យើងសុទ្ធតែបានដឹងហើយថា ការចំណាយពេលច្រើនជាមួយអេក្រង់ អាចនាំឱ្យឈឺភ្នែក ឈឺក្បាល និងរំខានដំណេក។ ប៉ុន្តែ ឥឡូវនេះ ភស្ដុតាងនៃការសិក្សាថ្មីមួយទៀត បានបង្ហាញថា កុមារដែលចំណាយពេលច្រើនជាមួយអេក្រង់ ឬចំណាយពេលជាមួយឧបករណ៍ឌីជីថលច្រើន នឹងនាំឱ្យពួកគេមានជំងឺម៉្ញូប (myopia)។
អត្ថបទចេញផ្សាយដោយ JAMA Network Open បានរកឃើញថា រាល់ពេលដែលកុមារចំណាយពេលច្រើនជាង ១ម៉ោងជាមួយអេក្រង់ក្នុងមួយថ្ងៃ អាចបង្កើនហានិភ័យជំងឺម៉្ញូប (myopia) ចំនួន ២១ភាគរយ ខណៈពេលដែលកុមារកាន់តែច្រើន ចំណាយពេលលើឧបករណ៍ឌីជីថល។
អ្នកស្រាវជ្រាវដែលបានធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង និងអៀកឡង់ បានវិភាគលើករណីសិក្សាចំនួន ៤៥ ដោយមានអ្នកចូលរួមចំនួន ៣៣៥,៥២៤ នាក់។ ការសិក្សានេះ បានពិនិត្យលើហានិភ័យ នៃទំនាក់ទំនងរវាងជំងឺម៉្ញូប និងការប្រើប្រាស់ឧបករណ៍ឌីជីថល ដូចជា ស្មាតហ្វូន ថេប្លេត ម៉ាស៊ីនហ្គេម កុំព្យូទ័រ និងទូរទស្សន៍។

លទ្ធផលនៃការសិក្សារកឃើញថា ហានិភ័យនៃជំងឺម៉្ញូប កើនឡើង នៅពេលដែលកុមារចំណាយជាមួយអេក្រង់ រាល់ថ្ងៃ ចាប់ពី ១ ទៅ ៤ម៉ោង។ អ្នកជំនាញបានណែនាំឱ្យកុមារប្រើប្រាស់ និងសម្លឹងមើលអេក្រង់ឱ្យតិចជាង ១ម៉ោង ក្នុងមួយថ្ងៃ ដើម្បីបង្ការជំងឺម៉្ញូប។
ការសិក្សានេះ ធ្វើឡើង ដោយផ្អែកលើការរកឃើញពីមុន ដែលបញ្ជាក់ពីការកើនឡើងអត្រានៃអ្នកជំងឺម៉្ញូប ក្នុងចំណោមកុមារ។ នៅឆ្នាំ២០២៣ កុមារជាង ១ភាគ៣នៅទូទាំងពិភពលោក ត្រូវបានគេរកឃើញថា មានជំងឺម៉្ញូប ខណៈសមាមាត្រនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងជិត ៤០ភាគរយ នៅឆ្នាំ២០៥០ នេះបើតាមការសិក្សារបស់ BMJ Journal ។
តើមាតាបិតា អាចថែទាំសុខភាពភ្នែករបស់កូនដោយរបៀបណា?
មានជំហានចំនួន៤ ដែលអាណាព្យាបាលអាចជួយការពារ និងកាត់បន្ថយហានិភ័យនៃជំងឺម៉្ញូប លើកុមារ ដែលកត្តាទាំងនោះ មានដូចជា ៖
១. កំណត់ពេលកុមារត្រូវចំណាយជាមួយអេក្រង់ ៖ អ្នកអាចធ្វើតាមការណែនាំរបស់ American Academy of Pediatrics ដែលបានកំណត់ថា កុមារអាចចំណាយពេលជាមួយអេក្រង់ត្រឹមតែ ២ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ទម្លាប់នេះអាចជួយកុមារ បង្ការ និងកាត់បន្ថយហានិភ័យជំងឺម៉្ញូបបាន។

២. អនុវត្តច្បាប់ ២០/២០/២០ ៖ នៅពេលចំណាយពេលជាមួយឧបករណ៍អេឡិចត្រូនិច ឬអេក្រង់ ដោយដាក់ទូរស័ព្ទនៅចម្ងាយយ៉ាងតិច ៥០សង់ទីម៉ែត្រ ពីភ្នែកកុមារ ហើយលើកទឹកចិត្តឱ្យកុមារអនុវត្តច្បាប់ ២០/២០/២០ ដោយរៀងរាល់ ២០នាទីម្ដង កុមារត្រូវសំឡឹងមើលអ្វីមួយឆ្ងាយពីអេក្រង់២០ហ្វីត ឬ៦ម៉ែត្រ ក្នុងរយៈពេល២០វិនាទី។
៣. លើកទឹកចិត្តឱ្យកុមារចំណាយពេលនៅខាងក្រៅ ៖ ការសិក្សាបានបង្ហាញជាបន្តបន្ទាប់ថា ការចំណាយពេលនៅខាងក្រៅ អាចប្រឆាំងនឹងជំងឺម៉្ញូប ជាពិសេសកុមារ។ នេះហើយជាមូលហេតុ ដែលនៃការលើកទឹកចិត្តឱ្យកុមារធ្វើលំហាត់ភ្នែករបស់គេ តាមរយៈការមើលវត្ថុនៅឆ្ងាយ មានសារៈសំខាន់។
៤. ពិនិត្យភ្នែកជាប្រចាំ ៖ រៀបចំកាលវិភាគពិនិត្យភ្នែកជាប្រចាំជាមួយគ្រូពេទ្យ សម្រាប់កុមារ ដើម្បីតាមដានសុខភាពភ្នែករបស់គេ។ ជំងឺម៉្ញូប អាចប្រើវ៉ែនតាន និង Contact Lenses ជាជំនួយ។ អ្នកជំនាញ ណែនាំឱ្យពិនិត្យសុខភាពភ្នែកកុមារជាប្រចាំ ដោយចាប់ផ្ដើមតាំងពីពេលគេកើត និងអំឡុងពេលវ័យកុមារភាពរបស់គេ៕































