កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាសពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត សម្រាប់ឆ្នាំសិក្សា២០២៥នេះ។
ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រួមមាន ៖ វិស្វកម្មមេកានិច វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអគ្គិសនី វិទ្យាសាស្ត្រកុំព្យូទ័រ វិទ្យាសាស្ត្រព័ត៌មានវិទ្យា វិទ្យាសាស្ត្រប្រព័ន្ធព័ត៌មាន គ្រប់គ្រងពាណិជ្ជកម្ម គណនេយ្យ សេដ្ឋកិច្ច ការសិក្សាអ៊ីស្លាម ភាសាអារ៉ាប់ ប្រវត្តិសាស្ត្រ ចិត្តវិទ្យា សង្គមវិទ្យា ការអប់រំ ជីវវិទ្យា រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា វិទ្យាសាស្ត្របរិស្ថាន ការសិក្សាពីសមុទ្រ ការធ្វើផែនការទីក្រុង និងតំបន់។
សម្រាប់ថ្នាក់បណ្ឌិត នឹងសិក្សាលើជំនាញដូចជា ៖ វិស្វកម្មអវកាស វិស្វកម្មរ៉ែ វិស្វកម្មនុយក្លេអ៊ែរ ការសិក្សាអ៊ីស្លាម និងអារ៉ាប់ វិទ្យាសាស្ត្រកុំព្យូទ័រនិងព័ត៌មានវិទ្យា ពាណិជ្ជកម្មនិងសេដ្ឋកិច្ច វិទ្យាសាស្ត្រធម្មជាតិ និងអនុវត្ត។

លក្ខខណ្ឌនៃការជ្រើសរើស ៖ បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានអាយុមិនលើស៣៥ឆ្នាំ មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ មិនមានសញ្ជាតិអារ៉ាប៊ីសាអូឌីត។ សម្រាប់បេក្ខជនស្នើថ្នាក់បណ្ឌិត ត្រូវមានអាយុមិនលើស៤០ឆ្នាំ និងមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ជាមួយគ្នានេះ បេក្ខជនត្រូវភ្ជាប់សញ្ញាបត្របញ្ជាក់ភាសាអង់គ្លេស IELTS ៥.០ និង TOEFL iBT:61 | CBT:173 | PBT:500 ហើយបេក្ខជនត្រូវបំពេញតាមតម្រូវការលក្ខខណ្ឌ នៃអាហារូបករណ៍ មានសុខភាពល្អទាំងស្មារតី និងកាយសម្បទា។
បេក្ខជនជ័យលាភីនឹងទទួលបាន ការសិក្សាពេញលេញ ប្រាក់ចំណាយប្រចាំខែ ថ្លៃអាហារ ថ្លៃសំបុត្រយន្តហោះទៅមក កន្លែងស្នាក់នៅ ធានារ៉ាប់រងសុខភាព ថ្លៃបោះពុម្ពនិក្ខេបបទ និងឱកាសចូលទៅកាន់កន្លែងសិក្សារបស់សាកលវិទ្យាល័យ និងបណ្ណាល័យកណ្តាលរបស់សាកលវិទ្យាល័យ។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://fercost.com/king-abdulaziz-university-graduate-scholarship-programs-2025/ ដើម្បីធ្វើការដាក់ពាក្យ អាចចូលទៅកាន់ https://ags.kau.edu.sa/outpsgadm/INDEX.ASP ។
ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥៕































