គិតត្រឹមរយៈពេលពីរទៅបីទសវត្សរ៍ចុងក្រោយនេះ ពិភពលោកផ្លាស់ប្តូរក្នុងល្បឿនលឿនជាងមុនទ្វេដង, ពេលខ្លះគ្រាន់តែមិនបានតាមដានព័ត៌មាន ឬមិនបានតាមដានរបៀបនៃការប្រើកម្មវីធីបច្ចេកវិទ្យាត្រឹមតែមួយរយៈខ្លីប៉ុណ្ណោះ អ្នកនឹងកត់សម្គាល់ឃើញភ្លាមៗថា ភាពខ្វះចន្លោះនៃចំណេះដឹងជាច្រើនដែលត្រូវការបំពេញបន្ថែម ឬពិបាកក្នុងការតាមឱ្យទាន់។
តាមរយៈ Udemy បានឱ្យដឹងថា សន្ទុះនៃភាពលឿនរហ័សក្នុងការបង្កើតថ្មី និងការចែកចាយចំណេះដឹងកាន់តែរុញច្រានរបៀប នៃការស្រូបចំណេះដឹងមានភាពងាយស្រួលជាងមុនដូចគ្នា តាមរយៈវិស័យច្នៃប្រឌិតមួយចំនួនដូចជា សារព័ត៌មាន ការបោះពុម្ពផ្សាយទាំងការប្រើក្រដាស និងឌីជីថល ឬតាមរយៈវិទ្យុ ភាពយន្តឯកសារខ្លីនិងវែង អ៊ីនធឺណិត។ តាមរយៈវិស័យអស់ទាំងនេះ បង្ហាញថា វិធីនៃការរៀនសូត្រហាក់ដូចជាមិនពិបាកពេកទេ! ប៉ុន្តែការបង្កើតទម្លាប់ទៅវិញទេ ដែលជាដំណាក់កាលមួយត្រូវការប្តេជ្ញាចិត្តខ្ពស់ពីបុគ្គលម្នាក់ៗឱ្យខាងតែបាន និងត្រូវការឱ្យមនុស្សប្រើប្រាស់កាលៈទេសៈនេះ ឱ្យមានប្រសិទ្ធភាព គឺការបន្តសិក្សាឈ្វេងយល់ប្រចាំថ្ងៃ និងរក្សាទម្លាប់រៀនសូត្រពេញមួយជីវិត។
បច្ចុប្បន្ន ការរៀនសូត្រពេញមួយជីវិត មិនមែនជាជម្រើស (រៀនក៏បាន អត់ក៏បាន) ដូចមុនទៀតទេ! ប៉ុន្តែគឺជាតម្រូវការដ៏ចាំបាច់ ដោយសារមនុស្សជំនាន់នេះ ត្រូវការជំនាញចម្រុះបែបច្រើនជាងមុន ត្រូវប្រើបញ្ញាសិប្បនិមិត្ត (AI) ហើយត្រូវការផ្លាស់ប្តូរការងារច្រើនដងជាងអ្នកជំនាន់មុនៗ រួមទាំងត្រូវការប្រើបច្ចេកវិទ្យាជាកាតព្វកិច្ច ត្រូវការពន្លឿនផលិតភាពការងារ និងភាពបត់បែន ឬការផ្លាស់ប្តូរជាច្រើនទៀតក្នុងល្បឿនមួយដែលរហ័សជាងមុន ជាមួយគ្នានោះ នៅមានហេតុផលសំខាន់ៗដទៃទៀត ដែលអាចបញ្ជាក់ជូនបន្ថែមនៅខាងក្រោម ៖
ចំណេះដឹងលើសពីការបង្កើនឥទ្ធិពល គឺជាកត្តាជួយបង្កើនចំណូល ៖ តម្លៃការងាររបស់និយោជិតមិនមែនពឹងផ្អែកលើការខិតខំតែមួយមុខនោះទេ ប៉ុន្តែផ្អែកលើការដឹង និងអនុវត្តន៍របៀបនៃការធ្វើការដោយមានប្រសិទ្ធភាព។ ចំណូលគឺជាការដោះដូរនឹងគុណតម្លៃ ឬសមត្ថភាពនៃការដោះស្រាយបញ្ហារបស់និយោជិត ជូនទៅកាន់និយោជក។ ហើយការបន្តអភិវឌ្ឍន៍ជំនាញ និងការបង្កើនចំណេះដឹង ឬការបន្តរៀនសូត្រពេញមួយជីវិតនេះ គឺជាការត្រៀមខ្លួន ឬជាការពង្រីកវិសាលភាព នៃការគ្រប់គ្រងកិច្ចការឱ្យមានប្រសិទ្ធភាពដើម្បីបង្កើនគុណតម្លៃក្នុងការទទួលបានចំណូលបន្ថែម។

