ខណៈបញ្ញាសិប្បនិម្មិត (AI) កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយក្នុងវិស័យការងារជាច្រើន ក្តីបារម្ភអំពីផលប៉ះពាល់របស់ AI លើអាជីពនាពេលអនាគតក៏កំពុងកើនឡើង ជាពិសេសក្នុងចំណោមសិស្ស និងនិស្សិតដែលត្រៀមចូលទីផ្សារការងារ។
ទោះជាយ៉ាងណា អាជីពមួយចំនួននៅតែមានសក្តានុពលខ្ពស់ ដោយសារការងារទាំងនោះទាមទារជំនាញដែល AI ពិបាកជំនួសបានទាំងស្រុង ដូចជា ការយល់ចិត្តមនុស្ស ការសម្រេចចិត្តក្នុងស្ថានភាពស្មុគស្មាញ ភាពច្នៃប្រឌិត ជំនាញអនុវត្តផ្ទាល់ និងការកសាងទំនាក់ទំនងរវាងមនុស្ស និងមនុស្ស។
យោងតាម College Mentor ដែលជាវេទិកាណែនាំការអប់រំនិងទីប្រឹក្សាជ្រើសរើសជំនាញមានមូលដ្ឋាននៅប្រទេសឥណ្ឌាបានពន្យល់ថា អាជីពចំនួន ៦ ត្រូវបានចាត់ទុកថា មានសក្តានុពលបន្តរីកចម្រើនក្នុងយុគសម័យ AI រួមមាន៖
១. គ្រូបង្រៀន និងអ្នកអប់រំ
ការងាររបស់គ្រូបង្រៀនមិនមែនមានតួនាទីត្រឹមតែផ្ទេរចំណេះដឹងដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញការចង់ចេះ ចង់ដឹង កសាងទំនុកចិត្ត និងគាំទ្រការអភិវឌ្ឍផ្នែកអារម្មណ៍របស់សិស្ស។
ទោះបីឧបករណ៍ AI អាចជួយផ្តល់ព័ត៌មាន ឆ្លើយសំណួរ និងបង្កើតសម្ភារៈសិក្សាក៏ដោយ ក៏វាមិនអាចជំនួសទាំងស្រុងនូវការណែនាំ ការលើកទឹកចិត្ត និងទំនាក់ទំនងផ្ទាល់របស់គ្រូជាមួយសិស្សបានឡើយ ជាពិសេសក្នុងការអប់រំកុមារ និងការគាំទ្រសិស្សដែលមានតម្រូវការពិសេស។
២. គិលានុបដ្ឋាយិកា
វិជ្ជាជីវៈគិលានុបដ្ឋាយិកា គឺជាការងារមួយដែលត្រូវការការយល់ចិត្ត ការថែទាំ និងការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺដោយផ្ទាល់។
AI អាចជួយក្នុងការវិភាគទិន្នន័យសុខភាព ឬគាំទ្រដល់ការធ្វើរោគវិនិច្ឆ័យ ប៉ុន្តែការថែទាំអ្នកជំងឺ ការផ្តល់ការធានាផ្លូវចិត្ត និងការសម្រេចចិត្តរហ័សក្នុងស្ថានភាពបន្ទាន់ នៅតែត្រូវការវត្តមាន និងការវិនិច្ឆ័យរបស់មនុស្ស។

៣. ជំនាញវិជ្ជាជីវៈ
ជំនាញដូចជា ជាងអគ្គិសនី ជាងមេកានិច ជាងទឹក និងជាងឈើ ត្រូវបានមើលឃើញថា ជាអាជីពដែលមានសក្តានុពលក្នុងរយៈពេលវែង។
ការងារទាំងនេះតម្រូវឱ្យមានជំនាញអនុវត្តផ្ទាល់ ការដោះស្រាយបញ្ហានៅទីតាំងជាក់ស្តែង និងការសម្រេចចិត្តទៅតាមស្ថានភាពដែលអាចប្រែប្រួល។ ឧទាហរណ៍ ការជួសជុលប្រព័ន្ធអគ្គិសនី ឬដំបូលនៅអគារចាស់ អាចមានបញ្ហាខុសគ្នាទាំងស្រុងពីការងារដូចគ្នានៅអគារទំនើប។
