បរទេស ៖ បើតាមរបាយការណ៍របស់ Weforum បានឱ្យដឹងថា បញ្ហាសុខភាពផ្លូវចិត្តរបស់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យកំពុងកើនឡើង ពី ១៧ ទៅ ៣១ ភាគរយក្នុងរយៈពេលត្រឹមតែ ៦ ឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩។
តាមការស្ទង់មតិរបស់ Healthy Minds បានបង្ហាញថា សិស្សានុសិស្សដែលជួបបញ្ហាសុខភាពផ្លូវចិត្ត ទំនងជាងាយនឹងបោះបង់ការសិក្សា។ វិបត្តិសុខភាពផ្លូវចិត្តដែលកំពុងកើតមានទំនងជាប៉ះពាល់ដល់ការរក្សាចំនួនសិស្ស និងនាំទៅរកការថយចុះនៃការចូលរួមសកម្មភាពរបស់សិស្ស ។ បញ្ហាសុខុមាលភាពទាំងនោះរួមមានដូចជា បញ្ហាគ្រួសារ បញ្ហាហិរញ្ញវត្ថុ អារម្មណ៍ឯកោ សម្ពាធសង្គម ការតានតឹងអារម្មណ៍ និង ភាពតានតឹងក្នុងការសិក្សា។ ដើម្បីដោះស្រាយបញ្ហានេះ ស្ថាប័នអប់រំត្រូវបង្ហាញពីការយកចិត្តទុកដាក់លើបញ្ហាផ្លូវចិត្តរបស់សិស្សដូចជា ៖
១.បង្កើនការយល់ដឹង និង រកដំណោះស្រាយពីបញ្ហាផ្លូវចិត្ត ៖ ភាពជាអ្នកដឹកនាំអាចកាត់បន្ថយឧបសគ្គក្នុងការរកជំនួយផ្នែកសុខភាពផ្លូវចិត្ត។ ដូចនេះ ស្ថាប័ន ឬ សាលារៀនអាចបង្កើតកម្មវិធីសុខភាពផ្លូចិត្តដែលដឹកនាំដោយសិស្ស អាចបើកការសន្ទនាដើម្បីយល់កាន់តែច្បាស់ពីបញ្ហាផ្លូវចិត្ត និង គាំទ្រដល់តម្រូវការរបស់អ្នកសិក្សា។ តាមរយៈកម្មវិធី វាក៏អាចជួយសិស្សឱ្យកាន់តែយល់ចិត្តគ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍ស្រដៀងគ្នា និងលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្តដែលពួកគេមាន។
២.បង្កើតនូវវប្បធម៌សម្រាប់សុខុមាលភាពផ្លួវចិត្ត ៖ ស្ថាប័នគួរជួលអ្នកប្រឹក្សាបន្ថែម ដើម្បីដោះស្រាយវិបត្តិសុខភាពផ្លូវចិត្តរបស់សិស្ស ។ អង្គការដូចជា NASPA ណែនាំដំណោះស្រាយខាងលើ រួមទាំងកម្មវិធីបង្រៀនដែលផ្តោតលើការគ្រប់គ្រងភាពតានតឹងអារម្មណ៍ និងបញ្ហាប្រឈមផ្នែកអាកប្បកិរិយាផ្សេងៗទៀត។ មជ្ឈមណ្ឌលសុខភាពសិស្សនៅសាកលវិទ្យាល័យ Wake Forest និងសាកលវិទ្យាល័យ Ohio State University បានបង្កើតកម្មវិធី ដែលធានាបាននូវសុខុមាលភាពរបស់សិស្សនៅលើកម្រិតជាច្រើនរួមមានដូចជា កម្រិតអារម្មណ៍ រាងកាយ សង្គម បញ្ញា និងហិរញ្ញវត្ថុ។
៣.សេវាសុខភាពផ្លូវចិត្តបែបឌីជីថល ៖ ដំណោះស្រាយបច្ចេកវិទ្យាដូចជាកម្មវិធីស្មាតហ្វូន ធ្វើឱ្យអ្នកប្រឹក្សាអាចចូលប្រើបានកាន់តែច្រើន។ តាមរយៈនេះ សិស្សងាយស្រួលក្នុងការស្វែងរកជំនួយផងដែរ។
៤.កំណត់ភាពផ្ទាល់ខ្លួន និងជាកម្មសិទ្ធិ ៖ ការស្ទង់មតិបានបង្ហាញថាសិស្សឱ្យតម្លៃបណ្តាញអនឡាញថា វាមានសារៈសំខាន់ចំពោះសុខភាពផ្លូវចិត្ត និងការសម្របខ្លួនតាមតម្រូវការអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩។ ស្ទើរតែ ៣០ ភាគរយបាននិយាយថា បណ្តាញអនឡាញបង្កើតអារម្មណ៍ នៃភាពជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ ខណៈពេលដែល ២៥ ភាគរយទៀតបាននិយាយថា បណ្តាញអនឡាញគាំទ្រដល់សុខុមាលភាពរបស់ពួកគេ។
៥.ស្ទង់មតិ និងការវាយតម្លៃជាប្រចាំ ៖ បុគ្គលិកខាងផ្នែកជំនួយសុខភាពផ្លូវចិត្ត និងមហាវិទ្យាល័យគួរតែត្រូវបានផ្តល់សិទ្ធិអំណាចជាវេទិកាមួយ ដើម្បីធ្វើការត្រួតពិនិត្យសុខភាពផ្លូវចិត្តតាមអ៊ីនធឺណិត។ កម្រងសំណួរសាមញ្ញៗដែលផ្ញើទៅសិស្សតាមអ៊ីមែលអាចជួយឱ្យស្ថាប័នវិភាគកម្រិតស្ត្រេសរបស់សិស្ស ខណៈពេលដែលមានការតានតឹងអារម្មណ៍ពេលកំពុងរៀន។៦.តាមដានប្រកបដោយភាពជោគជ័យ ៖ បច្ចេកវិទ្យាក៏អាចជួយក្នុងការតាមដានទិន្នន័យ និងការវិភាគសុខភាពផ្លូវចិត្តផងដែរ។ ដំណោះស្រាយតាមរយៈការប្រើទិន្នន័យអាចអនុញ្ញាតិឱ្យមានសមធម៌ និង ជំរុញឱ្យមានការវិភាគយ៉ាងត្រឹមត្រូវ ដែលនាំនូវភាពជោគជ័យនៃកម្មវិធីសុខភាពផ្លូវចិត្តនៅក្នុងបរិវេណសាលា៕




