ការផ្លាស់ប្តូរទម្លាប់បន្តិចបន្តួចក្នុងជីវិតប្រចាំថ្ងៃ អាចបង្កើតផលប្រយោជន៍យ៉ាងធំធេងចំពោះសុខភាព និងអាយុយឺនយូរ។ ការសិក្សាស្រាវជ្រាវថ្មីមួយដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រដ៏ល្បីល្បាញ The Lancet បានរកឃើញថា ការបន្ថែមសកម្មភាពរាងកាយកម្រិតមធ្យម ដូចជាការដើរលឿន ត្រឹមតែ ៥ នាទីក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុបាន។
ចំណុចសំខាន់ៗនៃការសិក្សាស្រាវជ្រាវ
ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោកបណ្ឌិត Ulf Ekelund មកពីសាលាវិទ្យាសាស្ត្រកីឡាន័រវេស បានវិភាគទិន្នន័យពីមនុស្សពេញវ័យជាង ១៣៥,០០០ នាក់ (អាយុជាមធ្យម ៦៤ ឆ្នាំ) ដោយតាមដានក្នុងរយៈពេលជាមធ្យម ៨ ឆ្នាំ។ លទ្ធផលបានបង្ហាញពីទំនាក់ទំនងរវាងការបន្ថែមសកម្មភាពរាងកាយ និងការកាត់បន្ថយគ្រោះថ្នាក់៖
សម្រាប់ប្រជាជនទូទៅ ៖ មនុស្សភាគច្រើនធ្វើសកម្មភាពកម្រិតមធ្យម ដូចជា ដើរលឿន, ជិះកង់ក្នុងល្បឿនធម្មតា, ធ្វើការងារផ្ទះ, លេងកីឡាស្រាលៗ ប្រហែល ១៧ នាទីក្នុងមួយថ្ងៃ។ ការបន្ថែមចលនារាងកាយ ៥ នាទីទៀត អាចកាត់បន្ថយអត្រាស្លាប់មុនអាយុបាន ១០% ហើយប្រសិនបើបន្ថែម ១០ នាទី អាចកាត់បន្ថយបានរហូតដល់ ១៥%។
សម្រាប់អ្នកដែលមិនសូវធ្វើចលនា (សកម្មភាពតិចតួចបំផុត)៖ អ្នកដែលធ្វើសកម្មភាពត្រឹម ២ នាទីក្នុងមួយថ្ងៃ ប្រសិនបើបន្ថែមការដើរ ៥ នាទី អាចកាត់បន្ថយអត្រាស្លាប់បាន ៦% និងបន្ថែម ១០ នាទី កាត់បន្ថយបាន ៩%។

ការកាត់បន្ថយពេលវេលាអង្គុយស្ងៀម ៖ មនុស្សភាគច្រើនអង្គុយ ឬមិនធ្វើចលនាប្រហែល ១០ ម៉ោងក្នុងមួយថ្ងៃ។ ការកាត់បន្ថយពេលវេលាអង្គុយស្ងៀម ៣០ នាទីក្នុងមួយថ្ងៃ អាចកាត់បន្ថយអត្រាស្លាប់បាន ៧% ហើយប្រសិនបើកាត់បន្ថយបាន ១ ម៉ោង អាចកាត់បន្ថយបានរហូតដល់ ១៣%។
អង្គការសុខភាពពិភពលោក (WHO) បានណែនាំឱ្យមនុស្សពេញវ័យធ្វើលំហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍ ឬលំហាត់ប្រាណកម្រិតខ្លាំង ៧៥ នាទីក្នុងមួយសប្តាហ៍។ ទោះជាយ៉ាងណា ការសិក្សានេះបង្ហាញថា អ្នកមិនចាំបាច់រង់ចាំរហូតដល់មានពេលធ្វើលំហាត់ប្រាណធំដុំនោះទេ ពោលគឺគ្រប់នាទីនៃការធ្វើចលនា សុទ្ធតែមានតម្លៃ៕













































