៤. អ្នកជំនាញផ្នែកច្នៃប្រឌិត
ការរីកចម្រើនរបស់ AI បានធ្វើឱ្យការបង្កើតរូបភាព តន្ត្រី អត្ថបទ និងខ្លឹមសារផ្សេងៗកាន់តែងាយស្រួល។ ប៉ុន្តែការងារច្នៃប្រឌិតរបស់មនុស្សនៅតែមានតម្លៃ ព្រោះវាមិនផ្អែកតែលើការបង្កើតខ្លឹមសារប៉ុណ្ណោះទេ ប៉ុន្តែរួមមានគំនិត ចេតនា បរិបទ បទពិសោធន៍ និងអត្ថន័យដែលអ្នកបង្កើតចង់បញ្ជូន។
ដូច្នេះ អ្នកសរសេរ អ្នករចនា អ្នកបង្កើតតន្ត្រី សិល្បករ និងស្ថាបត្យករ អាចប្រើ AI ជាឧបករណ៍ជំនួយ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ជាជាងមើល AI ជាអ្នកជំនួសទាំងស្រុង។

៥. អ្នកសង្គមកិច្ច និងអ្នកប្រឹក្សាយោបល់
អ្នកសង្គមកិច្ច និងអ្នកប្រឹក្សាយោបល់ ត្រូវប្រឈមមុខនឹងករណីស្មុគស្មាញ និងងាយរងគ្រោះ ដូចជា ភាពក្រីក្រ ការរំលោភបំពាន ការញៀន និងបញ្ហាសុខភាពផ្លូវចិត្ត។
ការងារប្រភេទនេះត្រូវការការស្តាប់ ការយល់ចិត្ត ការកសាងទំនុកចិត្ត និងការយល់ដឹងពីបរិបទផ្ទាល់ខ្លួន និងសង្គមរបស់មនុស្សម្នាក់ៗ។ កត្តាទាំងនេះធ្វើឱ្យការងាររបស់មនុស្សនៅតែមានសារៈសំខាន់ ទោះបី AI អាចជួយផ្តល់ព័ត៌មាន ឬឧបករណ៍គាំទ្រក៏ដោយ។
៦. វិជ្ជាជីវៈផ្នែកច្បាប់
អាជីពក្នុងវិស័យច្បាប់ ដូចជា មេធាវី ចៅក្រម អ្នកសម្របសម្រួលក៏ជាការងារដែលត្រូវការការវិនិច្ឆ័យរបស់មនុស្ស។
AI អាចជួយពិនិត្យកិច្ចសន្យា ស្វែងរកព័ត៌មាន និងកំណត់ភាពមិនស៊ីសង្វាក់គ្នានៅក្នុងឯកសារផ្លូវច្បាប់។ ប៉ុន្តែការតស៊ូមតិ ការចរចា ការវាយតម្លៃបរិបទ និងការសម្រេចចិត្តលើបញ្ហាសីលធម៌ និងច្បាប់ស្មុគស្មាញ នៅតែទាមទារជំនាញ និងការវិនិច្ឆ័យរបស់អ្នកជំនាញ។
ជារួម សម្រាប់សិស្សដែលកំពុងត្រៀមជ្រើសរើសជំនាញបន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ ការរីកចម្រើនរបស់ AI មិនមានន័យថា ត្រូវជៀសវាងអាជីពដែល AI អាចជួយធ្វើបាននោះទេ។ ផ្ទុយទៅវិញ ការជ្រើសរើសជំនាញដែលរួមបញ្ចូលជំនាញមនុស្ស ភាពច្នៃប្រឌិត ការគិតវិភាគ និងសមត្ថភាពប្រើប្រាស់ AI អាចជួយឱ្យយុវជនមានភាពប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារការងារនាពេលអនាគត៕














































































