ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសយុវជនស្ម័គ្រចិត្ត និងប្រតិភូជំរំចូលរួមក្នុងកម្មវិធីជំរំយុវជនជាសាកលលើកទី៩ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្រោមដំបូលសន្តិភាព» ដែលមានរយៈពេលចំនួន ៦ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
បើតាមឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីជំរំយុវជនជាសាកល ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់តាំងពីឆ្នាំ២០១០ ដោយមានការគាំទ្រពីសំណាក់ធនាគារកាណាឌីយ៉ា។ សម្រាប់ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួង នឹងរៀបចំកម្មវិធីជំរំយុវជនជាសាកលលើកទី៩ នាថ្ងៃទី១១ ដល់១៦ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ទី១. អភិវឌ្ឍន៍សមត្ថភាព និងបណ្តុះបណ្តាលយុវជនលើជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំឌីជីថល ឆ្លើយតបទៅនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា (២០២២-២០៣៥)។ ទី២. បណ្តុះបណ្តាលជំនាញ ការបង្កើតគំនិតថ្មី និងចាប់យកឱកាសការងារ និងអាជីពសមរម្យក្នុងយុគ្គសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ទី៣. ផ្សារភ្ជាប់ទំនាក់ទំនងបណ្តាញយុវជន បណ្តុះស្មារតីសហគ្រិនភាពបែបឌីជីថល ភាពជាអ្នកដឹកនាំ ទី៤. ចូលរួមលើកស្ទួយនិងផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ និងទី៥. លើកកម្ពស់បំណិនជីវិតដល់យុវជនក្នុងយុគ្គសម័យបច្ចេកវិទ្យាព័ត៌មាន។
ឯកឧត្តម រស់ សុវាចា បន្ថែមថា ការកំណត់យកប្រធានបទ «ការអភិវឌ្ឍយុវជនក្រោមដំបូលសន្តិភាព» សម្រាប់កម្មវិធីជំរំយុវជនជាសាកលលើកទី៩ បង្ហាញនូវឱ្យឃើញនូវ៖
– សច្ចៈធម៌ប្រវត្តិសាស្រ្ត និងតថភាពសង្គម ជាការឈ្វេងយល់ដឹងអំពីគុណតម្លៃនៃសុខសន្តិភាព នៃឥស្សរជន និងយុវជនកម្ពុជាជំនាន់មុនដែលបានខិតខំស្វែងរក និងរក្សាបានដោយលំបាក អមដោយដំណើរដ៏យូរលង់។
– សុខសន្តិភាពជាកត្តាឈានមុខ ដោយហេតុថាមានសន្តិភាពទើបជាការបើកឱកាសឱ្យប្រទេសមានលទ្ធភាពគិតគូរដល់ការបណ្តុះបណ្តាលមូលធនមនុស្ស។
– ការទាញចំណាប់អារម្មណ៍ពីសាធារណៈជនឱ្យឃើញនូវការរីកចម្រើន និងការដើរទន្ទឹមគ្នារវាងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ និងការលូតលាស់នៃការអភិវឌ្ឍយុវជន។
– នៅក្នុងយុទ្ធសាស្រ្ត នៃគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជន ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល មានតួនាទីក្នុងការ បណ្តុះបណ្តាលចំណេះដឹង ជំនាញ បំណិន ដល់យុវជនឱ្យក្លាយជាមូលធនមនុស្សរបស់សង្គម និងមានអាជីពសមស្រប។
– ចូលរួមលើកស្ទួយ និងផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ អរិយធម៌ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកំណត់យកខេត្តសៀមរាប ដែលត្រូវបានប្រសិទ្ធនាមថា «តារារះនាទិសឧត្តរ»។

ជាលទ្ធផលរំពឹងទុក ក្រោយចូលរួមកម្មវិធីនេះ ឯកឧត្តម រស់ សុវាចា សង្ឃឹមថា យុវជនចូលរួមជាប្រតិភូជំរំ និងយុវជនស្ម័គ្រចិត្តនឹងមានការប្រែប្រួលឥរិយាបទ ការកើនឡើងនៃការគិតបែបវិជ្ជមាន និងអភិវឌ្ឍសមត្ថភាព និងបំណិនមួយចំនួន រួមមាន បំណិនវិទ្យាសាស្រ្តច្នៃប្រឌិត ការបង្កើតគំនិតថ្មី និងសិល្បៈរចនាបទបែបឌីជីថល, បំណិនព័ត៌មានសង្គម ការផ្សព្វផ្សាយ និងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មានសង្គម, បំណិនជីវិត ភាពជាអ្នកដឹកនាំ ជំនាញទន់ និងការបង្កើតគម្រោងក្នុងសហគមន៍, បំណិនសិក្សាតាមប្រព័ន្ធឌីជីថល និងចំណេះដឹងក្នុងបរិបទឧស្សាហកម្ម ៤.០ និងបំណិនទំនាក់ទំនង បច្ចេកវិទ្យាទូរគមនាគមន៍ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងព័ត៌មាន។
យុវជនចំនួន ២៥០នាក់ មកពី ២៥ រាជធានី ខេត្ត ទូទាំងប្រទេសនឹងត្រូវជ្រើសរើសចូលរួមដោយឥតគិតថ្លៃតាមរយៈការដាក់ពាក្យ។ សម្រាប់លក្ខខណ្ឌនៃការចូលរួមជាប្រតិភូជំរំ បេក្ខជនទាំងពីរភេទត្រូវមានអាយុចន្លោះពី ១៨-២៥ឆ្នាំ និងមានសុខភាពល្អ, ត្រូវបំពេញពាក្យស្នើសុំចូលរួមកម្មវិធីតាមរយៈតំណភ្ជាប់ (link), មានពេលវេលាគ្រប់គ្រាន់ចូលរួមវគ្គតម្រង់ទិស និងវគ្គបណ្ដុះបណ្ដាលដែលរៀបចំដោយគណៈកម្មការ។ លើសពីនេះ មិនធ្លាប់ចូលរួមកម្មវិធីនេះពីមុនមក និងអនុវត្តតាមសេចក្ដីណែនាំ និងមានទំនួលខុសត្រូវខ្ពស់។ សម្រាប់យុវជនតាមខេត្ត ត្រូវបានលើកទឹកចិត្ត។
បេក្ខជនដែលចាប់អារម្មណ៍ចង់ចូលរួមក្នុងកម្មវិធីជំរំយុវជនជាសាកលលើកទី៩ អាចចុះឈ្មោះចូលរួមធ្វើជាយុវជនស្ម័គ្រចិត្តតាមតំណភ្ជាប់ bit.ly/3O3Ldm1 និងចុះឈ្មោះចូលរួមធ្វើជាប្រតិភូយុវជនតាមតំណភ្ជាប់ bit.ly/43VbYyO ចាប់ពីថ្ងៃនេះ រហូតដល់ផុតកំណត់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣៕
































