ការពារជំងឺមិនឆ្លង ជាការរួមចំណែក លើកស្ទួយជីវភាពគ្រួសារ និងសេដ្ឋកិច្ចសង្គម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្នុងសង្គមស៊ីវីល័យ ជំងឺមិនឆ្លងដូចជា ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក លើសសម្ពាធឈាម និងរលាកសួតរ៉ាំរ៉ៃ គឺជាគ្រោះអាសន្នមួយ ដែលបានឆក់យកជីវិតមនុស្សជាច្រើនលាននាក់។ របាយការណ៍ អង្គការសុខភាពពិភពលោក បានបង្ហាញថា នៅ២០ឆ្នាំខាងមុខ ជំងឺមិនឆ្លង នឹងធ្វើឱ្យពិភពលោករងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ក្នុងទំហំទឹកប្រាក់ប្រមាណ ៤ម៉ឺន ៧ពាន់ពាន់លានដុល្លារអាមេរិក។ ការព្យាករណ៍នេះបង្ហាញថា បញ្ហាជំងឺមិនឆ្លង នឹងក្លាយជាបន្ទុកដ៏ធ្ងន់មួយសម្រាប់ បុគ្គល គ្រួសារ សេដ្ឋកិច្ចសង្គម រដ្ឋាភិបាល និងពិភពលោកទាំងមូល។

មូលហេតុនៃជំងឺមិនឆ្លង

វេជ្ជបណ្ឌិត ជេន កុសល អ្នកជំនាញព្យាបាលជំងឺទូទៅ លើកឡើងថា មានមូលហេតុចម្បងចំនួន៧ ដែលបណ្ដាលឱ្យមនុស្សមានជំងឺមិនឆ្លង ក្នុងនោះរួមមាន ទី១ បញ្ហារបបអាហារ ដូចជា ការទទួលទានជាតិ ផ្អែម ប្រៃ និងជាតិខ្លាញ់ច្រើន ព្រមទាំងពិសាបារី និងគ្រឿងស្រវឹង, ទី២ ការអង្គុយ ឬមើលអេក្រង់ច្រើនម៉ោងពេក, ទី៣ ការទទួលទានទឹកមិនគ្រប់ (រាងកាយមានតម្រូវការជាតិទឹក២ ឬ ៣លីត្រក្នុងមួយថ្ងៃ), ទី៤ សម្រាកមិនគ្រប់ (យ៉ាងតិច៧ ក្នុងមួយយប់), ទី៥ ប្រើប្រាស់ថ្នាំផ្សះ ដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ, ទី៦ កត្តាហ្សែន ឬតំណងពូជ និងទី៧ កត្តារួមផ្សំមួយទៀត ទាក់ទងនឹងការអប់រំ ដែលប្រជាជន មិនចាប់អារម្មណ៍សិក្សាស្វែងយល់ពីការថែទាំសុខភាព។

វេជ្ជបណ្ឌិត ជេន កុសល អ្នកជំនាញព្យាបាលជំងឺទូទៅ ។

លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា ចំពោះកត្តាហ្សែន គឺអាចឆ្លងតជំនាន់ ពីឪពុកម្ដាយទៅកូន ប៉ុន្តែមិនមែន ១០០ភាគរយនោះទេ។

ឥទ្ធិពលជំងឺមិនឆ្លង លើបុគ្គល គ្រួសារ និងសង្គម

វេជ្ជបណ្ឌិត ង៉ូវ កាង អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា ជំងឺមិនឆ្លងនេះ គឺជាបន្ទុកដ៏ធ្ងន់មួយសម្រាប់គ្រួសារ កាលណា​ ដែលសមាជិកណាម្នាក់មានជំងឺមិនឆ្លង នោះគាត់ និងគ្រួសារ នឹងខាតបង់ថវិកា និងពេលវេលា ហើយការប៉ះពាល់នេះ នឹងមានឥទ្ធិពលលើសង្គមទាំងមូលដែរ ព្រោះប្រជាពលរដ្ឋជាកោសិកានៃសង្គម។

វេជ្ជបណ្ឌិត ង៉ូវ កាង អ្នកនាំពាក្យក្រសួងសុខាភិបាល។

វេជ្ជបណ្ឌិត ជេន កុសល មានប្រសាសន៍ស្រដៀងនេះដែរថា បញ្ហាជំងឺមិនឆ្លងនេះ នឹងបង្កឱ្យមានផលប៉ះពាល់ខ្លាំង ដល់សង្គម ព្រោះថា នៅពេលដែលមនុស្សម្នាក់មានជំងឺមិនឆ្លង ផលិតភាពការងារបស់គាត់នឹងធ្លាក់ចុះ និងចំណាយថវិកាច្រើន ដើម្បីសម្រាកព្យាបាល ដែលនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គម។  

