ការរីកចម្រើនរបស់សិស្សកម្ពុជាតាមរយៈលទ្ធផល PISA-2025 មិនត្រឹមតែជាតួលេខប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងបង្ហាញថា ប្រព័ន្ធអប់រំកម្ពុជាកំពុងសម្រេចបាននូវវឌ្ឍនភាពយ៉ាងធំធេង និងពិតប្រាកដ។ នេះជាការលើកឡើងរបស់លោក Andreas Schleicher នាយកផ្នែកអប់រំ និងជំនាញ នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ខណៈលោកបានសម្តែងការអបអរសាទរចំពោះសមិទ្ធផលរបស់កម្ពុជា។
កម្មវិធីអន្តរជាតិសម្រាប់ការវាយតម្លៃសិស្ស (PISA-2025) គឺជាការវាយតម្លៃលើសមត្ថភាពសិក្សារបស់សិស្សអាយុ ១៥ឆ្នាំ ដែលធ្វើឡើងរៀងរាល់ ៣ឆ្នាំម្តង ដោយ OECD។
លោក Andreas Schleicher បានលើកឡើងថា ពិន្ទុវិទ្យាសាស្ត្ររបស់សិស្សកម្ពុជាបានកើនឡើង ៣៤ពិន្ទុ បើធៀបនឹងឆ្នាំ២០២២ និង ៥០ពិន្ទុ បើធៀបនឹងឆ្នាំ២០១៧ ដែលលោកចាត់ទុកថា ស្មើនឹងការរីកចម្រើនជាង២ឆ្នាំនៃការរៀនសូត្រ និងជាកំណើនគួរឱ្យកត់សម្គាល់ក្នុងកម្រិតអន្តរជាតិ។
ក្រៅពីវិទ្យាសាស្ត្រ លទ្ធផលផ្នែកអំណានរបស់សិស្សកម្ពុជាក៏មានការរីកចម្រើនខ្លាំង ដោយកំណើនលទ្ធផលអំណានបានឈានដល់លំដាប់ទី២ ក្នុងចំណោមប្រទេសដែលបានចូលរួម ខណៈប្រព័ន្ធអប់រំនៃប្រទេសមួយចំនួនផ្សេងទៀតមានការធ្លាក់ចុះ។

លោក Schleicher បានសង្កត់ធ្ងន់ថា វឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការអនុវត្តកំណែទម្រង់វិស័យអប់រំជាបន្តបន្ទាប់ ព្រមទាំងការវិនិយោគលើការអប់រំ គ្រូបង្រៀន និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។
លោកបានបញ្ជាក់ថា ការអប់រំមិនមែនគ្រាន់តែជាការចំណាយសាធារណៈទេ ប៉ុន្តែជាការវិនិយោគលើផលិតភាពកម្លាំងពលកម្ម សាមគ្គីភាពសង្គម និងអនាគតរបស់ប្រទេស។ លោកក៏បានសរសើរចំពោះកិច្ចខិតខំរបស់កម្ពុជាក្នុងការលើកកម្ពស់គុណភាពអប់រំស្របជាមួយសមធម៌ តាមរយៈការអភិវឌ្ឍវិជ្ជាជីវៈគ្រូ ការផ្តល់សម្ភារសិក្សា និងការជំរុញឱ្យគ្រូបង្រៀនធ្វើការរួមគ្នា ចែករំលែកបទពិសោធន៍ និងកែលម្អការបង្រៀន។
លោក Andreas Schleicher បានលើកទឹកចិត្តកម្ពុជាឱ្យបន្តរក្សាសន្ទុះនៃវឌ្ឍនភាព ពង្រឹង និងពង្រីកកំណែទម្រង់អប់រំ ព្រមទាំងធានាឱ្យកុមារកម្ពុជាគ្រប់រូបទទួលបានអត្ថប្រយោជន៍ពីកំណែទម្រង់ទាំងនេះ។

ជាមួយគ្នានេះ ឯកឧត្តម ហង់ ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា លទ្ធផល PISA របស់កម្ពុជា គឺជាការកែលម្អគួរឱ្យស្ងប់ស្ងែង ជាពិសេសនៅពេលដែលលទ្ធផលសិក្សារបស់សិស្សក្នុងប្រព័ន្ធអប់រំជាច្រើននៅលើពិភពលោកមានការធ្លាក់ចុះ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កាលពី៤ឆ្នាំមុន លទ្ធផលរបស់កម្ពុជាស្ថិតនៅក្រោមគេ ប៉ុន្តែនៅឆ្នាំ២០២៥ កម្ពុជាទទួលបានកំណើនទាំងផ្នែកវិទ្យាសាស្ត្រ និងផ្នែកបំណិនអាន៕












































































