមានភាពសាមគ្គីគ្នាបន្ថែម។ ក្នុងនាមជាយុវជន វីរីយ៉ា សង្កេតឃើញថា ដើម្បីចូលរួមលើកកម្ពស់កម្មវិធីនេះ ឱ្យល្អប្រសើរ យុវជនគួរកាត់បន្ថយការរើសអើងជាតិសាសន៍ មិនបង្កជម្លោះក្នុងការប្រកួត ឬកំឡុងពេលទៅទស្សនាការប្រកួត៕