បណ្ឌិត អ៉ី លីម៉ា នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល RCRC និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យចេនឡា ដែលជាអ្នកជំនាញសុខភាពសាធារណៈ យល់ថា ជំងឺមិនឆ្លង គឺជាជំងឺរ៉ាំរ៉ៃ និងជាបញ្ហាប្រឈមក្នុងវិស័យសុខភាពសាធារណៈ ដែលជាបន្ទុកមួយរបស់សង្គម ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។ លោកសង្កត់ធ្ងន់ថា ចំពោះបញ្ហាជំងឺមិនឆ្លងនេះ ប្រជាជនកម្ពុជា គ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ ត្រូវស្រាក់ដៃគ្នាជាធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំង ព្រោះនេះជាការរួមចំណែកលើកស្ទួយជីវភាពគ្រួសារ និងសង្គម។

ជំងឺមិនឆ្លង ដែលនិយមកើតមាន

បើតាមប្រសាសន៍ វេជ្ជបណ្ឌិត ង៉ូវ កាង មានជំងឺមិនឆ្លងចំនួន ៤ ដែលកំពុងឈានមុខគេ ទាំងក្នុងបរិបទសកល និងប្រទេសកម្ពុជា ដែលជំងឺទាំងនោះ រួមមាន ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺត្បៀតទងសួតរ៉ៃរ៉ាំង។ លោកបន្តថា ជំងឺទាំង ៤នេះ កំពុងតែឈានមុខ នៅលើសាកលលោក ហើយកំពុងតែក្លាយជាបញ្ហាប្រឈម នៅក្នុងវិស័យសុខភាពសាធារណៈ ដែលធ្វើឱ្យប្រទេសនីមួយៗ មានការចំណាយ​​ និងនាំឱ្យការផ្ដល់សេវាគាំពារសុខភាពជូនប្រជាពលរដ្ឋ មានទំហំធំ បើធៀបនឹងជំងឺផ្សេងៗទៀត។

ទន្ទឹមនឹងនេះ បណ្ឌិត អ៉ី លីម៉ា មានប្រសាសន៍បន្ថែមថា មានជំងឺមិនឆ្លងមួយ ដែលកំពុងផ្ទុះខ្លាំងក្នងប្រទេសកម្ពុជា គឺជំងឺទឹកនោមផ្អែមប្រភេទ២ ជំងឺនេះភាគច្រើន កើតលើអ្នកលើសទម្ងន់ ឬធាត់ខ្លាំង និងសមាជិកគ្រួសារ មានប្រវត្តិកើតជំងឺទឹកនោមផ្អែម។ លោកបន្តថា ការស្រាវជ្រាវជាច្រើន ក៏បានបញ្ជាក់ដែរថា អ្នកមានជំងឺលើសឈាម និងជំងឺលើសជាតិខ្លាញ់ ក៏ងាយប្រឈមនឹងជំងឺទឹកនោមផ្អែមដែរ។

បណ្ឌិត អ៉ី លីម៉ា អ្នកជំនាញសុខភាពសាធារណៈ ជានាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល RCRC និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យចេនឡា ។

ដោយឡែក បើតាមវេជ្ជបណ្ឌិត ជេន កុសល បានបញ្ជាក់ថា បើតាមបទពិសោធន៍ជាក់ស្ដែងរបស់លោក អ្នកជំងឺមិនឆ្លង ដែលកើតឡើងញឹកញាប់ គឺជំងឺស្ទះសរសៃឈាមបេះដូង និងស្ទះសរសៃឈាមខួរក្បាល។ លោកបន្តថា ជាទូទៅ ជំងឺមិនឆ្លងច្រើនតែកើតលើមនុស្សវ័យលើសពី ៤០ឆ្នាំ ព្រោះទម្លាប់រស់នៅមិនល្អរបស់យើង តាំងពីក្មេង បានសន្សំជាច្រើនឆ្នាំ នឹងបង្កើតជំងឺ។

