ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា អង្គការ KAPE និងក្រុមហ៊ុន Meta បានប្រកាសដាក់ដំណើរការកម្មវិធីសិក្សាថ្មីមួយ គឺកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ (Khmer Digital Literacy Programme) ដើម្បីលើកកម្ពស់ជំនាញឌីជីថលនៅក្នុងវិស័យអប់រំ ។
ថ្លែងក្នុងពិធីការដាក់ដំណើរការជាផ្លូវការនៃកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣កន្លងទៅ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីបង្កើតរដ្ឋាភិបាលឌីជីថលទាមទារនូវពលរដ្ឋឌីជីថលដែលត្រូវការជាចាំបាច់នូវការអប់រំបែបឌីជីថល។
លោកជំទាវ គឹម សេដ្ឋានី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Meta ដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ KAPE ដើម្បីដំណើរការគម្រោងនេះឡើង ដែលជាផ្នែកមួយនៃការបណ្ដុះបំណិនសតវត្សរ៍ទី២១ ហើយមិនត្រឹមតែបណ្ដុះបណ្ដាលគ្រូបង្គោលប៉ុណ្ណោះទេ គឺថែមទាំងបណ្ដុះបណ្ដាលដល់សិស្សានុសិស្សតែម្តង ដែលជាផ្នែកមួយនៃការជំរុញការអប់រំបែបឌីជីថលនៅកម្ពុជា។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
“វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ជូនសាលារៀននូវជំនាញចាំបាច់ដើម្បីភាពរីកចម្រើនក្នុងយុគសម័យឌីជីថល”
បើតាមគោលនយោបាយឌីជីថលកម្ពុជាឆ្នាំ ២០២២-២០២៥ បានបង្ហាញថា ការបញ្ជ្រាបកម្មវិធីអក្ខរកម្មឌីជីថលក្នុងប្រព័ន្ធអប់រំរដ្ឋ និងឯកជនត្រូវបានបញ្ចូលក្នុងរបៀបវារៈអភិវឌ្ឍឌីជីថលថ្នាក់ជាតិ តាមរយៈការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអប់រំ ការអភិវឌ្ឍសមត្ថភាព ការលើកទឹកចិត្តដល់គ្រូបង្រៀន និងថ្នាក់ដឹកនាំស្ថាប័នអប់រំ ការផ្លាស់ប្តូរវិធីសាស្តបង្រៀនបែបឌីជីថល និងការចាប់យកវប្បធម៌ឌីជីថលក្នុងការសិក្សារបស់សិស្សនិស្សិត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនិងចីរភាពនៃសង្គមឌីជីថល។
បន្ថែមលើនេះ ការវិនិយោគលើការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល ក៏ត្រូវបានលើកទឹកចិត្តនៅតាមគ្រឹះស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងវិស័យឯកជន ដើម្បីគាំទ្រដល់រដ្ឋាភិបាលឌីជីថល។ ម៉្យាងទៀត ការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋនិងឯកជន ជាបទពិសោធដ៏ល្អសម្រាប់ជំរុញការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។ ភាពជាដៃគូនេះផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងការរៀបចំប្រព័ន្ធអេកូឡូស៊ី សម្រាប់ទ្រទ្រង់ដំណើរការរដ្ឋាភិបាលឌីជីថល រួមមាន ការប្រតិបត្តិ ការថែទាំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍។
លោកបណ្ឌិត ហេង ភក្តី ប្រធានគោលនយោបាយសាធារណៈនៃក្រុមហ៊ុន Meta ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា អក្ខរកម្មឌីជីថលមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការចូលរួមយ៉ាងពេញលេញនៅក្នុងពិភពឌីជីថល។ ទន្ទឹមគ្នានេះ លោកមានមោទនភាព ដែលបានគាំទ្រដល់កម្មវិធីអក្ខរកម្មជីថលខ្មែរ និងកិច្ចប្រឹងប្រែងរបស់កម្មវិធីនេះក្នុងការផ្តល់ជូនពលរដ្ឋកម្ពុជានូវជំនាញដែលត្រូវការដើម្បីប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
លោកបណ្ឌិត ហេង ភក្តី ប្រធានគោលនយោបាយសាធារណៈនៃក្រុមហ៊ុន Meta
“យើងមានសេចក្តីរំភើប រីករាយដែលមើលឃើញលទ្ធផលជាវិជ្ជមានដែលកម្មវិធីនេះនឹងផ្តល់ជូនសហគមន៍ហើយយើងនឹងបន្តភាពជាដៃគូរបស់យើងជាមួយកម្មវិធីនេះទៅមុខទៀត”
ដោយឡែក លោក ហ៊ីន ស៊ីមហួន នាយករងប្រតិបត្តិអង្គការ KAPE មានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Meta ដើម្បីដាក់ដំណើរការកម្មវិធីបណ្តុះបណ្តាលនេះ ដោយសារកម្មវិធីនេះនឹងជួយសិស្ស និងគ្រូបង្រៀនឱ្យបង្កើនជំនាញឌីជីថលរបស់ពួកគេ។ លោកបន្តថា គោលដៅរបស់កម្មវិធីអក្ខរកម្មឌីជីថល គឺដើម្បីផ្តល់ជូនចំណេះដឹង និងសមត្ថភាពដែលប្រជាពលរដ្ឋត្រូវការសម្រាប់ភាពរីកចម្រើនក្នុងយុគសម័យឌីជីថល នាពេលបច្ចុប្បន្ន តាមរយៈការផ្តល់ជូនមនុស្សគ្រប់គ្នានូវលទ្ធភាពទទួលបានចំណេះដឹងឌីជីថល តាមរយៈកម្មវិធីនេះ។

គួរជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប ឬ KAPE) និងក្រុមហ៊ុន Meta បានប្រកាសដាក់ដំណើរការកម្មវិធីសិក្សាថ្មីមួយ គឺកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ (Khmer Digital Literacy Programme) ដើម្បីលើកកម្ពស់ជំនាញឌីជីថលនៅក្នុងវិស័យអប់រំ និងក្នុងចំណោមសិស្សានុសិស្សកម្ពុជាដោយចាប់ផ្តើមនៅសាលាជំនាន់ថ្មី៕































