ការចិញ្ចឹមកូនឱ្យឆ្លាតវៃ ជារឿងល្អ ប៉ុន្តែការបណ្តុះពួកគេឱ្យក្លាយជាមនុស្សមានចិត្តមេត្តាធម៌ និងចេះយល់ចិត្តអ្នកដទៃ រឹតតែជាកាតព្វកិច្ចមិនអាចខ្វះបានសម្រាប់ឪពុកម្តាយសម័យថ្មី។ បណ្ឌិត Joseph Laino ចិត្តវិទូនៅមជ្ឈមណ្ឌលសុខភាពគ្រួសារ Sunset Terrace នៃសាកលវិទ្យាល័យ NYU Langone បានលើកឡើងថា ជំនាញទន់ដូចជា ការចេះយល់ចិត្ត (Empathy) ក្តីអាណិតអាសូរ និងសេចក្ដីសប្បុរស មិនមែនជារឿងដាច់ដោយឡែកពីសមត្ថភាពសិក្សានោះទេ ប៉ុន្តែវាជាកម្លាំងរុញច្រានគ្នាទៅវិញទៅមក។ កុមារដែលចេះសហការ និងយល់ពីអ្នកដទៃ តែងទទួលបានលទ្ធផលសិក្សាល្អប្រសើរ និងមានទំនុកចិត្តខ្ពស់លើខ្លួនឯង។
ខាងក្រោមនេះ គឺជាទម្លាប់ប្រចាំថ្ងៃទាំង ៧ យ៉ាង ដែលឪពុកម្តាយអាចអនុវត្ត ដើម្បីជួយតម្រង់ទិសកូនៗរបស់អ្នកឱ្យក្លាយជាមនុស្សពេញវ័យដែលពោរពេញដោយក្តីស្រលាញ់ និងការទទួលខុសត្រូវ។
១. ធ្វើជាគំរូនៃសេចក្តីល្អតាំងពីកូននៅតូច
កុមារចាប់ផ្តើមស្រូបយកអាកប្បកិរិយាតាំងពីមុនពេលពួកគេចេះនិយាយ។ ទឹកដមសំឡេង ទឹកមុខ និងរបៀបដែលអ្នកឆ្លើយតបទៅកាន់អ្នកដទៃ សុទ្ធតែជាមេរៀនដំបូងរបស់ពួកគេ។ ឪពុកម្តាយគួរបង្ហាញ និងរៀបរាប់ពីទង្វើល្អៗឱ្យកូនបានឮ ដូចជា «ម៉ាក់ជួយយាយ ព្រោះយើងត្រូវមើលថែគ្នាទៅវិញទៅមក» ដើម្បីឱ្យពួកគេយល់ពីមូលហេតុ និងអារម្មណ៍វិជ្ជមាននៃការជួយសង្គ្រោះ។
២. ប្រើប្រាស់រឿងនិទានដើម្បីពង្រីកការយល់ដឹង

លោកស្រី Andrea Mucino-Sanchez មន្ត្រីព័ត៌មានសាធារណៈនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បញ្ជាក់ថា ការអានសៀវភៅជួយឱ្យកុមារអាចស្រមៃមើលជីវិតតាមរយៈក្រសែភ្នែកអ្នកដទៃ។ សម្រាប់កុមារតូច សៀវភៅរូបភាពស្តីពីភាពធន់ និងការជួយគ្នាអាចបើកទស្សនវិស័យរបស់ពួកគេដោយមិនបង្កការភ័យខ្លាច។ រីឯយុវវ័យ សៀវភៅ ឬវីដេអូឯកសារជាក់ស្តែងជួយឱ្យពួកគេយល់ពីស្ថានភាពលំបាករបស់មនុស្សជុំវិញពិភពលោក។
៣. ជជែកពីព្រឹត្តិការណ៍ពិភពលោកដោយភាពវៃឆ្លាត
កុមារតែងតែទទួលព័ត៌មានជុំវិញជម្លោះ ឬគ្រោះមហន្តរាយតាមរយៈទូរទស្សន៍ ឬមិត្តភក្តិ។ ការពន្យល់ដោយត្រង់ទៅត្រង់មកតាមកម្រិតអាយុ ជួយការពារពួកគេពីការភ័យខ្លាចហួសហេតុ៖
កុមារតូច ៖ ផ្តោតលើសុវត្ថិភាព និងការលើកទឹកចិត្ត ដោយបង្ហាញពួកគេថាមានមនុស្សជាច្រើនកំពុងជួយសង្គ្រោះអ្នករងគ្រោះ។
វ័យជំទង់ ៖ ពិភាក្សាដោយបើកចំហ សួរពីទស្សនៈរបស់ពួកគេ និងស្វែងរកវិធីសាស្រ្តជាក់ស្តែងដែលអាចចូលរួមចំណែកជួយបាន។
