ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្ញើសាជូនពរដល់បេក្ខជនទាំងអស់ទទួលបានជោគជ័យ និងនិទ្ទេសល្អក្នុងការប្រឡង ហើយស្របគ្នា ក្រសួងក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ពិចារណាចាប់យកការសិក្សាជំនាញឌីជីថល (Digital Skills)។
បើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ការចាប់យកការសិក្សា ជំនាញឌីជីថល (Digital Skills) គឺក្នុងគោលដៅមានឱកាសទទួលបានការងារដែលមានប្រាក់ចំណូលខ្ពស់ អាចជួយលើកកម្ពស់ជីវភាព ជាពិសេស ចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ ក្រោមការយកចិត្តទុកដាក់ជាប្រចាំ លើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥ ក៏បានដាក់ចេញ នូវក្របខណ្ឌសមត្ថភាពជំនាញឌីជីថល ដែលមានតម្រូវការខ្ពស់ និងងាយទទួលបានឱកាសការងារល្អៗ ព្រមទាំងអាច ចូលរួមកសាងរដ្ឋាភិបាល ពលរដ្ឋ និងធុរកិច្ចឌីជីថល រួមមាន ផ្នែកសន្តិសុខសាយប័រ (Cybersecurity) ផ្នែកបញ្ញាសិប្បនិម្មិត (Artificial Intelligence) និង ផ្នែកក្លោដ (Cloud) ជាដើម។
ជាមួយគ្នានេះ ដើម្បីផ្តល់ឱកាសដល់និស្សិតដែលចាប់យកជំនាញឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ លើជំនាញឌីជីថលចំនួន ៥០០កន្លែង ក្រោមអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ និងកម្ចីសិក្សា លើជំនាញឌីជីថលដោយមិនគិតការប្រាក់ ក្រោមកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ផ្តល់ជូនក្នុងចំនួនច្រើនកន្លែង) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅសាកលវិទ្យាល័យដៃគូទាំង ៦ រួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ២០០ កន្លែង, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០ កន្លែង, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០ កន្លែង, សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១០ កន្លែង, សាកលវិទ្យាល័យអន្តរជាតិជារ៉ាហ្គន (Paragon International University) ចំនួន ២០ កន្លែង និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh) ចំនួន ២០០ កន្លែង។

សូមជំរាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់៕































