មនុស្សដែលមានសុខភាពល្អ មិនមែនមានន័យត្រឹមតែការញ៉ាំអាហារល្អ និងការហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែវារួមបញ្ចូលទាំង សុខុមាលភាពផ្លូវចិត្តផងដែរ។ ការមានគោលបំណងក្នុងជីវិត និងចេះកាត់បន្ថយភាពតានតឹង គឺជាគន្លឹះដ៏សំខាន់ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា និងជីវិត។
១. ស្វែងរកអ្វីដែល “ត្រូវ” សម្រាប់ខ្លួនអ្នក
មនុស្សម្នាក់ៗមានវិធីរំសាយស្រ្តេសខុសៗគ្នា, សម្រាប់អ្នកខ្លះជ្រើសរើសការហាត់ប្រាណខ្លាំងៗ ការរត់ ឬការជិះកង់ ដែលជួយឱ្យខួរក្បាលស្រឡះ និងប្រមូលអារម្មណ៍បានល្អ។ តែអ្នកខ្លះទៀត ពួកគេចូលចិត្តការរំសាយស្រ្តេសតាមរយៈការជួបជុំមិត្តភក្តិ រាំ ចម្អិនអាហារ ឬមើលកុនជាដើម។ ដូច្នេះសូមស្វែងរកសកម្មភាពណាដែលធ្វើឱ្យអ្នកសប្បាយចិត្តពិតប្រាកដ ហើយកុំបង្ខំខ្លួនឯងឱ្យធ្វើតាមអ្នកដទៃ។

២. គ្រប់គ្រងសម្ពាធក្នុងវ័យសិក្សា
ជីវិតក្នុងវិទ្យាល័យ និងសាកលវិទ្យាល័យ ពោពេញទៅដោយភាពមមាញឹក ទាំងការរៀនសូត្រ ការងារក្រៅម៉ោង ថែមជាមួយនឹងការបារម្ភពីអនាគតផង។ ដើម្បីរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ អ្នកគួរអនុវត្តចំណុចខាងក្រោម៖
រក្សារបៀបរស់នៅដែលមានសកម្មភាព (Active Lifestyle): ចូលរួមលេងកីឡា ឬសកម្មភាពសាលាដែលអ្នកចូលចិត្ត ដើម្បីឱ្យរាងកាយបានបញ្ចេញពលកម្ម និងកាត់បន្ថយភាពតានតឹងខួរក្បាល។
ស្វែងរកលំហស្ងប់ស្ងាត់ (Quiet Space): នៅពេលមានអារម្មណ៍ថាស្មុគស្មាញខ្លាំង ចូររកកន្លែងស្ងាត់មួយដើម្បីសម្រាក ដកដង្ហើម និងនៅជាមួយខ្លួនឯងមួយរយៈ។
ការចែករំលែក និងការពិភាក្សា (Talk to Someone): កុំលាក់ទុកបញ្ហាតែម្នាក់ឯង។ ការនិយាយប្រាប់ឪពុកម្តាយ បងប្អូន ឬមនុស្សដែលអ្នកទុកចិត្ត គឺជាការរំសាយចេញនូវអារម្មណ៍តប់ប្រមល់បានយ៉ាងល្អបំផុត។
៣. អាហារ និងការសម្រាក
របបអាហារ ៖ ការញ៉ាំអាហារដែលមានជីវជាតិ និងអាហារស្រស់ៗ មិនត្រឹមតែជួយរាងកាយទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់អារម្មណ៍ (Mood) របស់អ្នកឱ្យស្រស់ថ្លាទៀតផង។
ការគេង៖ យុវវ័យត្រូវការការគេងពី ៧ ទៅ ៩ ម៉ោង ក្នុងមួយយប់។ ការគេងគ្រប់គ្រាន់នឹងជួយឱ្យអ្នកមានថាមពលពេញលេញសម្រាប់ខួរក្បាលក្នុងការរៀនសូត្រនៅថ្ងៃបន្ទាប់។

៤. បង្កើតការចងចាំល្អៗជាមួយមិត្តភក្តិ
ពេលវេលាក្នុងវ័យសិក្សាមានកំណត់។ ចូរឆ្លៀតពេលបង្កើតអនុស្សាវរីយ៍ល្អៗជាមួយមិត្តភក្តិ ព្រោះនៅពេលអ្នកឈានចូលដល់កម្រិតឧត្តមសិក្សា ឬវ័យធ្វើការ អ្នកប្រហែលជាមិនសូវមានឱកាសជួបជុំគ្នាដូចមុនឡើយ។
សរុបមកវិញ សុខភាពផ្លូវចិត្តដែលរឹងមាំ នឹងក្លាយជាគ្រឹះដ៏រឹងមាំដូចគ្នាសម្រាប់ភាពជោគជ័យក្នុងសិក្សា, ដូច្នេះចូររស់នៅក្នុងបច្ចុប្បន្នភាព រីករាយនឹងអ្វីដែលអ្នកកំពុងធ្វើ និងមើលថែខ្លួនឯងឱ្យបានល្អបំផុត៕































