ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ «ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយរំពឹងថា នឹងមានឱកាសការងារប្រមាណ ៣៥,០០០កន្លែង សម្រាប់អ្នកស្វែងរកការងារ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ AMS ថា ពិព័រណ៍នេះនឹងរៀបចំក្រោមប្រធានបទ «ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» ក្នុងគោលបំណងបង្កើតវេទិកាដ៏ធំសម្រាប់ភ្ជាប់អ្នកស្វែងរកការងារជាមួយនិយោជក។
លោកបន្តថា តាមរយៈពិព័រណ៍នេះ អ្នកស្វែងរកការងារអាចទទួលបានព័ត៌មានអំពីទីផ្សារការងារ រៀបចំប្រវត្តិរូបសង្ខេប ដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់នៅកន្លែងតែមួយ។ ព្រឹត្តិការណ៍នេះក៏នឹងផ្តល់ការប្រឹក្សាយោបល់អាជីព និងព័ត៌មានអំពីជំនាញដែលទីផ្សារការងារកំពុងត្រូវការ ដល់សិស្ស និស្សិត យុវជន និងសាធារណជនផងដែរ។
ជាមួយគ្នានេះ ពិព័រណ៍នឹងជួយឱ្យនិយោជកស្វែងរកកម្លាំងពលកម្មដែលមានជំនាញសមស្រប ខណៈគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលអាចទទួលបានធាតុចូលពីវិស័យឯកជន ដើម្បីកែសម្រួលកម្មវិធីសិក្សាឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។
លោក ស៊ុន មេសា បានឱ្យដឹងថា ជំនាញដែលមានសក្តានុពល និងកំពុងមានតម្រូវការរួមមាន ព័ត៌មានវិទ្យា ការសរសេរកម្មវិធី ការវិភាគទិន្នន័យ បណ្តាញកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងអេឡិចត្រូនិក អគ្គិសនី មេកានិក ស្វ័យប្រវត្តិកម្ម និងការថែទាំម៉ាស៊ីន។
ក្រៅពីនេះ ក៏មានតម្រូវការលើជំនាញគណនេយ្យ ហិរញ្ញវត្ថុ ពន្ធដារ ការគ្រប់គ្រង និងរដ្ឋបាល ស្ថាបត្យកម្ម សំណង់ នគរូបនីយកម្ម បច្ចេកវិទ្យាបរិស្ថាន ថាមពល និងជំនាញបៃតង ព្រមទាំងការកែច្នៃចំណីអាហារ វាយនភណ្ឌ កាត់ដេរ យានយន្ត និងអេឡិចត្រូនិក។

សម្រាប់ពិព័រណ៍ឆ្នាំ២០២៦ ក្រសួងរំពឹងថា នឹងមានអ្នកចូលរួមផ្ទាល់ជាង ៥០,០០០នាក់ ក្នុងនោះអ្នកចុះឈ្មោះស្វែងរកការងារប្រមាណ ១៥,០០០នាក់ និងអ្នកដែលអាចសម្ភាសជាប់ជាបឋមនៅក្នុងព្រឹត្តិការណ៍ប្រមាណជាង ៣,០០០នាក់។
លោក ស៊ុន មេសា បន្ថែមថា ក្រៅពីការផ្តល់ឱកាសការងារដោយផ្ទាល់ ពិព័រណ៍នេះក៏នឹងជួយឱ្យយុវជន សិស្ស និងនិស្សិតរាប់ម៉ឺននាក់ ទទួលបានព័ត៌មានអំពីទីផ្សារការងារ ការប្រឹក្សាយោបល់អាជីព និងការយល់ដឹងអំពីផលិតភាពនៅកន្លែងការងារ។
តាមអ្នកនាំពាក្យក្រសួង ពិព័រណ៍នេះក៏ជាផ្នែកមួយនៃការកាត់បន្ថយគម្លាតជំនាញ និងពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាល វិស័យឯកជន គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃទីផ្សារការងារ និងបច្ចេកវិទ្យា៕













































































