ក្នុងវេទិការដ្ឋាភិបាលឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៃការធ្វើប្រតិបត្តិការសេវាទូរស័ព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការនៅកម្ពុជា ដោយចាត់ទុកថា សេវា 5G មិនត្រឹមតែជា អ៊ីនធឺណិតល្បឿនលឿន ប៉ុន្តែសេវានេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធគ្រឹះសម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗរបស់ប្រជាជនកម្ពុជា។
ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការប្រព័ន្ធ 5G ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថល មិនមែនជាជម្រើសទៀតទេ ប៉ុន្តែជាធាតុផ្សំចាំបាច់ ដែលគ្រប់ប្រទេសលើពិភពលោកបានយកចិត្តទុកដាក់ប្រើប្រាស់ និងអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមរបស់ខ្លួន។ ចំពោះកម្ពុជា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសង្គមសេដ្ឋកិច្ច និងឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល បានកំណត់ទិសដៅ និងអាទិភាពការងារយ៉ាងច្បាស់ ដើម្បីសម្រេចបាននូវចក្ខុវិស័យបរិវត្តកម្មឌីជីថលរបស់ជាតិ។

ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើបរិវត្តកម្មឌីជីថល ដោយក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ក្រសួងបានធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅនៅក្នុងវិស័យគមនាគមន៍ តាមរយៈការពង្រឹងនិយ័ត្នកម្ម និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បន្ថែមនៅទូទាំងប្រទេស ហើយផ្អែកតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងកម្មវិធីបិទមហាសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងនឹងដាក់ឱ្យដំណើរការ សេវា 5G ចាប់ពីខែមករា ឆ្នាំ២០២៦តទៅ។
បើតាមការប្រកាសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មុននឹងដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ខ្លួនបានសិក្សាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រក្នុងការដាក់ឱ្យដំណើរ ក៏ដូចជាបានប្រមូលធាតុចូលពីគ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ព្រមទាំងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករនីមួយៗ ដើម្បីធានាបានថា សេវា 5G អាចត្រូវបានដាក់ឱ្យដំណើរការជោគជ័យនៅក្នុងប្រទេសកម្ពុជា។
សេវា 5G នេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗដូចជា ល្បឿនទិន្នន័យលឿនបំផុត ពោលគឺលឿនជាងសេវា 4G ដល់ទៅ ១០ ដង អនុញ្ញាតឱ្យទាញឯកសារ ទស្សនាវីដេអូ និងប្រើសេវាឌីជីថលបានរលូនជាងមុន។ រយៈពេលនៃការឆ្លើយតប (Latency) ទាបខ្លាំង ដោយបណ្តាញឆ្លើយតបជាក់ស្តែងសមស្របសម្រាប់សេវាជាច្រើន ដូចជា ការសង្គ្រោះបន្ទាន់ និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ ជាដើម។ ការប្រើប្រាស់ឧបករណ៍បានច្រើនជាងមុន ព្រោះសេវា 5G អាចតភ្ជាប់ឧបករណ៍រាប់លានក្នុងមួយគីឡូម៉ែត្រការ៉េ ជាជំហានដ៏សំខាន់សម្រាប់ទីក្រុងឆ្លាតវៃ កសិកម្មឌីជីថល និងរោងចក្រឆ្លាតវៃ ជាដើម។

សេវា 5G ក៏នឹងចូលរួមជំរុញឧស្សាហកម្មនិងស្នូលអេកូឡូស៊ីឌីជីថល ដោយជួយបង្កើនប្រសិទ្ធភាពវិស័យផលិត ដឹកជញ្ជូន Fintech e-Commerce និង Startup នវានុវត្តន៍ ជាមួយនឹងការលើកកម្ពស់សេវាសាធារណៈ e-Health, e-Education, e-Government និងសេវាឌីជីថលរដ្ឋទាំងមូល នឹងកាន់តែមានប្រសិទ្ធភាព និងលឿនជាងមុន។
ពិសេសទៅទៀតនោះ គេរំពឹងថា សេវា 5G នឹងពង្រឹងភាពរឹងមាំសេដ្ឋកិច្ចជាតិ ដោយទាក់ទាញវិនិយោគ កសាងឱកាសការងារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ៕































