ភ្នំពេញ៖ នៅក្នុងគ្រួសារឪពុកម្ដាយជាបុគ្គលគម្រូដំបូងបំផុតដែលកូនៗងាយយកតម្រាប់តាម។ កាតព្វកិច្ចរបស់ឪពុកម្ដាយ ឬអ្នកថែទាំងកុមារ ត្រូវផ្ដល់ការយកចិត្តទុកដាក់ ការថែទាំ ការការពារ ការផ្ដល់ក្ដីស្រឡាញ់ ការផ្ដល់ចំណីអាហារ និងការអប់រំកូន។ ទង្វើ ឬសកម្មភាពដែលឪពុកម្ដាយប្រព្រឹត្តត្រូវមានទំនួលខុសត្រូវ និងជៀសវាងទង្វើមិនល្អដែលនាំឱ្យកូនប្រព្រឹត្តតាម។
លោកស្រី ភេ សុផាន់នី ជាគ្រូបង្រៀនសាលាបឋមសិក្សារកា នៅខេត្តកណ្ដាល មានប្រសាសន៍ថា ក្មេងប្រៀបដូចជាក្រដាស់ស បើឥរិយាបទ ឬទង្វើរបស់ឪពុកម្ដាយបែបណាកូន ឬកុមារងាយនឹងចាប់យកបានបំផុត។
លោកស្រីបានបន្ថែមទៀតថា៖
“កាលណាឪពុកម្ដាយប្រើប្រាស់អំពើហិង្សា ឈ្លោះប្រកែកគ្នា ប្រើពាក្យសម្ដីមិនសមរម្យ អាចធ្វើឱ្យកូន ឬកុមារចូលចិត្តឈ្លោះប្រកែកគ្នា មានកាយវិការនិងការនិយាយស្ដីមិនសមរម្យ បើឪពុកម្ដាយបង្ហាញទង្វើល្អ អប់រំកូននោះកូនក៏មានសណ្ដាប់ធ្នាប់ល្អទៅតាមនោះដែរ”
ចំណែក លោក ឡេង វិទូ ជាសាស្រ្ដចារ្យភាសាអង់គ្លេស បានឱ្យដឹងដែរថា ឪពុកម្ដាយត្រូវដើរតួជាគម្រូល្អដល់កូន បង្រៀនកូនពីរបៀបរបបនិយាយស្ដី ការរស់នៅ ការធ្វើអនាម័យ ដោយអនុវត្តជាមួយកូនជាប្រចាំ នោះកូននឹងចងចាំពីវិធីសាស្រ្ដទាំងអស់នេះ ហើយយកទៅអនុវត្តតាមក្នុងដំណើរជីវិតរបស់ពួកគេ។
លោកសាស្រ្ដចារ្យ ឡេង វិទូ បានបញ្ជាក់ថា ៖
“ឪពុកម្ដាយមិនត្រឹមតែជាគម្រូសម្រាប់កូននោះទេ តែអាចដើរតួជាមិត្តភក្ដិរបស់កូនក្នុងការពិភាក្សាឱ្យយោបល់ក្នុងការធ្វើអ្វីមួយជាគូ ឬជាក្រុមដែលជួយឱ្យកូនកាន់តែមានភាពស្និទ្នស្នាលជាមួយឪពុកម្ដាយតាមរយៈឥរិយាបទល្អៗដែលឪពុកម្ដាយប្រព្រឹត្តចំពោះកូន ជួយឱ្យកូនទទួលបានការអប់រំល្អ និងចេះរៀបចំជីវិតរស់នៅរបស់ពួកគេបានល្អទៅថ្ងៃអនាគតបាន”
គួររំលឹកថា ការអប់រំកូនតាមបែបវិជ្ជមាន ម្តាយឪពុកគួរជៀសវាងស្រែកគំហក ជេរប្រមាថដល់កូន ឬកុមារ ជាពិសេសការប្រៀបធៀបកូន ឬកុមារទៅកុមារផ្សេងទៀត ដោយបែរមកពិភាក្សា សួរបញ្ជាក់ និងពន្យល់ហេតុផលដល់កូន ដើម្បីឱ្យគាត់បានដឹងពីគោលបំណងរបស់ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ។ នេះបើតាមសៀវភៅរបស់ក្រសួងកិច្ចការនារីស្ដីពីរបៀបចិញ្ចឹមកូនតាមបែបវិជ្ជមាន៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។













































































