កាលពីចុងសប្តាហ៍កន្លងទៅនេះ សិស្សកម្ពុជាចំនួន ៧៨៦នាក់ បានចូលរួមប្រឡងគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី (SASMO) ឆ្នាំ២០២៦ ដែលរៀបចំដោយ មជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី សហការជាមួយ SIMCC Singapore នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការប្រឡង SASMO ឆ្នាំ២០២៦នេះ មានចាប់ពីកម្រិតមត្តេយ្យសិក្សា (K) រហូតដល់ថ្នាក់ទី១២។ ចំពោះវិញ្ញាសាប្រឡងជាភាសាអង់គ្លេស និងភាសាខ្មែរ ដោយចែកចេញជា ២ផ្នែក គឺផ្នែក A ជាសំណួរពហុជ្រើសរើស (Multiple Choice) មាន ១៥ សំណួរ និងផ្នែក B ជាសំណួរសរសេរចម្លើយ (Open-Ended Questions) មាន ១០ សំណួរ ដោយការប្រឡងមានរយៈពេល ១ម៉ោង៣០នាទី និងហាមប្រើប្រាស់ម៉ាស៊ីនគិតលេខ។
កញ្ញា លឹម ឈីងអ៊ី អនុប្រធានមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី ប្រាប់ AMS ថា កម្មវិធីប្រឡងគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី (SASMO) ជាកម្មវិធីដែលមានការទទួលស្គាល់ និងល្បីជាងគេនៅប្រទេសសិង្ហបុរី ដែលមានសិស្សចូលរួមប្រកួតជាច្រើនប្រទេស។ ដោយឡែកការនាំយកការប្រឡង SASMO មកកម្ពុជានេះ ក៏ព្រោះតែចង់ឱ្យកូនខ្មែរ មានឱកាសក្នុងការបង្ហាញសមត្ថភាពប្រកួតប្រជែងជាមួយសិស្សជាច្រើននៅលើពិភពលោក ដើម្បីដឹងពីសមត្ថភាព និងជាមោទនភាពរបស់ខ្លួន។
«យើងចង់ឱ្យកូនខ្មែរមានឱកាសក្នុងការបង្ហាញសមត្ថភាពប្រកួតប្រជែងជាមួយសិស្សជាច្រើន ដើម្បីដឹងពីសមត្ថភាព ជាមោទនភាព និងដើម្បីដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន»
អនុប្រធានមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី យល់ថា កូនខ្មែរពិតជាមានសមត្ថភាពខ្លាំងមិនចាញ់សិស្សបរទេសនោះទេ បើប្រៀបធៀបជាមួយសិស្សនៅតំបន់អាស៊ាន ព្រោះរាល់ការប្រឡងទាំងអស់ កូនខ្មែរតែងទទួលបានជ័យលាភីមេដាយជាច្រើន ទាំងដែលកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ។
ក្នុងនាមជាអ្នករៀបចំកម្មវិធី កញ្ញា លឹម ឈីងអ៊ី រំពឹងថា សិស្សកម្ពុជានឹងទទួលបានជ័យលាភីមេដាយច្រើនថែមទៀត ព្រោះបច្ចុប្បន្នសិស្សកម្ពុជាមានសមត្ថភាពខ្លាំងពូកែជាងមុន ដោយសារពួកគាត់ខិតខំប្រឹងប្រែងស្វ័យសិក្សា និងរៀនជាមួយគ្រូនៅសាលា។




លោកស្រី អ៊ាំង លាងមួយ ជាម្ដាយសិស្ស ២នាក់ដែលចូលរួមប្រឡងគណិតវិទ្យា SASMO លើកឡើងថា លោកស្រីបានចុះឈ្មោះកូនឱ្យចូលរួមប្រកួតកម្មវិធីនេះ ព្រោះចង់ឱ្យកូនបានបញ្ចេញសមត្ថភាពផ្នែកគណិតវិទ្យា ពង្រឹងភាពក្លាហាន និងស្គាល់មនុស្សថ្មីៗឱ្យបានច្រើន។ លោកស្រីមានប្រសាសន៍ថា តាមរយៈការប្រឡងគណិតវិទ្យា SASMO នេះ នឹងជួយឱ្យកូនលោកស្រីទទួលបានបទពិសោធថ្មី មានភាពក្លាហាន និងជួយឱ្យការគិត និងការដោះស្រាយបញ្ហារបស់គេបានលឿនរហ័ស។
គួរជំរាបជូនថា SASMO គឺជាការប្រកួតគណិតវិទ្យាអន្តរជាតិមកពីប្រទេសសិង្ហបុរី ដែលបង្កើតឡើងតាំងពីឆ្នាំ ២០០៦។ ក្នុងឆ្នាំ២០២៦នេះ SASMO មានសិស្សចូលរួមប្រកួតជិត ៦ម៉ឺននាក់ មកពី ៤០ប្រទេស ក្នុងនោះសិស្សកម្ពុជាដាក់ពាក្យប្រឡងប្រមាណជិត ២ពាន់នាក់។ បេក្ខជនដែលចូលរួមប្រកួត SASMO ពួកគេនឹងមានឱកាសទទួលបានមេដាយ និងវិញ្ញាបនបត្រ ដែលមានការទទួលស្គាល់ពីបណ្ដាប្រទេសជាច្រើនលើពិភពលោក អាចយកទៅប្រើប្រាស់សម្រាប់ដាក់ពាក្យអាហារូបករណ៍ និងមានឱកាសចូលរួមជាសមាជិកបញ្ញវន្តវ័យក្មេង ក៏ដូចជាឱកាសទៅផ្លាស់ប្ដូរការសិក្សាតាមបណ្ដាប្រទេសជាច្រើនទៀត៕






























