រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី លើកឡើងថា បញ្ហាប្រឈមដែលស្ត្រីកម្ពុជាកំពុងជួបប្រទះ គឺជាបញ្ហានិយាមសង្គម ដែលតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគី។ បើតាមលោកជំទាវ ការពង្រឹងភាពជាពលរដ្ឋល្អ គឺជាកិច្ចការសំខាន់មួយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍសង្គម។
លោកជំទាវកិត្តិបណ្ឌិតបានសង្កត់ធ្ងន់ថា ការលើកកម្ពស់សមភាពយេនឌ័រ តម្រូវឱ្យមានការគាំទ្រពីសង្គមទាំងមូល ប៉ុន្តែនៅតែមានផ្នែកមួយចំនួន ជាពិសេសនៅតំបន់ជនបទ ដែលនិយាមសង្គមនៅតែរឹងមាំ និងមិនទាន់ទទួលស្គាល់ទស្សនៈនេះ។ ដូច្នេះ ការលើកកម្ពស់សមភាពយេនឌ័រ ត្រូវមានការគាំទ្រពីថ្នាក់ដឹកនាំស្ថាប័នផ្សេងៗ ដើម្បីធានាការបន្តការងារទៅមុខ ហើយមួយទៀតនោះពាក់ព័ន្ធទៅលើស្រ្តីខ្លួនឯង។
“យើងជួយស្រ្តីហើយ យើងបង្កលក្ខណៈងាយស្រួលដើម្បីធ្វើដំណើរបន្តទៅមុខ ក៏ប៉ុន្តែឱ្យស្រ្តីខ្លួនឯង មានភាពក្លាហាន មានទំនុកទុកចិត្តលើខ្លួនឯង ហើយមានភាពចង់ធ្វើអ្វីមួយនៅក្នុងសង្គម! មានន័យថា ស្រ្តីមានក្ដីសុបិននិងព្យាយាមពុះពារ ដើម្បីទៅយកឱ្យបានសេចក្ដីសុបិនរបស់យើង!”
លោកជំទាវ អ៊ឹង កន្ថាផាវី បញ្ជាក់ថា ក្រសួងកិច្ចការនារី តែងតែបើកវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពដឹកនាំរបស់ស្ត្រី មិនត្រឹមតែក្នុងការងារប៉ុណ្ណោះទេ ថែមទាំងក្នុងការដឹកនាំខ្លួនឯងផងដែរ។ លោកជំទាវបានជំរុញឱ្យស្ត្រីមានភាពក្លាហាន មានទំនុកចិត្តលើខ្លួនឯង និងមានក្តីសុបិនដើម្បីសម្រេចគោលដៅក្នុងជីវិត។
ក្នុងឆ្នាំ២០២៥នេះ ក្រសួងកិច្ចការនារី មានផែនការពង្រឹងភាពជាពលរដ្ឋល្អ និងលើកកម្ពស់អរិយធម៌សង្គម ដោយផ្តោតលើតម្លៃស្ត្រី និងគ្រួសារខ្មែរ។ លោកជំទាវបានរំលេចថា ការលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រី គឺជាកិច្ចការចម្បង ដែលនឹងជួយឱ្យស្ត្រីក្លាយជាម្តាយឆ្នើម និងជះឥទ្ធិពលវិជ្ជមានទៅលើកូនៗរបស់ពួកគេ។ លោកជំទាវបន្ថែមថា តួនាទីរបស់មាតាបិតា គឺត្រូវតែបំភ្លឺឡើងវិញ ដើម្បីធានាថា អ្នកទាំងពីរមានកាតព្វកិច្ចចិញ្ចឹមបីបាច់ និងអប់រំកូនៗឱ្យក្លាយជាពលរដ្ឋល្អ។

លោកជំទាវ អ៊ឹង កន្ថាផាវី ក៏បានរំលេចពីសារៈសំខាន់នៃអំណាចសេដ្ឋកិច្ចរបស់ស្ត្រី ដែលជាយុទ្ធសាស្ត្រមួយក្នុងការកាត់បន្ថយភាពងាយរងគ្រោះ។ លោកជំទាវមានប្រសាសន៍ថា នៅពេលស្ត្រីមានអំណាចសេដ្ឋកិច្ច ពួកគេនឹងមានលទ្ធភាពក្នុងការជ្រើសរើសអ្វីដែលពួកគេចង់ធ្វើក្នុងជីវិត។
យ៉ាងណាក៏ដោយលោកជំទាវជឿជាក់ថា ការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពជាពលរដ្ឋល្អ គឺជាផ្នែកសំខាន់នៃការអភិវឌ្ឍប្រទេស ដែលតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគី ដើម្បីបង្កើតសង្គមដែលមានអរិយធម៌ និងសមភាព៕






























