បញ្ហាស្ត្រេសរ៉ាំរ៉ៃ គឺជាអារម្មណ៍តានតឹងខ្លាំង ដែលអូសបន្លាយយូរ អាចជះឥទ្ធិពលអវិជ្ជមានដល់ជីវិតប្រចាំថ្ងៃរបស់មនុស្ស។ ភាពតានតឹងរ៉ាំរ៉ៃអាចបណ្ដាលឱ្យមានការផ្លាស់ប្ដូរអារម្មណ៍ ពិបាកគេង និងជំងឺរាងកាយ។ ការតានតឹងរយៈពេលខ្លី គឺជារឿងធម្មតានៃជីវិតប្រចាំថ្ងៃ ប៉ុន្តែនៅពេលដែលអារម្មណ៍ទាំងនេះក្លាយទៅជារ៉ាំរ៉ៃ វាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
តើស្ត្រេសរ៉ាំរ៉ៃគឺជាអ្វី?
ភាពតានតឹង ឬស្ត្រេសរ៉ាំរ៉ៃ គឺជាការឆ្លើយតបជីវសាស្ត្រចំពោះស្ថានភាពដែលទាមទារពីមនុស្សម្នាក់លើសពីសមត្ថភាពគេ។ វាបណ្ដាលឱ្យរាងកាយបញ្ចេញអរម៉ូន ដូចជា ករទីសូល និងអាដ្រេណាលីន។ អរម៉ូនទាំងនេះ ជួយរាងកាយ ដើម្បីត្រៀមធ្វើសកម្មភាព ដូចជា បង្កើនចង្វាក់បេះដូង និងចង្វាក់ដង្ហើម។ នៅពេលស្ថានភាពនេះ កើតឡើង វេជ្ជបណ្ឌិតអាចពណ៌នាបុគ្គល ដែលជួបស្ថានភាពនេះថា ស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ឬមានភាពស្រ៊ើបស្រាលខ្លាំង។

កត្តាជាច្រើន អាចបង្កឱ្យមានការឆ្លើយតបភាពតានតឹង រួមទាំងស្ថានភាពគ្រោះថ្នាក់ ឬបណ្ដាលឱ្យមានសម្ពាធផ្លូវចិត្ត ដូចជា ថ្ងៃផុតកំណត់ការងារ ការប្រឡង និងព្រឹត្តិការណ៍កីឡាជាដើម។
ឥទ្ធិពលនៃភាពតានតឹងមកលើរាងកាយ មិនមានរយៈពេលយូរប៉ុន្មានទេ។ យ៉ាងណាក៏ដោយ មនុស្សមួយចំនួនយល់ថា ខ្លួនពួកគេស្ថិតក្នុងស្ថាភាពប្រុងប្រយ័ត្ន ឬតានតឹងខ្ពស់បំផុត បណ្ដាលមកពីកត្តាចម្បងបី រួមមាន ការងារដែលមានសម្ពាធខ្ពស់ ភាពតានតឹងផ្នែកហិរញ្ញវត្ថុ និងវិបត្តិទំនាក់ទំនង។
រោគសញ្ញានៃភាពតានតឹងរ៉ាំរ៉ៃ
ភាពតានតឹងរ៉ាំរ៉ៃអាចប៉ះពាល់ដល់រាងកាយទាំងមូល។ វាអាចស្ដែងឡើង តាមរយៈរោគសញ្ញាផ្លូវកាយ និងផ្លូវចិត្តមួយចំនួន ដែលអាចធ្វើឱ្យការងារប្រចាំថ្ងៃពិបាកនឹងសម្រេចបានទៅដោយរលូន។ ប្រភេទ និងស្ថានភាពរោគសញ្ញា ប្រែប្រួលទៅតាមស្ថានភាពរបស់មនុស្សម្នាក់ៗ រួមមាន ឆាប់ខឹង អស់កម្លាំង ឈឺក្បាល ពិបាកផ្ដោតអារម្មណ៍ ការគិតច្របូកច្របល់ ពិបាកគេង ក្រពះពិបាករំលាយអាហារ មានអារម្មណ៍អស់សង្ឃឹម បាត់បង់សមត្ថភាពគ្រប់គ្រងខ្លួនឯង ឱ្យតម្លៃខ្លួនឯងទាប បាត់បង់ចំណង់ផ្លូវភេទ ភ័យ និងឧស្សាហ៍ព្រួយបារម្ភពីការឆ្លងរោគ ឬកើតជំងឺ។
ឥទិ្ធពលមកលើសុខភាពផ្លូវកាយ ដែលបណ្ដាលមកពីស្ត្រេសរ៉ាំរ៉ៃ
ភាពតានតឹងរ៉ាំរ៉ៃប៉ះពាល់ដល់ខួរក្បាល និងប្រព័ន្ធភាពស៊ាំ។ បណ្ដាញសរសៃប្រសាទខួរក្បាល ជាពិសេសក្នុង Cortex ផ្នែកខាងមុខអាចចុះខ្សោយ។ ភាពតានតឹង រយៈពេលវែង ឬស្ត្រេសរ៉ាំរ៉ៃ អាចរួមចំណែកដល់ការវិវត្តនៃជំងឺផ្លូវកាយ និងផ្លូវចិត្តជាច្រើនរួមមាន ជំងឺបេះដូង សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ភាពធាត់ អស់កម្លាំងរ៉ាំរ៉ៃ អសមត្ថភាពផ្លូវភេទ ជំងឺក្រពះពោះវៀន ការឆ្លងមេរោគផ្លូវដង្ហើម ជំងឺអូតូអ៊ុយមីន (autoimmune diseases) ជំងឺបាក់ទឹកចិត្ត និងបញ្ហាថប់បារម្ភ។

ការគ្រប់គ្រង និងព្យាបាលជំងឺស្ត្រេសរ៉ាំរ៉ៃ
ដើម្បីគ្រប់គ្រងភាពតានតឹងរ៉ាំរ៉ៃ អ្នកមានបញ្ហា អាចអនុវត្តវិធីសាស្ត្រមួយចំនួន ដូចជា សិក្សាពីសញ្ញា និងរោគសញ្ញានៃភាពតានតឹង, និយាយជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ដើម្បីស្វែងរកការគាំទ្រ, ចៀសវៀង ឬកាត់បន្ថយធ្វើកិច្ចការ ឬនៅក្នុងបរិយាកាស ដែលបណ្ដាលឱ្យស្ត្រេស, ធ្វើលំហាត់ប្រាណទៀងទាត់, ធ្វើសម្មាធិ, គេងទៀងម៉ោង កាត់បន្ថយការទទួលទានកាហ្វេអ៊ីន និងសរសេរកំណត់ហេតុប្រចាំថ្ងៃ។
ប្រសិនបើអ្នកកំពុងប្រឈមនឹងភាពតានតឹងរ៉ាំរ៉ៃ វាជារឿងសំខាន់ ដែលអ្នកមានបញ្ហា ត្រូវទៅជួបអ្នកជំនាញផ្នែកថែទាំសុខភាព និងអ្នកចិត្តសាស្ត្រ ដើម្បីពិគ្រោះយោបល់ ទទួលបានការគាំទ្រ និងព្យាបាល៕































