កម្មវិធីសាលារៀនជំនាន់ថ្មី (New Generation School–NGS) នៃវិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រះយុគន្ធ និងវិទ្យាល័យបឹងត្របែក បានបញ្ជាក់ថា ការចូលរួមថវិកាភាគទានប្រចាំឆ្នាំពីមាតាបិតា និងអាណាព្យាបាលសិស្ស គឺធ្វើឡើងដោយស្ម័គ្រចិត្ត មិនមែនជាការដាក់កំហិត ឬជាថ្លៃសិក្សាបង្ខំនោះទេ ប៉ុន្តែជាការរួមចំណែកដើម្បីគាំទ្រនិរន្តរភាពនៃកម្មវិធីសាលារៀនជំនាន់ថ្មី។
ការបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីមានការយល់ច្រឡំពីសំណាក់មាតាបិតា អាណាព្យាបាល និងសាធារណជនមួយចំនួនថា ការចូលរួមថវិកាចំនួន ៤៨១ដុល្លារអាមេរិកក្នុងមួយឆ្នាំសិក្សា ជាកាតព្វកិច្ច។ ទោះជាយ៉ាងណា សាលាបានបញ្ជាក់ថា ចំនួននេះគ្រាន់តែជាការប៉ាន់ប្រមាណចំណាយជាមធ្យមក្នុងសិស្សម្នាក់ សម្រាប់ដំណើរការកម្មវិធីប៉ុណ្ណោះ មិនមែនជាចំនួនដែលមាតាបិតាត្រូវបង់ជាកាតព្វកិច្ចឡើយ។
សាលាក៏បានបញ្ជាក់ដែរថា អាណាព្យាបាលដែលមានលទ្ធភាពតិច នៅតែអាចឱ្យកូនចូលរៀនបាន ខណៈអាណាព្យាបាលខ្លះទៀតបានស្ម័គ្រចិត្តចូលរួមលើសពីចំនួនប៉ាន់ប្រមាណ ដើម្បីគាំទ្រការអភិវឌ្ឍសាលា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីសាលារៀនជំនាន់ថ្មី ការរួមចំណែកពីមាតាបិតា និងអាណាព្យាបាល មិនកំណត់ចំនួនថវិកា និងមិនមែនជាកាតព្វកិច្ចឡើយ។ មូលនិធិដែលទទួលបាន នឹងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មការគ្រប់គ្រងសាលា ដោយអនុវត្តតាមគោលការណ៍តម្លាភាព និងគណនេយ្យភាព ដើម្បីធានាថា សិស្សគ្រប់រូបអាចទទួលបានសេវាអប់រំប្រកបដោយគុណភាពដូចគ្នា។
ក្នុងឆ្នាំសិក្សា២០២៥-២០២៦ សិស្សសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ចំនួន១៤១នាក់ បានចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដោយដណ្តើមបានមេដាយ និងពានរង្វាន់សរុប៧៣៧គ្រឿង។ លើសពីនេះ សិស្សចំនួន៣៨នាក់ បានទទួលអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក។

បើតាមសេចក្តីប្រកាស ថវិកាដែលប្រមូលបាន នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការលើកទឹកចិត្តបុគ្គលិកបង្រៀន ការផ្គត់ផ្គង់សម្ភារៈបង្រៀន និងពិសោធន៍ ការថែទាំប្រព័ន្ធគ្រប់គ្រងឌីជីថល ការគាំទ្រសិស្សមានតម្រូវការពិសេស សន្តិសុខសាលា សម្ភារៈសង្គ្រោះបឋម ថ្លៃភ្លើង ទឹក និងការជួសជុលសម្ភារៈផ្សេងៗ។
កម្មវិធីសាលារៀនជំនាន់ថ្មីបានបញ្ជាក់ថា ការអភិវឌ្ឍការអប់រំប្រកបដោយនិរន្តរភាព ទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមាតាបិតា និងអាណាព្យាបាល ដើម្បីរក្សា និងលើកកម្ពស់គុណភាពអប់រំរបស់សាលារៀន។
លោកស្រី ជិន ដា អាណាព្យាបាលសិស្សម្នាក់ដែលមានកូនកំពុងសិក្សានៅសាលារៀនជំនាន់ថ្មី បានឱ្យដឹងថា លោកស្រីស្ម័គ្រចិត្តចូលរួមថវិកាគាំទ្រសាលា ព្រោះមើលឃើញការប្រែប្រួលជាវិជ្ជមានរបស់កូន ទាំងផ្នែកបុគ្គលិកលក្ខណៈ វិន័យ និងលទ្ធផលសិក្សា បន្ទាប់ពីបានចូលរៀនក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី។
សូមជម្រាបថា កម្មវិធីសាលារៀនជំនាន់ថ្មី ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ជាផ្នែកមួយនៃកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ។ កម្មវិធីនេះអនុវត្តការអប់រំបែប STEM ដោយផ្តោតលើការសិក្សាផ្សារភ្ជាប់នឹងការស្រាវជ្រាវ ការអនុវត្តជាក់ស្តែង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍជំនាញសិស្សឱ្យស្របតាមតម្រូវការនៃសតវត្សទី២១៕











































