៤. បង្រៀនឱ្យស្គាល់ «សំណាង» របស់ខ្លួនដោយមិនបន្ទោស
ការជួយកូនឱ្យយល់អំពីវិសមភាពសង្គម មិនមែនជាការធ្វើឱ្យពួកគេមានអារម្មណ៍ខុសឆ្គងចំពោះអ្វីដែលខ្លួនមាននោះទេ។ ផ្ទុយទៅវិញ វាជាការបណ្ដុះឱ្យពួកគេមាន «ការដឹងគុណ» ចំពោះសុវត្ថិភាព អាហារ និងការអប់រំដែលខ្លួនទទួលបាន រួចបង្វែរការដឹងគុណនោះទៅជាស្មារតីចង់ចែករំលែកដល់អ្នកខ្វះខាត។
៥. បង្កើតទម្លាប់ជជែកគ្នាក្នុងគ្រួសារឱ្យបានទៀងទាត់
តុបាយគ្រួសារជាកន្លែងដ៏មានតម្លៃបំផុតក្នុងការកសាងចំណងចិត្ត។ ការបង្កើតបរិយាកាសកក់ក្តៅ និងបើកចំហរៀងរាល់ថ្ងៃ ផ្តល់ទំនុកចិត្តដល់កុមារក្នុងការចោទសួរនូវរឿងរ៉ាវស្មុគស្មាញ ឬបញ្ហាដែលពួកគេជួបប្រទះនៅខាងក្រៅ ហើយឪពុកម្តាយនឹងក្លាយជាអ្នកតម្រង់ទិសដ៏មានសុវត្ថិភាពបំផុត។
៦. លើកទឹកចិត្តឱ្យកូនចុះអនុវត្តផ្ទាល់
សេចក្តីមេត្តាធម៌នឹងកាន់តែរឹងមាំនៅពេលវាត្រូវបានប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង ដូចជានៅពេលកូននៅកម្រិតបឋមសិក្សា បង្រៀនពួកគេឱ្យចេះ ធ្វើកាតជូនពរមនុស្សចាស់ បរិច្ចាគរបស់លេង ឬសម្លៀកបំពាក់ចាស់ៗ និងជួយធ្វើម្ហូបជូនអ្នកជិតខាង។ ពេលពួកគេដល់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ គឺការចូលរួមការងារស្ម័គ្រចិត្តក្នុងសហគមន៍ សម្អាតបរិស្ថាន ឬរៃអង្គាសថវិកាជួយយុទ្ធនាការសប្បុរសធម៌នានា។

៧. ចែករំលែករឿងរ៉ាវពិត និងទុកឱ្យកូនរកដំណោះស្រាយដោយខ្លួនឯង
នៅពេលកុមារដឹងពីបញ្ហាជាក់ស្តែងណាមួយ ចូរទុកឱកាសឱ្យពួកគេបញ្ចេញគំនិតក្នុងការជួយ។ ដូចករណីក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់ដែលបានឃើញកុមារក្នុងជំរំជនភៀសខ្លួនលេងប្រដាប់ក្មេងលេងធ្វើពីសំរាម នាងបានស្នើឱ្យឪពុកយកបាល់ទាត់ទៅចែកដល់ក្មេងៗទាំងនោះ។ ការផ្តល់សិទ្ធិអំណាចឱ្យកូនគិតគូរពីដំណោះស្រាយ ជួយឱ្យពួកគេមានមោទនភាព និងយល់ច្បាស់ពីតម្លៃនៃសកម្មភាពមនុស្សធម៌។
ការបណ្តុះបណ្តាលសេចក្តីល្អមិនមែនជាកិច្ចការធំដុំដែលត្រូវធ្វើតែម្តងនោះទេ ប៉ុន្តែវាជាគ្រាប់ពូជដែលត្រូវស្រោចស្រពជារៀងរាល់ថ្ងៃតាមរយៈសកម្មភាពតូចៗនៅក្នុងរង្វង់គ្រួសារ។ កុមារដែលរៀនចេះស្រលាញ់ និងខ្វល់ខ្វាយពីអ្នកដទៃនៅថ្ងៃនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងសង្គមមួយប្រកបដោយសន្តិភាព និងការយោគយល់គ្នានៅថ្ងៃអនាគត៕













































































