សតវត្សរ៍ទី ២១ជាយុគសម័យ ដែលតម្រូវឱ្យមនុស្សមានជំនាញច្រើនក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីមានលទ្ធភាពវិវត្តន៍ខ្លួនទាន់ទីផ្សារការងារ និងទទួលបានលក្ខខណ្ឌជីវិតមួយដ៏ល្អប្រសើរក្នុងសង្គម។ ជំនាញទាំងនោះរួមមានជាអាទិ៍ ការដោះស្រាយបញ្ហា ការគិតបែបត្រិះរិះ ភាពច្នៃប្រឌិត ការធ្វើការជាក្រុម ភាពជាអ្នកដឹកនាំ សមត្ថភាពបត់បែន ទំនាក់ទំនងសង្គម ការប្រមូលព័ត៌មាន ការគ្រប់គ្រងគម្រោង អក្ខរកម្មព័ត៌មានវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងផលិតភាពការងារជាដើម។
យ៉ាងណាមិញ ដើម្បីផលិតធនធានមនុស្ស ដែលមានជំនាញខាងលើ យើងត្រូវការវិធីសាស្ត្រអប់រំមួយខុសប្លែកពីវិធីសាស្ត្រអប់រំ ដែលកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន។ ហើយគោលវិធីសិស្សមជ្ឈមណ្ឌលរៀនតាមការធ្វើគម្រោង (Project Based Learning) គឺជាវិធីសាស្ត្រដ៏ស័ក្ដិសមមួយ សម្រាប់ប្រព័ន្ធអប់រំសម័យទំនើប ដោយហេតុថា វិធីសាស្ត្រនេះ សង្កត់ធ្ងន់លើការអនុវត្តជាក់ស្ដែង តាមរយៈការបង្កើត និងដឹកនាំគម្រោងផ្សេងៗ ដែលលើកទឹកចិត្តឱ្យសិស្សហ្វឹកហាត់ ដោះស្រាយបញ្ហា ដោយប្រើការគិតស៊ីជម្រៅ ជាមួយនឹងសកម្មភាពស្រាវជ្រាវ ដែលផ្ដល់ឱ្យគេនូវចំណេះដឹងជ្រៅជ្រះ ទាំងផ្នែកទ្រឹស្តី ជំនាញវិជ្ជាជីវៈ និងជំនាញទន់។
ជាមួយនឹងចំណុចវិជ្ជមានជាច្រើនរបស់ គោលវិធីសិស្សមជ្ឈមណ្ឌលរៀនតាមការធ្វើគម្រោង (Project Based Learning) ខាងក្រោមនេះចំណុចសំខាន់ៗចំនួន ៦ដែលបង្ហាញថាកម្មវិធីសិក្សានេះ ស័ក្តិសមសម្រាប់អនុវត្តក្នុងសតវត្សរ៍ទី ២១៖
១. សិស្សមានឱកាសអនុវត្តជាក់ស្ដែង ៖ ប្លែកពីវិធីសាស្ត្រសិក្សាប្រពៃណី ដែលតម្រូវឱ្យសិស្សទន្ទេញចាំមាត់ និងចងចាំមេរៀនក្នុងរយៈពេលខ្លី គោលវិធីសិស្សមជ្ឈមណ្ឌលរៀនតាមការធ្វើគម្រោង (Project Based Learning) បានភ្ជាប់ពិភពលោកខាងក្រៅទៅក្នុងថ្នាក់រៀន ។ តាមរយៈការបង្កើតគម្រោងស្រាវជ្រាវ ដែលផ្ដល់ឱកាសឱ្យសិស្សចូលជ្រៅ ទៅក្នុងការអនុវត្តជាក់ស្ដែង ដោយហ្វឹកហាត់ដោះស្រាយបញ្ហាអ្វីមួយ កំពុងកើតឡើងនៅក្នុងសង្គម ដែលអ្នកជំនាញកំពុងគិត និងរកដំណោះស្រាយផងដែរ។ សកម្មភាពស្នូលនៃកម្មវិធីសិក្សានេះ មិនតម្រូវឱ្យសិស្សទន្ទេញចាំមាត់នោះទេ ប៉ុន្តែវាជំរុញឱ្យសិស្សចង់ចេះចង់ដឹងអំពីអ្វី ដែលគេកំពុងសិក្សា ហើយចេះបង្កើតសំណួរ និងវិធី ដើម្បីដោះស្រាយបព្ហា។
២. ផ្ដល់ចំណេះដឹងស៊ីជម្រៅ ៖ ក្នុងការសិក្សាស្រាវជ្រាវអំពីប្រធានបទផ្សេងៗ គោលវិធីសិស្សមជ្ឈមណ្ឌលរៀនតាមការធ្វើគម្រោង (Project Based Learning) ធ្វើឱ្យសិស្សមានចំណេះដឹងកាន់តែស៊ីជម្រៅ លើវិស័យអ្វីមួយ ដែលពួកគេកំពុងតែសិក្សា។ មូលដ្ឋានគ្រឹះនៃចំណេះដឹង ដែលបានមកពីការស្រាវជ្រាវ នឹងជំរុញឱ្យសិស្សបំពេញកិច្ចការបានកាន់តែប្រសើរ ពីមួយពេលទៅមួយពេល ទោះជាមានគម្រោងថ្មីៗដែលមានលក្ខណៈខុសប្លែកពីគម្រោងមុន ក៏មិនផ្ដល់ភាពលំបាកដល់សិស្សនោះដែរ ហើយថែមទាំងអាចទទួលបានលទ្ធផលល្អទៀតផង។
