ទោះបីជាមានការងារដែលផ្តល់ចំណូលខ្ពស់រួចទៅហើយក្តី ការមិនព្រមអភិវឌ្ឍសមត្ថភាព និងការខ្វះវិន័យគ្រប់គ្រងលុយកាក់ នៅតែជាហានិភ័យធំបំផុតដែលអាចរុញច្រានបុគ្គលជាច្រើនឱ្យធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុ។ សម្រាប់ លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Start Up Community លើកទឹកចិត្តយុវជននៅក្មេង គួរផ្តោតឱ្យខ្លាំងលើការងារដែលធ្វើឱ្យសមត្ថភាពរីកចម្រើន ហើយទម្លាប់រស់នៅដែលគ្មានបំណុលអសកម្ម។
លោក គីម ដារ៉ា មានប្រសាសន៍ថា សុខភាពហិរញ្ញវត្ថុ ក៏ដូចសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់យើងដែរ គឺវាអាស្រ័យលើទម្លាប់រស់នៅរបស់យើង។ ទម្លាប់ល្អមួយក្នុងរឿងហិរញ្ញវត្ថុ គឺមិនខ្ចីលុយគេចាយ មិនទិញជំពាក់គេ ពោលគឺទម្លាប់រស់នៅដោយគ្មានបំណុល គឺជាទម្លាប់ល្អ។ លោក គីម ដារ៉ា បន្តថា អ្នករកស៊ីអាចជៀសមិនផុតពីបំណុល ព្រោះគេប្រើប្រាស់បំណុលដើម្បីបង្កើនចំណូល បង្កើនប្រាក់ចំណេញ តែសម្រាប់យុវជនដែលបង្កើតបំណុល ដោយមិនបានបង្កើនចំណូលពីបំណុល គឺជាកំហុស ហើយក៏ជាទម្លាប់អាក្រក់ដែលនឹងបំផ្លាញសុខភាពហិរញ្ញវត្ថុ។

ស្ថាបនិកសាលាបង្វឹក Start Up Community បន្ថែមថា សម្រាប់អ្នករកបានតិច ត្រូវតែចាយតិច ហើយត្រូវដកសន្សំមុនចាយ វាអាចពិបាកបន្តិច តែចាំបាច់ត្រូវតែធ្វើ។ នៅពេលចំណូលតិច យុវជនត្រូវស្ទុះស្ទាខិតខំរៀនបន្ថែម ដោយរៀនជំនាញ ដើម្បីបង្កើនចំណូល។
«លុយរកបាន ត្រូវដកទុក១០% សិនមុនចំណាយ ដើម្បីទុកជាលុយបម្រុង ហើយលុយបម្រុងនេះ ជួយរក្សាផ្លូវចិត្តយើងឱ្យមានសុខភាពល្អ»
បើតាមលោក គីម ដារ៉ា ចំណេះដឹងទូទៅមិនសូវរកលុយបានទេ មានតែចំណេះដឹងជំនាញ ឬចំណេះដឹងឯកទេស ទើបអាចរកចំណូលបាន ហេតុនេះ យុវជនរៀនចំណេះដឹងទូទៅហើយ កុំភ្លេចពង្រឹងជំនាញផងដែរ។ “ដូច្នេះ នៅក្មេងត្រូវពង្រឹងទាំង២ ពេលចូលធ្វើការ ត្រូវផ្តោតចំណេះជំនាញឱ្យខ្លាំង ពេលចាស់បន្តិច ផ្តោតចំណេះដឹងទូទៅច្រើនជាង”។
ជាមួយគ្នានេះ អ្នកស្រី គីម ស៊ីដដាវីស សាស្រ្តាចារ្យជំនួយមុខវិជ្ជាជំនាញគ្រប់គ្រង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកផលិតមាតិកា លើកឡើងដែរថា នៅពេលនិយាយពីសមត្ថភាពខាងផ្នែកហិរញ្ញវត្ថុ អ្វីដែលយុវជនតែងតែផ្ដោត គឺសមត្ថភាពក្នុងការរកលុយ ដោយមិនបាននិយាយពីសមត្ថភាពក្នុងការគ្រប់គ្រងលុយទេ ដែលនេះជាហេតុធ្វើឱ្យយុវជន ក៏ដូចជាមនុស្សវ័យផ្សេងៗទៀតមានបញ្ហានាពេលអនាគត។

“ដូច្នេះ បើរកបានប៉ុន្មានក៏មិនសល់ដែលបើសិនជាយើង មិនមានរបៀបក្នុងការគ្រប់គ្រងលុយ”
អ្នកស្រី គីម ស៊ីដដាវីស បានលើកទឹកចិត្តយុវជន គួរស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុសំខាន់ៗបន្ថែមទៀត រួមមាន ១. ដឹងពីរបៀបនៃការរកលុយ ២. ដឹងពីរបៀបក្នុងការចាយ ៣. ដឹងពីរបៀបក្នុងការសន្សំ និងទី៤. ដឹងពីរបៀបនៅក្នុងការវិនិយោគ៕










































































