ភ្នំពេញ – ថ្លែងនៅក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រឹស្តនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវមោទនភាពចំពោះប្រជាជនកម្ពុជាដែលប្រកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នា ដោយថា ការប្រកាន់យកគោរពសាសនាខុសៗគ្នានៅកម្ពុជា មិនមែនជាឧបសគ្គក្នុងការកសាងប្រទេសជាតិឡើយ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា បណ្តាប្រទេសជាច្រើនបានកោតសរសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជាតាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានកិច្ចសហការល្អជាមួយស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់បង្ករការងាយស្រួលដល់ប្រជាជនគ្រប់សាសនា។

សម្ដេចតេជោ ហ៊ុន សែន នៅតែបញ្ជាក់ថា សន្តិភាពដែលយើងរកបាន មិនមែនសម្រាប់តែព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឬសម្រាប់អ្នកណាមួយនោះទេ យើងបានទទួលផលប្រយោជន៍ពីសន្តិភាពតាមរយៈនយោបាយឈ្នះ-ឈ្នះទាំងអស់គ្នា រាប់ទាំងគ្រិស្តសាសនាផងដែរ។ ដូច្នេះពិតណាស់ថា យើងត្រូវរួមគ្នាថែរក្សាសន្តិភាពដែលយើងរកបានដោយលំបាកនេះ ហើយពាក្យអរគុណសន្តិភាពបាននឹងកំពុងលាន់ ឮរំពងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕































