ក្រសួងអប់រំ យុវជន និងកីឡា បានបន្តកំណត់សាលាគោលដៅចំនួន៣៦៦ ដើម្បីវាយតម្លៃជាប់ស្តង់ដាសាលាគំរូចំនួន ១៣០សាលារៀនថែមទៀត សម្រាប់សន្និបាតអប់រំ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។ ក្នុងនោះ សាលាមត្តេយ្យសិក្សាចំនួន៣៩, សាលាបឋមសិក្សាចំនួន ១៧៥ និងសាលាមធ្យមសិក្សាចំនួន ១៥២។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា ក្នុងគោលដៅគាំទ្រការអនុវត្តស្តង់ដាសាលាគំរូទាំងបីកម្រិត ក្រសួងបានចេញសេចក្តីណែនាំស្តីពីការអនុវត្តស្តង់ដាសាលារៀនគំរូ, ប្រកាសស្តីពីការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ, បង្កើតគណៈកម្មការដឹកនាំ និងគណៈកម្មការបច្ចេកទេសអនុវត្តស្តង់ដាសាលារៀនគំរូទាំងបីកម្រិត, ក្រុមការងារចុះជួយគាំទ្រតាមតំបន់ទាំង៥ ដែលមានសមាសភាពចម្រុះពីថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត គ្រូប្រឹក្សាគរុកោសល្យ គ្រូឧទ្ទេស នាយកល្អ គ្រូបង្រៀនល្អ ព្រមទាំងអ្នកឯកទេសនានា។ ក្រសួងក៏បានអភិវឌ្ឍឯកសារ និងឧបករណ៍គាំទ្រនានាក្នុងការអនុវត្តសាលាគំរូ ដើម្បីផ្តល់ជូនសាលារៀន និងអ្នកពាក់ព័ន្ធតាមគ្រប់ទិដ្ឋភាពផងដែរ។
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងកំពុងពិនិត្យវាយតម្លៃគ្រឹះស្ថានសាធារណៈកម្រិតមត្តេយសិក្សា បឋមសិក្សា និងមធ្យមសិក្សា ដោយផ្តោតលើស្តង់ដាសាលាមត្តេយ្យសិក្សាគំរូ, ស្តង់ដាសាលាបឋមសិក្សាគំរូ និងស្តង់ដាសាលាមធ្យសិក្សាគំរូ។ លោកជំទាវបន្តថា ទិសដៅសំខាន់នៃការរៀបចំស្តង់ដានេះ គឺដើម្បីជំរុញឱ្យគុណភាពអប់រំឱ្យមានភាពប្រសើរឡើង ពិសេសលទ្ធផលសិក្សារបស់សិស្សានុសិស្សមានភាពប្រសើរឡើង។ ហើយបច្ចុប្បន្ន ក្រសួងបានបង្កើតក្រុមការងារបច្ចេកទេសគាំទ្រគ្រប់ផ្នែក និងសហការជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យសាលាទាំងអស់បង្កើនគុណភាពនៃការអប់រំ។
ជាមួយគ្នានេះ ក្រសួងអប់រំ បាននិងកំពុងអនុវត្តស្តង់ដាសាលារៀនគំរូ ដោយជំរុញលើកទឹកចិត្ត និងគាំទ្រដល់សាលានៅតំបន់ឆ្ងាយៗ ដែលមានការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវស្តង់ដាសាលារៀនគំរូចំនួន ៥ រួមមាន ស្តង់ដាទី១. លទ្ធផលសិក្សារបស់សិស្ស, ស្តង់ដាទី២. ការបង្រៀននិងរៀន, ស្តង់ដាទី៣. ការចូលរួមរបស់សហគមន៍, ស្តង់ដាទី៤. ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និងស្តង់ដាទី៥. គណនេយ្យភាពរបស់សាលារៀន។
សាលាបឋមសិក្សាស្វាយជ្រំ ស្ថិតក្នុងខេត្តស្វាយរៀង គឺជាសាលារៀនដែលបានជាប់ជ័យលាភីលេខ១ ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ កាលពីឆ្នាំ២០២៣។ លោក ចាន់ សំអន នាយកសាលាបឋមសិក្សាស្វាយជ្រំ មានប្រសាសន៍ថា ឆន្ទៈធ្វើជាអ្នកដឹកនាំសាលារៀនឱ្យមានការផ្លាស់ប្ដូរ គឺជាការតាំងចិត្ត និងជាផ្នត់គំនិតពីដំបូងរបស់សាលាចង់សម្រេចឱ្យបាន។
“នៅពេលដែលខ្ញុំធ្វើជាគ្រូបង្រៀន ខ្ញុំត្រូវតែធ្វើជាគ្រូបង្រៀនល្អម្នាក់ ហើយនៅពេលដែលខ្ញុំបានក្លាយជានាយកសាលា ក៏ខ្ញុំត្រូវតែធ្វើជានាយកសាលាល្អម្នាក់ផងដែរ”



នាយកសាលាបឋមសិក្សាស្វាយជ្រំ បន្ថែមថា នៅពេលចាប់ផ្ដើមធ្វើកិច្ចការដឹកនាំសាលារៀនឱ្យមានការកែប្រែល្អប្រសើរ ក៏មានការគាំទ្រពីរាជរដ្ឋាភិបាល ក្រសួងអប់រំ ឱ្យមានការប្រឡងប្រជែងជាសាលារៀនស្អាត, សាលាមេត្រីបរិស្ថាន, ប្រឡងនាយកសាលាល្អ និងជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ។ លោក ចាន់ សំអន បន្តថា ការដែលថ្នាក់ដឹកនាំសាលាបានគិតទុកជាមុន និងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលទៅលើវិស័យអប់រំ ធ្វើឱ្យសាលារបស់លោកបានផ្លាស់ប្ដូរមុខមាត់ ក៏ដូចជាបានចូលរួមប្រកួតប្រជែងរហូតទទួលបានជោគជ័យ។
គួរជំរាបជូនថា កាលពីឆ្នាំមុន ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការវាយតម្លៃ និងទទួលស្គាល់សាលាគំរូចំនួន ១២០ ក្នុងនោះមត្តេយ្យសិក្សាចំនួន១០, បឋមសិក្សាចំនួន ៤០, អនុវិទ្យាល័យចំនួន ១៥ និងវិទ្យាល័យ ៥៥៕
































