បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញក្នុងការដោះស្រាយបញ្ហាសន្តិសុខ (Security Challenges) រយៈពេល ៨ម៉ោងកាលពីចុងសប្តាហ៍កន្លងទៅនេះ ទីបំផុតគណៈកម្មការបានរកឃើញបេក្ខជន ៣ក្រុមជាប់ជ័យលាភីក្នុងការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦។
ជ័យលាភីឆ្នើមទាំង៣ក្រុម រួមមាន ជ័យលាភីលេខ១ បានទៅលើក្រុម R0mdu0l$3nCh3y មានសមាជិកដូចជា ហឿន វិស័យ, ង៉ុយ ជីវ៉ា, សៀក ឆៃណេ, ស៊ុន គឹមស្រួល។ ជ័យលាភីលេខ២ បានទៅលើក្រុម NO NAME មានសមាជិកដូចជា លីសុផាវីន, យុំ មង្គលបញ្ញា, ស្រេង សេងហៃ, ឈឹម វិរាជ។ ជ័យលាភីលេខ៣ បានទៅលើក្រុម WillHack4Coffee មានសមាជិកដូចជា ហេង គីមឡុង, សាវ៉ុន ចន្ទសិរី, សុខ សុវណ្ណារ៉ា, ឈួន ណារ៉ា។
កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៦ គឺជាកម្មវិធីប្រកួតប្រជែងលក្ខណៈជាក្រុម ដែលមានទម្រង់ Jeopardy ដោយតម្រូវឱ្យក្រុមនីមួយៗ ចូលរួមដោះស្រាយបញ្ហាសន្តិសុខ (Security Challenges) ទៅលើដែនដូចជា វិស្វកម្មបញ្ច្រាស (Reverse Engineering) គ្រីបតូក្រាហ្វី (Cryptography) សន្តិសុខគេហទំព័រ (Web Security) កោសល្យវិច័យ (Forensics) ឬការកែប្រែកម្មវិធីប្រព័ន្ធគោលពីរ (Binary Exploitation) ជាដើម ដោយស្វែងរកបំណែកព័ត៌មានហៅថា “Flag” ដែលលាក់នៅក្នុងលំហាត់នីមួយៗ។

ក្នុងពិធីបើកការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ ឯកឧត្តម លីវ សុផាណារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា កម្មវិធីការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ រៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាកម្មវិធីប្រកួតថ្នាក់ជាតិដ៏សំខាន់ ដោយមានការចូលរួមពីបេក្ខជន បេក្ខនារី ជាសមាជិកក្រុមជ័យលាភី និងសុទ្ធសឹងជាក្រុមឆ្នើមទាំងអស់។
រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ថែមថា ព្រឹត្តិការណ៍នេះ គឺជាការប្រកួតប្រជែងដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកលើកស្ទួយផ្នែកសន្តិសុខសាយប័រនៅកម្ពុជា និងជាសកល ដែលបង្ហាញឱ្យឃើញពីការលើកកម្ពស់មូលធនឌីជីថលក្នុងផ្នែកសន្តិសុខសាយប័រ ដែលជាផ្នែកមួយបង្ហាញពីការយកចិត្តទុកដាក់លើការបង្កើនសមត្ថភាព ប្រសិទ្ធភាព និងប្រសិទ្ធផលនៃបរិវត្តកម្មឌីជីថល លើការប្រកួតប្រជែងឌីជីថលនៅក្នុងតំបន់។
ឯកឧត្តម លីវ សុផាណារិទ្ធ ក៏បានអបអរដល់បេក្ខជន បេក្ខនារី ក្មួយៗសមាជិកជាក្រុមឆ្នើម ដែលបានឆ្លងកាត់ការប្រកួតសាយប័រអារីណា ២០២៦ ដោយជោគជ័យ និងត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតក្នុងកម្មវិធីថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ នេះ។ លទ្ធផលនៃការប្រកួតនេះ បានបង្ហាញពីការតស៊ូ ព្យាយាម ការហ្វឹកហាត់ជាប្រចាំ ការសិក្សាស្រាវជ្រាវ និងការធ្វើការងារជាក្រុមប្រកបដោយទំនួលខុសត្រូវខ្ពស់។

មិនត្រឹមតែចូលរួមប្រកួតថ្នាក់ជាតិប៉ុណ្ណោះទេ ឯកឧត្តម លីវ សុផាណារិទ្ធ គឺចង់ឃើញសមត្ថភាពរបស់ប្អូនៗទាំងអស់គ្នាចូលរួមក្នុងវេទិកាថ្នាក់តំបន់កាន់តែច្រើន ដើម្បីទទួលបានពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិ ដែលនឹងផ្ដល់កិត្តិយសដល់បេក្ខជនខ្លួនឯង គ្រួសារ និងប្រទេសកម្ពុជាផងដែរ។
គួរជម្រាបជូនថា កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ បែងចែកចេញជា ២វគ្គគឺ ការប្រកួតសាយប័រអារីណា ២០២៦ និងការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ ដែលមានបេក្ខជនចូលរួមសរុបប្រមាណ ៥៥០នាក់ សរុប ១៥៧ក្រុម និងប្រកួតជម្រុះ ក្រុមបេក្ខភាពជ័យលាភី ៣ក្រុម និងបេក្ខភាព ៣០ក្រុមឆ្នើម ដើម្បីបន្តជម្រុះបេក្ខជនប្រកួតថ្នាក់ជាតិ។ ក្នុងនោះ កម្មវិធីនឹងជ្រើសរើស បេក្ខភាព៥ក្រុម ចូលរួមវគ្គបណ្តុះបណ្តាល ១០សប្ដាហ៍ ដើម្បីបន្តទៅប្រកួតថ្នាក់តំបន់៕













































































