រាជធានីភ្នំពេញ — ក្នុងឱកាសទិវាអន្តរជាតិហ្វ្រង់កូហ្វូនី (ប្រទេសនិយាយភាសាបារាំង, La Francophonie) ដែលបានប្រារព្ធឡើងនៅថ្ងៃទី២០ ខែមីនា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងសម្ព័ន្ធភាពបារាំង ខេត្តសៀមរាប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូមួយ ដែលមានគោលបំណងគាំទ្រកម្មវិធីអប់រំ និងវប្បធម៌ ដែលគាំទ្រដល់ការលើកកម្ពស់ភាសាបារាំងនៅតាមសាលារៀនសាធារណៈក្នុងខេត្តសៀមរាប។
កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយលោក Thierry Tea អនុប្រធាន ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងលោក Xavier Caillaud នាយកសម្ព័ន្ធភាពបារាំង ខេត្តសៀមរាប គឺជាការចាប់ផ្តើម នៃកិច្ចសហការរយៈពេលបីឆ្នាំ ដែលមានគោលបំណងលើកទឹកចិត្តដល់ការរៀនភាសាបារាំងតាមរយៈគំនិតផ្តួចផ្តើមសិល្បៈ និងគរុកោសល្យ ដែលផ្តោតលើសិស្សវ័យក្មេង។ ក្នុងនាមជាផ្នែកមួយ នៃភាពជាដៃគូនេះ សមាជិកដែលត្រូវបានកំណត់ពី OCIC ក៏នឹងចូលរួមចំណែកដល់ការពិភាក្សារបស់គណៈកម្មាធិការដឹកនាំ នៃសម្ព័ន្ធភាពបារាំងសៀមរាបផងដែរ។

គម្រោងសាកល្បង នៃកិច្ចសហការនេះ គឺ ល្ខោនអូប៉េរ៉ាកុមារ «មិត្តស្មោះត្រង់» (The Faithful Friend) ដែលបម្រើជាចំណុចចាប់ផ្តើមសម្រាប់កម្មវិធីមួយដែលរួមបញ្ចូលគ្នានូវការបង្កើតវប្បធម៌ ការបណ្តុះបណ្តាលគរុកោសល្យ និងសកម្មភាពអប់រំដែលផ្តោតលើភាសាបារាំង។ សាលាដៃគូពីរកំពុងចូលរួមក្នុងគម្រោងនេះ រួមមាន សាលាបឋមសិក្សាវត្តបូព៌ និងវិទ្យាល័យអន្តរជាតិបារាំង នរោត្តម មុនីនាថ សីហនុ ដែលក៏ជាការផ្លាស់ប្តូរវប្បធម៌រវាងសិស្សកម្ពុជា និងបារាំង។
ហ្វ្រង់កូហ្វូនី បានក្លាយជាកន្លែងពិសេសមួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលបានធ្វើជាម្ចាស់ផ្ទះ និងគាំទ្រគំនិតផ្តួចផ្តើមហ្វ្រង់កូហ្វូនីជាច្រើននៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមគំនិតផ្តួចផ្តើមទាំងនេះ គឺសាលាអន្តរជាតិបារាំង ភ្នំពេញ (École Française Internationale de Phnom Penh) ក៏ដូចជាកិច្ចសហការវប្បធម៌ និងអប់រំផ្សេងៗជាមួយស្ថាប័នភាសាបារាំង។ ក្រុមហ៊ុនមួយនេះក៏មានបុគ្គលិកនិយាយភាសាបារាំងប្រហែល ៥០ នាក់ធ្វើការនៅក្នុងពហុវិស័យក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។
ចាប់តាំងពីឆ្នាំ២០១៨ មក សម្ព័ន្ធភាពបារាំង ខេត្តសៀមរាប បានខិតខំប្រឹងប្រែងលើកកម្ពស់ភាសាបារាំង និងវប្បធម៌បារាំង។ ការផ្តល់ជូនផ្នែកអប់រំរបស់ខ្លួន រួមផ្សំជាមួយនឹងកម្មវិធីវប្បធម៌ដ៏រស់រវើក លើកទឹកចិត្តដល់ការសន្ទនាអន្តរវប្បធម៌។

តាមរយៈភាពជាដៃគូជាមួយសម្ព័ន្ធភាពបារាំង ខេត្តសៀមរាបនេះ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បញ្ជាក់ជាថ្មីអំពីចំណងរបស់ខ្លួនចំពោះតម្លៃ នៃភាសាបារាំង – ការអប់រំ ភាពចម្រុះវប្បធម៌ និងការចែករំលែកចំណេះដឹង ក៏ដូចជាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រគំនិតផ្តួចផ្តើមដែលរួមចំណែកដល់ការស្វាគមន៏អន្តរជាតិ និងការអភិវឌ្ឍយុវជនកម្ពុជាជំនាន់ក្រោយ៕



























