ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Tennealle O’Shannessy អគ្គនាយិកា នៃ IDP Education កាលពីដើមសប្តាហ៍នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងអប់រំកំពុងជំរុញយ៉ាងសកម្មនូវរបៀបវារៈបរិវត្តកម្មជំនាញ តាមរយៈការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្រិតមធ្យមសិក្សា ដើម្បីប្រែក្លាយយុវជនកម្ពុជាឱ្យទៅជាកម្លាំងពលកម្មជំនាញ ឆ្លើយបតទៅនឹងទីផ្សារការងារនាពេលអនាគត។
ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្រិតមធ្យមសិក្សា ក្រសួងបានដាក់ឱ្យអនុវត្ត “គន្លងអប់រំថ្មី” ដែលអនុញ្ញាតឱ្យសិស្សរៀនជំនាញបច្ចេកទេសតាំងពីថ្នាក់វិទ្យាល័យ ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ ឬបន្តសិក្សាជាន់ខ្ពស់។ ទន្ទឹមនឹងនេះ ក្រសួងបន្តពង្រឹង និងពង្រីកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ដែលបច្ចុប្បន្នមានជំនាញសំខាន់ៗដូចជា ផ្នែកបច្ចេកវិទ្យា មាន អគ្គិសនី, អេឡិចត្រូនិក, បច្ចេកវិទ្យាកុំព្យូទ័រ, ការរចនាឌីជីថល, ផ្នែកកសិកម្ម មាន កសិកម្មឆ្លាតវៃ, ការចិញ្ចឹមសត្វ, វិទ្យាសាស្ត្រកសិកម្ម និង ផ្នែកសេវាកម្ម មាន គណនេយ្យ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច។

បន្ថែមពីនេះ ក្រសួងអប់រំក៏បាននិងកំពុងជំរុញគម្រោងអប់រំយុវជនសម្រាប់សហគ្រិនភាព និងការងារ (EYE Project), កម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងការធ្វើទំនើបកម្ម និងឌីជីថលរូបនីយកម្ម (Digital TVET)។
លោកស្រី Tennealle O’Shannessy មានប្រសាសន៍ថា នុងតួនាទីជា “Business Champion” លោកស្រី មានគោលដៅពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងអប់រំ ជំរុញឱ្យធុរកិច្ចអូស្ត្រាលីមកវិនិយោគនៅកម្ពុជា និងបង្កើនកិច្ចសហការលើវិស័យបណ្តុះបណ្តាលជំនាញ ផ្តល់ឱកាសអាហារូបករណ៍ ជួយសិស្សានុសិស្សកម្ពុជាឱ្យទទួលបានព័ត៌មានអំពីអាហារូបករណ៍ និងការចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី កាណាដា អង់គ្លេស និងអាមេរិក ព្រមទាំងកសាងធនធានដឹកនាំ តាមរយៈការបណ្តុះបណ្តាលភាសាអង់គ្លេស។
ជាមួយគ្នានេះ លោកស្រីអគ្គនាយិកា IDP Education បានបង្ហាញការចាប់អារម្មណ៍ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយជំនាញឆ្លើយតបនឹងទីផ្សារការងារ ក៏ដូចជាការវិវត្តយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត (AI)។

យ៉ាងណាក៏ដោយ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះការប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត របស់ IDP Education ជាពិសេសចំណាប់អារម្មណ៍វិនិយោគលើការអប់រំបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (TVET) ដោយជឿជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្រដ៏យូរអង្វែងរវាងក្រសួងអប់រំ និង IDP Cambodia ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឆ្លើយតបនឹងយុទ្ធសាស្ត្រអភិវឌ្ឍមូលធនមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕





























