នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំពិធីប្រគល់ រង្វាន់ជ័យលាភីសិស្សនិទ្ទេស A ឆ្នាំសិក្សា ២០២៥–២០២៦ និងការតម្រង់ទិសសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៦–២០២៧ អំពីគន្លឹះឆ្ពោះទៅរកភាពជោគជ័យនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
កម្មវិធីនេះមិនត្រឹមតែជាការអបអរសាទរចំពោះសមិទ្ធផលសិក្សារបស់សិស្សនិទ្ទេស A ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសម្រាប់ការរៀនសូត្រ ការចែករំលែកបទពិសោធន៍ និងការតម្រង់ទិសសិស្សថ្នាក់ទី១២ ដើម្បីត្រៀមខ្លួនឱ្យបានកាន់តែល្អសម្រាប់ការប្រឡង និងការសិក្សាក្នុងជំហានបន្ទាប់។
ក្នុងឆ្នាំសិក្សា ២០២៥–២០២៦ សិស្សថ្នាក់ទី១២ នៃបណ្តាញគ្រឹះស្ថានអប់រំរបស់ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលរួមមាន សាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ និងសាលាអន្តរជាតិ ហ្វររ៉េសហៀល សរុបចំនួន ៣៨៨នាក់ បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយទទួលបានអត្រាប្រឡងជាប់ ៩៤%។ ក្នុងនោះ សិស្សទទួលបាននិទ្ទេស A ដល់ C មានចំនួន ២០២នាក់ ស្មើនឹង ៥២% និងសិស្សទទួលបាននិទ្ទេស A ចំនួន ៣១នាក់ ក្នុងនោះមានសិស្សស្រី ១៤នាក់។
ក្នុងឱកាសនោះ លោក តែ ឡាយ ប្រធាននាយកអប់រំ នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា លទ្ធផលរបស់សិស្សានុសិស្ស មិនត្រឹមតែបង្ហាញពីអ្វីដែលសិស្សានុសិស្សបានដឹង នៅក្នុងថ្ងៃប្រឡងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងឱ្យឃើញពីទម្លាប់ វិន័យ និងការលូតលាស់ដែលពួកគេ បានកសាងឡើងនៅលើផ្លូវសិក្សាមួយនេះ។

ថ្ងៃនេះយើងមិនត្រឹមតែអបអរសាទរលទ្ធផលប្រឡងប៉ុណ្ណោះទេ ប៉ុន្តែយើងអបអរសាទរនូវការខិតខំប្រឹងប្រែង វិន័យ ភាពស៊ូទ្រាំ និងការអភិវឌ្ឍខ្លួនរបស់សិស្សានុសិស្សយើង
ដោយឡែក សម្រាប់សិស្សថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា ២០២៦–២០២៧ ខាងមុខ លោក តែ ឡាយ ក៏បានសង្កត់ធ្ងន់ផងដែរថា ពួកគេនៅមានពេលវេលា និងឱកាសក្នុងការរៀបចំខ្លួនចាប់ពីពេលនេះ។ ក្នុងនោះ សាលាលើកទឹកចិត្តសិស្សក្នុងការចាប់ផ្តើមឱ្យបានឆាប់ រក្សាភាពទៀងទាត់ក្នុងការសិក្សា ហ៊ានសួរ និងស្វែងរកជំនួយពីគ្រូ មិត្តភក្តិ ឬអាណាព្យាបាល ព្រមទាំងម្ចាស់ការលើការសិក្សារបស់ខ្លួន។