វិធីសាស្ត្រការពារជំងឺមិនឆ្លង

វេជ្ជបណ្ឌិត ជេន កុសល ថា ដើម្បីបង្ការ និងការពារខ្លួនពីជំងឺមិនឆ្លង យើងអនុវត្តវីធិសាស្ត្រចំនួន ៥ សំខាន់រួមមាន, ទី១ ចំណាយពេលអានព័ត៌មានសុខភាពបន្ថែម ស្ដាប់ព័ត៌មាន ដែលផ្សាព្វផ្សាយអំពីសុខភាព, ទី២ ផ្លាស់ប្ដូរ របបអាហារ​ ត្រូវបន្ថយប្រៃ បន្ថយខ្លាញ់ បន្ថយផ្អែម បន្ថយគ្រឿងស្រវឹង បន្ថយ ឬព្យាយាមបញ្ឈប់ការជក់បារីបានរឹតតែប្រសើរ, ទី៣ ហាត់ប្រាណឱ្យបាន១៥០នាទីក្នុងមួយសប្ដាហ៍ ព្រោះលំហាត់ប្រាណ នឹងជួយឱ្យគាត់មានសុខភាពល្អ និងកាត់បន្ថយស្ត្រេស, ទី៤ សម្រាកឱ្យបានគ្រប់គ្រាន់ ឱ្យយ៉ាងតិច ៧ម៉ោង និងពិសាជាតិទឹកឱ្យបានគ្រប់គ្រាន់ ចន្លោះពី២ ទៅ៣លីត្រ ក្នុងមួយថ្ងៃ និងទី៥ ពិគ្រោះជាមួយគ្រូពេទ្យ​ ដើម្បីរករោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ មុនពិសាថ្នាំផ្សះ។

ដោយឡែក បើតាមវេជ្ជបណ្ឌិត ង៉ូវ កាង ការតាមដានអំពីសុខភាពខ្លួនឯងជាប្រចាំ និងស្រាវជ្រាវឱ្យដឹងថាខ្លួនឯងមានជំងឺមិនឆ្លងតាំងពីដំណាក់កាលដំបូង នឹងអាចកាត់បន្ថយបញ្ហាសុខភាពបានមួយចំណែកធំផងដែរ។ លោកសង្កត់ធ្ងន់ថា ការដឹងថាខ្លួនឯងមានជំងឺតាំងពីដំណាក់កាលដំបូងៗ នឹងជួយកាត់បន្ថយការចំណាយបានច្រើន ហើយអត្រានៃភាពប្រសើរឡើងនៃជំងឺគឺខ្ពស់។

ការទប់ស្កាត់ជំងឺមិនឆ្លង

វេជ្ជបណ្ឌិត ង៉ូវ កាង ឱ្យដឹងថា បច្ចុប្បន្ន ក្រសួងសុខាភិបាល កំពុងធ្វើយុទ្ធនាការយ៉ាងគគ្រឹកគគ្រេង ទាំងតាមទីសាធារណៈ និងតាមបណ្ដាញខលធូន ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង តាមរយៈពាក្យស្លោក «អំបិលតិច ខ្លាញ់តិច ស្ករតិច» ។ លោកបន្តថា ក្រៅពីសារណែនាំ និងអប់រំសុខភាព ក្រសួងក៏កំពុងខិតខំស្រាវជ្រាវ និងព្យាបាលប្រជាពលរដ្ឋ រាប់ចាប់តាំងពី មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកគ្រប់កម្រិត និងមន្ទីរពេទ្យជាតិ។

បណ្ឌិត អ៉ី លីម៉ា បង្ហាញ ការពេញចិត្ត និងជឿជាក់លើរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងកាត់បន្ថយជំងឺមិនឆ្លង ប៉ុន្តែលោកស្នើសុំឱ្យរដ្ឋាភិបាល ជំរុញការផ្សព្វផ្សាយសារអប់រំ ការព្យាបាល និងទប់ស្កាត់ជំងឺមិនឆ្លងឱ្យកាន់តែសកម្មបន្ថែមទៀត។ លើសពីនេះ លោកទទូចទៅក្រសួងសុខាភិបាល លើកទឹកចិត្តគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ធ្វើការបណ្ដុះបណ្ដាល អ្នកជំនាញសុខភាពសាធារណៈ ឱ្យបានច្រើន ព្រោះអ្នកជំនាញសុខភាពសាធារណៈ ដើរតួនាទីសំខាន់ ទាំងក្នុងជំងឺឆ្លង និងជំងឺមិនឆ្លង។ ខណៈលោកក៏ចង់ឃើញ រាជរដ្ឋាភិបាលធ្វើតេស្តជារួម ដើម្បីរកថា តើនៅឆ្នាំនីមួយៗ មានអ្នកប្រឈមនឹងជំងឺនេះ ប៉ុន្មានភាគរយ ដើម្បីងាយស្រួលគ្រប់គ្រង និងព្យាបាល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។