៣. បើកផ្លូវឱ្យសិស្សដឹងពីចំណូលចិត្តខ្លួនឯង ៖ គម្រោងនីមួយៗដែលសិស្សអនុវត្ត គឺផ្លូវដែលធ្វើឱ្យគេដឹងអំពីចំណូលចិត្តខ្លួនឯង ថាតើស្រឡាញ់ និងចូលចិត្តធ្វើអ្វីពិតប្រាកដ។ ហេតុនេះ គេអាចជ្រើសរើសអាជីពដែលស័ក្តិសមនឹងខ្លួនឯង ក្រោយពេញបញ្ចប់ការសិក្សា និងមានឱកាសបញ្ចេញសក្តានុពលពិតប្រាកដរបស់ខ្លួន ក្នុងពេលបំពេញការងារ។ ម្យ៉ាងវិញទៀត ចំណុចនេះ ក៏ជាប្រភពដែលនាំឱ្យការបំពេញការងាររបស់គេមានផលិតភាពការងារខ្ពស់ ប្រកបដោយទំនួលខុសត្រូវ និងភាពច្នៃប្រឌិតផងដែរ។
៤. បង្កើនភាពស្និតស្នាលរវាងគ្រូ និងសិស្ស ៖ ជាមួយនឹងការដាក់គម្រោងស្រាវជា្រវឱ្យសិស្ស គ្រូក៏ត្រូវធ្វើជាអ្នកណែនាំ និងបង្ហាញផ្លូវ អំពីរបៀបសិក្សា និងស្រាវជ្រាវពីគម្រោង តាំងពីដើមរហូតដល់ចប់ផងដែរ។ ការធ្វើការជាមួយគ្នារវាងសិស្ស និងគ្រូជាប្រចាំ នឹងធ្វើឱ្យទំនាក់ទំនងរវាងគ្រូ និងសិស្សកាន់តែមានភាពស្និតស្នាល ព្រមទាំងធ្វើឱ្យដំណើរការសិក្សារៀនសូត្រកាន់តែមានភាពរីករាយថែមមួយកម្រិតទៀត។ លើសពីនេះ គ្រូក៏មានភាពងាយស្រួលក្នុងការវាយតម្លៃសមត្ថភាពសិស្ស និងចាំបាច់ត្រូវពង្រឹងចំណេះដឹងរបស់ខ្លួនជាប្រចាំដូចសិស្សដែរ។
៥. រីកចម្រើនចំណេះដឹងព័ត៌មានវិទ្យា ៖ ដើម្បីសិក្សាស្រាវជ្រាវអំពីរឿងរ៉ាវ ដែលទាក់ទងនឹងគម្រោងរបស់ខ្លួន ក៏ដូចជារៀបចំស្លាយធ្វើបទបង្ហាញទៅកាន់គ្រូឱ្យបានល្អ សិស្សចាំបាច់ត្រូវមានចំណេះដឹងក្នុងការប្រើឧបករណ៍អេឡិចត្រូនិចដូចជា ទូរសព្ទ ថេបប្លេត ឬកុំព្យូទ័រ ជាដើម ។ ចំណុចនេះ អាចកាត់បន្ថយឥទ្ធិពលអវិជ្ជមានរបស់គ្រឿងអេឡិចត្រូនិចក្នុងពេលបច្ចុប្បន្នបានមួយផ្នែក ដោយក្មេងៗ និងយុវជនអាចងាកពីការប្រើឧបករណ៍អេឡិចត្រូនិច ដើម្បីលេងហ្គេម និងតាមដានបណ្ដាញសង្គម មកជាការប្រើ ដើម្បីរៀនសូត្រវិញ។
៦. អភិវឌ្ឍជំនាញទន់កាន់តែប្រសើរ ៖ ជំនាញវិជ្ជាជីវៈ និងជំនាញទន់ គឺជាសមាសធាតុពីរសំខាន់បំផុត ដែលមនុស្សគ្រប់គ្នាត្រូវមានដោយខានពុំបាន។ ទន្ទឹមនឹងនេះ គោលវិធីសិស្សមជ្ឈមណ្ឌលរៀនតាមការធ្វើគម្រោង (Project Based Learning) ត្រូវឱ្យមនុស្សចេះធ្វើការងារអ្វីមួយ ជាក្រុម និងពេលខ្លះត្រូវមានទំនាក់ទំនងជាមួយមនុស្សពេញវ័យ ដែលជាអ្នករកស៊ី បុគ្គលិកក្រុមហ៊ុន និងប្រជាជននៅតាមសហគមន៍ផងដែរ។ សកម្មភាពទាំងនេះ ធ្វើឱ្យគេមានឱកាសអភិវឌ្ឍសមត្ថភាពដោះស្រាយបញ្ហា ភាពជាអ្នកដឹកនាំ និងការទំនាក់ទំនងសង្គមជាដើម៕































