ក្នុងវេទិកាពិភាក្សា ស្ដីពី ការជំរុញការសិក្សាក្នុងវ័យកុមារសម្រាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរ នៅមជ្ឈមណ្ឌល Queen Elizabeth II ចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ (១៨ ឧសភា) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ការពង្រីកការផ្ដល់សេវាអប់រំកុមារតូច គឺជាមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិ។ ឯកឧត្តមថា ការណ៍នេះ ដើម្បីធានាថាកុមារគ្រប់រូបមានការចាប់ផ្តើមដ៏យុត្តិធម៌ ខណៈពេលដែលកម្ពុជាកំពុងកសាងសង្គមដែលមានសមធម៌ មានផលិតភាព និងមានភាពធន់ជាងមុន។
កិច្ចពិភាក្សាដែលមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងអប់រំ នៃប្រទេសអ៊ូសបេគីស្ថាន ប្រទេសកូឡុំប៊ី និងប្រទេសស្លូវ៉ាគី និងភ្ញៀវកិត្តិយសមួយចំនួនទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សង្កត់ធ្ងន់ថា ប្រព័ន្ធអប់រំកុមារតូច ដែលមានប្រសិទ្ធភាព គឺត្រូវការអ្នកអប់រំដែលបានទទួលការបណ្តុះបណ្តាល និងគាំទ្រ កម្មវិធីសិក្សាដែលផ្អែកលើការលេង និងពាក់ព័ន្ធនឹងវប្បធម៌ បរិយាកាសសិក្សាដែលមានសុវត្ថិភាព ព្រមទាំងរួមបញ្ចូលនូវការចូលរួមពីឪពុកម្តាយយ៉ាងខ្លាំង ហិរញ្ញប្បទានសាធារណៈ និងអភិបាលកិច្ចប្រកបដោយចីរភាព។

“កុមារតូចៗដែលទទួលបានការថែទាំ ការថែទាំប្រកបដោយវិជ្ជាជីវៈ និងភាពកក់ក្តៅពីក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន ទំនងជាបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាដោយជោគជ័យ ដោយកាត់បន្ថយការបោះបង់ការសិក្សា”
រដ្ឋមន្រ្តីក្រសួងអប់រំ បន្ថែមថា ការផ្ដល់ការអប់រំ និងអភិវឌ្ឍកុមារដែលមានគុណភាព គឺជាការចូលរួមគាំទ្រដល់កុមារទាំងមូលលើការអភិវឌ្ឍ ការយល់ដឹង សង្គម អារម្មណ៍ និងរាងកាយ ជាពិសេសក្នុងអំឡុងពេលមួយពាន់ថ្ងៃដំបូង នៃការលូតលាស់ខួរក្បាល រួមទាំងមូលដ្ឋានគ្រឹះ នៃការរៀនសូត្រដ៏រឹងមាំលើភាសា លេខនព្វន្ត និងការដោះស្រាយបញ្ហា ការបង្កើតការត្រៀមខ្លួនសម្រាប់សាលាបឋមសិក្សា និងការកាត់បន្ថយការរៀនឡើងវិញ និងការបោះបង់ចោលការសិក្សា។ សិស្សដែលចូលរៀនថ្នាក់មត្តេយ្យសិក្សាទទួលបានលទ្ធផលល្អប្រសើរក្នុងការអប់រំបឋមសិក្សា។ ទន្ទឹមនឹងនេះ ការអប់រំកុមារតូច ក៏ជាការរៀបចំសង្គម ដើម្បីដោះស្រាយបញ្ហាប្រឈមទំនើបៗ រួមទាំងការសម្របខ្លួន និងការរៀនសូត្រពេញមួយជីវិត សុខភាព និងសុខុមាលភាព និងភាពធន់នឹងវិបត្តិ។

តាមរយៈភស្តុតាង នៃការស្រាវជ្រាវបានបង្ហាញថា ៨០% នៃការតភ្ជាប់រវាងខួរក្បាលរបស់កុមារតូចកើតឡើងរវាងអាយុសូន្យឆ្នាំ និងបីឆ្នាំដំបូងនៃជីវិត។ ក្នុងអំឡុងពេលនេះ ប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលរបស់កុមារអភិវឌ្ឍបានល្អ និងយ៉ាងឆាប់រហ័ស ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជំនាញបញ្ញា ភាពវៃឆ្លាត និងជំនាញជាមូលដ្ឋានដូចជា ជំនាញសង្គម ភាពក្លាហាន ការអត់ធ្មត់ និងជំនាញទំនាក់ទំនង ដែលជាជំនាញសំខាន់ក្នុងភាពជោគជ័យនៃការសិក្សាពេញមួយជីវិតរបស់មនុស្សម្នាក់៕












































