ក្នុងកម្មវិធីដដែលនេះ យុវតី ស៊ុន ច័ន្ទសម្ផស្សពេជ្រ ដែលជាសិស្សនិទ្ទេស A មកពីសាលារៀន វ៉េស្ទឡាញន៍ សាខាសែនសុខ បានចែករំលែកបទពិសោធន៍ និងគន្លឹះក្នុងការសិក្សា ដែលបានជួយឱ្យយុវតីរូបនេះទទួលបាននិទ្ទេស A។ ជាមួយគ្នានេះ យុវជន ទូច រិទ្ធបណ្ឌិត វិសាល ដែលជាអតីតសិស្ស និទ្ទេស A មកពីសាលារៀនវ៉េស្ទឡាញន៍ សាខាដង្កោ ក៏បានចែករំលែកបទពិសោធន៍អំពីការខិតខំប្រឹងប្រែង ទាំងក្នុងការសិក្សា និងការងារ។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន វេសឡាញ ជឿជាក់ថា ដំណើរនៃការសិក្សារបស់សិស្សានុសិស្ស គឺទាមទារការចូលរួមចំណែកពីឪពុកម្ដាយ ឬអាណាព្យាបាល ដូច្នេះកម្មវិធីក៏បានផ្តល់វេទិកាដល់ តំណាងមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស និទ្ទេស A ដើម្បីចែករំលែកទស្សនៈ និងបទពិសោធន៍ អំពីតួនាទី របស់គ្រួសារក្នុងការគាំទ្រការសិក្សារបស់កូនៗ។ ការចែករំលែកនេះបានបង្ហាញថា ជោគជ័យរបស់សិស្សមិនមែនកើតឡើងពីការខិតខំរបស់សិស្សម្នាក់ឯងទេ ប៉ុន្តែជាលទ្ធផលនៃកិច្ចសហការរវាងសិស្ស គ្រួសារ លោកគ្រូ អ្នកគ្រូ និងសាលារៀន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ វេសឡាញ ក្នុងការពង្រឹងការគាំទ្រដល់សិស្សានុសិស្ស ដើម្បីជួយឱ្យពួកគេទទួលបានលទ្ធផលសិក្សាកាន់តែល្អ និងត្រៀមខ្លួនបានសមស្របសម្រាប់អនាគត។

ឯកឧត្តមបានលើកទឹកចិត្តឱ្យសិស្សផ្តោតលើការកសាងជំនាញឱ្យបានច្បាស់លាស់ ព្រមទាំងស្វែងយល់ពីបរិបទជាក់ស្តែងនៃពិភពខាងក្រៅ ដើម្បីអាចរៀបចំខ្លួនសម្រាប់ការសិក្សា ការងារ ការរស់នៅក្នុងសង្គម និងសេដ្ឋកិច្ច ដែលកាន់តែមានការប្រកួតប្រជែងនៅថ្ងៃអនាគត។
គួរបញ្ជាក់ថា ដើម្បីគាំទ្រដល់ការត្រៀមខ្លួនរបស់សិស្ស សាលាក៏បានរៀបចំសកម្មភាពជាក់ស្តែង រួមមាន ការរៀនបំប៉ន និងដោះស្រាយវិញ្ញាសា ការប្រឡងសាកល្បង កម្មវិធីប្រឹក្សាអាជីព និងការសិក្សា ក្លឹបសិក្សា ការស្វ័យសិក្សាតាមប្រព័ន្ធអនឡាញ និងវគ្គតម្រង់ទិសអាហារូបករណ៍។ សាលាក៏នឹងបន្តតាមដាន និងវិភាគវឌ្ឍនភាពសិក្សារបស់សិស្ស ដើម្បីរៀបចំការគាំទ្រឱ្យសមស្របទៅនឹងតម្រូវការរបស់សិស្សម្នាក់ៗ។
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ ក្នុងឆ្នាំសិក្សា ២០២៦–២០២៧ ក្រុមហ៊ុន វេសឡាញ បានកំណត់គោលដៅ ជំរុញឱ្យអត្រាសិស្សប្រឡងជាប់បាក់ឌុបឈានដល់ ១០០% សិស្សទទួលបាននិទ្ទេស A ចំនួន ១៧% និងសិស្សទទួលបាននិទ្ទេស A, B និង C យ៉ាងតិច ៧៥% នៅតាមគ្រប់សាខា៕

















































