គ្រឿងម៉ាស៊ីន(រ៉ូបូត) ឬបញ្ញាសិប្បនិមិត្ត កាន់តែឆ្លាតវៃ ៖ បញ្ញាសិប្បនិមិត្តកាន់តែឆ្លាតវៃ តម្រូវឱ្យមនុស្សត្រូវតែឆ្លាតជាងរបស់ទាំងនោះ! តាមរយៈការសិក្សាបន្ថែមអំពីរបៀបនៃការប្រើប្រាស់ឱ្យមានគុណភាព ប្រសិទ្ធភាព កាត់បន្ថយហានិភ័យ និងមានសមត្ថភាព ការពារទិន្នន័យផ្ទាល់ខ្លួន ដោយរៀននូវជំនាញបន្ថែម។ ( ឧទាហរណ៍ កាលពីប៉ុន្មានឆ្នាំមុន តម្រូវការនៃអ្នកធ្វើការផ្នែកសេវាកម្មមានភាពចាំបាច់ខ្លាំង ដូចជាអ្នកទទួលទូរស័ព្ទ អ្នកផ្តល់ព័ត៌មាន និងអ្នកគិតលុយជាដើម ខណៈបច្ចុប្បន្ន ប្រភេទសេវាកម្មទាំងនេះត្រូវបានជំនួសដោយគ្រឿងម៉ាស៊ីន ដែលជាហេតុតម្រូវឱ្យអ្នកធ្វើការផ្នែកនេះ ត្រូវរៀបបន្ថែមអំពីរបៀបនៃការបញ្ជាគ្រឿងម៉ាស៊ីនទាំងអស់នោះ ទើបអាចក្លាយជាតម្រូវការ តួនាទីជាក់ស្ដែងបាន) ដូច្នេះ ការបន្តសិក្សារៀនសូត្រពេញមួយជីវិត គឺជារបៀបនៃការសម្របខ្លួន ក្នុងការរស់នៅពីមួយជំនាន់ ទៅមួយជំនាន់។

ការផ្លាស់ប្តូរការងារមានចំនួនច្រើនដងជាងជំនាន់មុនៗ ៖ ចំនួនដងនៃការផ្លាស់ប្តូរការងារ វាអាស្រ័យលើទីកន្លែងដែលមនុស្សរស់នៅ ឬក៏ប្រភេទការងារដែលបុគ្គលម្នាក់ៗប្រកបកិច្ចការ។ តែយ៉ាងណា បើក្រឡេកទៅមើលកាលពីមុនៗ ( គិតចាប់ពីជំនាន់ឪពុក ឬលោកតាលោកយាយ ពួកគាត់អាចចំណាយពេលចាប់ពី២០ឆ្នាំ ៣០ឆ្នាំ ឬ៥០ ឬក៏ការងារតែមួយនៅក្នុងដំណើរជីវិតរបស់គាត់ នៅកន្លែងការងារតែមួយ! ឬនៅក្នុងក្រុមហ៊ុនតែមួយ) ខណៈបច្ចុប្បន្ន មិនដូចទៅនឹងពេលពីមុនៗទៀតទេ ក្នុងមួយជីវិតរបស់អ្នកធ្វើការម្នាក់ត្រូវចំណាយពេលក្នុងការចាប់ផ្តើមសារថ្មីជាច្រើនលើកច្រើនសារ ហើយចំនួងដងនៃការផ្លាស់ប្តូរ ក្នុងមួយជីវិតការងារ អាចឈានទៅដល់៥ទៅ៧ដង ក្រោមហេតុផលខុសៗគ្នា ដូចជាការប្តូរជំនាញឱ្យត្រូវនឹងទេពកោសល្យ ប្តូរដើម្បីបង្កើនបទពិសោធ ដើម្បីពង្រីកសក្ដានុពល ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ ឬរបត់នៃការងារកំពុងតែប្រតិបត្តិបច្ចុប្បន្នមានការផ្លាស់ប្តូរប្រព័ន្ធជាដើម។
កត្តាទាំងអស់នេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការសិក្សារៀនសូត្រពេញមួយជីវិត គឺជាភាពចាំបាច់មួយក្នុងការអនុវត្តឱ្យបានជាប្រចាំ ដើម្បីសម្របខ្លួនឱ្យទាន់សម័យកាលផង និងជាការត្រៀមខ្លួននៅពេលមានការផ្លាស់ប្រែណាមួយដែលពុំបានដឹងជាមុន៕































