ការជ្រើសរើសភេសជ្ជៈប្រចាំថ្ងៃមិនត្រឹមតែជះឥទ្ធិពលដល់ទម្ងន់ និងសុខភាពរាងកាយទូទៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដើរតួនាទីយ៉ាងសំខាន់ចំពោះមុខងារខួរក្បាលផងដែរ។ ភេសជ្ជៈមួយចំនួនដែលមនុស្សជាច្រើននិយមទទួលទានដើម្បីបង្កើនថាមពល ឬបំបាត់ការស្រេកទឹក អាចបង្កផលប៉ះពាល់អវិជ្ជមានដល់ប្រព័ន្ធប្រសាទ និងការចងចាំ ប្រសិនបើទទួលទានជាប្រចាំ។
ខាងក្រោមនេះជាភេសជ្ជៈ ៤ ប្រភេទ ដែលអ្នកជំនាញណែនាំឱ្យកាត់បន្ថយ ឬចៀសវាង ដើម្បីរក្សាសុខភាពខួរក្បាលឱ្យនៅរឹងមាំ៖
១. ភេសជ្ជៈកំប៉ុងមានជាតិហ្គាស (Soft Drinks)

ភេសជ្ជៈប្រភេទនេះផ្ទុកទៅដោយជាតិស្ករបន្ថែមក្នុងកម្រិតខ្ពស់ ប៉ុន្តែគ្មានតម្លៃអាហារូបត្ថម្ភនោះឡើយ។ ការទទួលទានជារៀងរាល់ថ្ងៃធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងការដុតរំលាយថាមពល (Metabolism) ដែលជាហេតុបង្កើនហានិភ័យប៉ះពាល់ដល់សុខភាពខួរក្បាលរយៈពេលវែង។ ជម្រើសដ៏ល្អបំផុតគឺការងាកមកទទួលទានទឹកបរិសុទ្ធ ឬតែគ្មានជាតិស្ករជំនួសវិញ។
២. គ្រឿងស្រវឹង

ការសេពគ្រឿងស្រវឹងជាប្រចាំ ឬក្នុងកម្រិតលើសលប់ ប៉ះពាល់ដោយផ្ទាល់ដល់ប្រព័ន្ធប្រសាទ និងអាចផ្លាស់ប្តូរទម្រង់រចនាសម្ព័ន្ធរបស់ខួរក្បាល។ យោងតាមការសិក្សាវិភាគទិន្នន័យពីមនុស្សប្រមាណ ៨០ ០០០ នាក់ ដោយក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រវេជ្ជសាស្ត្រ Tabriz បានរកឃើញថា ការទទួលទានជាតិអាល់កុលលើសពី ៣០,៥ ក្រាមក្នុងមួយថ្ងៃ បង្កើនហានិភ័យខ្ពស់នៃការចុះខ្សោយសមត្ថភាពខួរក្បាល និងការចងចាំ (Cognitive Impairment)។
៣. កាហ្វេដែលមានជាតិស្ករ និងក្រែមផ្អែមខ្លាំង

ការទទួលទានកាហ្វេខ្មៅសុទ្ធពី ១ ទៅ ២ កែវក្នុងមួយថ្ងៃត្រូវបានរកឃើញថា អាចជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់ (Alzheimer’s) និងជំងឺញ័រញាក់ (Parkinson’s) នេះបើយោងតាមទិនានុប្បវត្តិអាហារូបត្ថម្ភគ្លីនិកអាមេរិក (AJCN)។ ទោះជាយ៉ាងណា ការបន្ថែមស្ករច្រើន ទឹកដោះគោខាប់ ស៊ីរ៉ូ ឬក្រែម បានបង្កើនកម្រិតកាឡូរី និងជាតិស្ករយ៉ាងគំហុក ដែលអាចបន្សាបអត្ថប្រយោជន៍សុខភាពរបស់កាហ្វេ។ ដូច្នេះ អ្នកនិយមកាហ្វេគួរជ្រើសរើសប្រភេទដែលមានជាតិស្ករតិចបំផុត ឬគ្មានជាតិស្ករ។
៤. ភេសជ្ជៈប៉ូវកម្លាំង

ទោះបីជាជាតិកាហ្វេអ៊ីនក្នុងភេសជ្ជៈប៉ូវកម្លាំងអាចជួយឱ្យស្មារតីភ្ញាក់រឭក និងបង្កើនការផ្ចង់អារម្មណ៍ក្នុងរយៈពេលខ្លីក៏ដោយ ប៉ុន្តែការទទួលទានជាប្រចាំមិនបានផ្តល់ផលល្អដល់សុខភាពខួរក្បាលយូរអង្វែងឡើយ។ ភេសជ្ជៈទាំងនេះច្រើនតែផ្ទុកជាតិស្ករខ្ពស់ ដែលមិនមានប្រសិទ្ធភាពជួយដល់ការចងចាំដូចកាហ្វេអ៊ីនសុទ្ធនោះទេ។ មិនគួរពឹងផ្អែកលើភេសជ្ជៈប៉ូវកម្លាំងដើម្បីបំបាត់ភាពងងុយគេងឡើយ ហើយគួរជ្រើសយកទឹកធម្មតា ឬតែក្តៅជំនួសវិញ។
សរុបមកវិញ ការកែប្រែទម្លាប់ដោយកាត់បន្ថយភេសជ្ជៈផ្អែម និងគ្រឿងស្រវឹង ហើយងាកមកផឹកទឹកស្អាតឱ្យបានគ្រប់គ្រាន់ គឺជាវិធីដ៏សាមញ្ញ និងមានប្រសិទ្ធភាពបំផុតក្នុងការការពារមុខងារខួរក្បាលឱ្យនៅតែចងចាំបានល្អ និងមានសុខភាពល្អ៕














































































